តើអ្នកដែលតែងតែដើរសុំទានគេឯងតាមទីសាធារណៈ ជនដែលគ្មានទីជម្រក មានក្ដីរំពឹង និងការយល់ឃើញយ៉ាងណាដែរអំពីការបោះឆ្នោតអាណត្តិនេះ? តើរដ្ឋាភិបាលក្នុងអាណត្តិថ្មីនេះ អាចកាត់បន្ថយភាពក្រីក្រតាមអ្វីដែលបានអះអាងក្នុងគោលនយោបាយរបស់ខ្លួនកម្រិតណា?
នៅតាមដងវិថីនានានៅក្នុងរាជធានីភ្នំពេញ ទោះថ្ងៃក្តី យប់ក្តី បើយើងក្រឡេកមើល និងចាប់អារម្មណ៍ទៅលើទិដ្ឋភាពផ្សេងក្រៅអំពីភ្លើងពណ៌ស្រស់ឆើតឆាយនោះ យើងនឹងឃើញស្ថានភាពជនអនាថាគ្មានផ្ទះសម្បែង សម្រាកតាមទីសាធារណៈ ដើរសុំទានដើម្បីរស់។ ជនទាំងនោះត្រូវបានគេអោយតម្លៃទាប ពោលគឺអ្នកដែលស្ថិតក្នុងជីវភាពតោកយ៉ាក និងមិនសូវបានការយកចិត្តទុកដាក់ពីមជ្ឈដ្ឋានមនុស្សទូទៅនោះទេ។ សំឡេងរបស់គេមិនសូវឮខ្លាំង មិនមានប្រសិទ្ធភាពក្នុងការធ្វើអោយអ្នកដទៃយកចិត្តទុកដាក់ ក្រៅតែពីការដាក់ទានបន្តិចបន្តួចស្ដួចស្តើង ដើម្បីរស់បន្តជីវិតទៅមុខដោយត្រដរនោះទេ។
«សំឡេងស្គរ និងសម្រែកសុំទាន»
ស្ថិតក្នុងភាពពិការភ្នែកទាំងសងខាង មាត់ស្រែកសុំទាន និងដៃកាន់ឈើមួយភ្ជាប់ទៅនឹងក្លៀក កុមារាតូចម្នាក់អាយុប្រមាណ ៧ឆ្នាំ ដែលកំពុងដើរគោះស្គរជាចង្វាក់ភ្លេង នាំផ្លូវស្ត្រីពិការភ្នែកអាយុប្រមាណ ៥០ឆ្នាំជាង លោកស្រី ម៉ីផា បានអោយដឹងថា គាត់បានដើរសុំទានគេជាង ៣ឆ្នាំហើយ ដោយសារតែជីវភាពក្រលំបាកតោកយ៉ាកពេក និងស្ថានភាពពិការរបស់គាត់ទៀត គឺគ្មានរំពឹងអ្វីក្រៅតែពីដើរសុំទានគេឯងនោះទេ៖ «ខ្ញុំចេះតែដើរសុំបងប្អូនមួយរយពីររយទៅ ចេះតែយកចិញ្ចឹមជីវិតទៅ ទិញថ្នាំពេទ្យអ៊ីចឹងទៅ ស្លៀកសម្លៀកបំពាក់ បាយហូបអ៊ីចឹងទៅណា»។
ក្រៅពីនោះ ក្តីរំពឹងរបស់គាត់ និងអ្វីដែលគាត់ធ្លាប់ឮតាមមេក្រូពេលដង្ហែឃោសនាបោះឆ្នោតពីការកាត់បន្ថយភាពក្រីក្រ គាត់រំពឹងថា នឹងមានអ្នកជួយសង្គ្រោះអាចអោយគាត់រស់បានស្រួលជាងនេះ៖ «ខ្ញុំពឹងលើថា អង្គការណា គណបក្សណាដែលជួយខ្ញុំបានរស់ផង មានផ្ទះសម្បែងមានកន្លែងនៅផង ធ្វើយ៉ាងម៉េច ខ្ញុំអត់មានកូនចៅអត់មានប្ដីសីអីទេ មានតែម្នាក់ឯងគត់»។
ស្ថិតក្នុងវ័យប្រមាណ ៦០ឆ្នាំជាង ស្ត្រីចំណាស់ម្នាក់ទៀត ដោយសារជីវភាពតោកយ៉ាកពេក បានដាច់ចិត្តធ្វើចំណាកស្រុកពីខេត្តកំពង់ស្ពឺ លោកស្រី គីម យ៉ែម បានរៀបរាប់ពីដំណើរជីវិតនៃការសុំទានគេទាំងថ្ងៃ ទាំងយប់ ដើម្បីរស់អស់រយៈពេល ១០ឆ្នាំ ហើយនៅរាជធានីភ្នំពេញ៖ «ខ្ញុំពេលយប់ស្នាក់នៅសម្រាន្តតែបន្តិចៗហ្នឹង អត់សូវបានសម្រាន្តផង អាឡែងដើរដល់យប់។ ខ្ញុំដើរតាមហាងតាមអីហ្នឹង ម៉ោង១០ ម៉ោង១១ អីហ្នឹងសម្រាន្តម៉ោង១២ ម៉ោង១ ងើបទៀតអ៊ីចឹងទៅ។ ខ្ញុំដើរសុំនៅអូរឫស្សី ទៅម្តុំហាងខាងកើតអូរឫស្សី នៅសុរិយាម៉លអ៊ីចឹងទៅ បបរសកន្លែងខាងលិចបេនសុរិយាអ៊ីចឹងទៅ ចូលសម្រាន្តទៀតទៅ»។
គាត់បានបន្ថែមទៀតថា គាត់ធ្លាប់បានបោះឆ្នោតម្តងជាពីរដងដែរ តែមិនបានគិតវែងឆ្ងាយទេ ដោយបានទទួលនូវអំណោយតិចតួច តែមិនអាចជួយអោយជីវភាពប្រសើរនោះទេ៖ «ខ្ញុំបោះយកតែប្រាក់តែអាណត្តិនេះ ខ្ញុំគិតថាដូរហើយ។ ហើយក្នុងអាណត្តិនេះ បើដូរបែបដូរតែខ្ញុំទេ បើកូនចៅបែបមិនប្ដូរទេ ប្រាប់ត្រង់ហ្មង»។
បែរមកកាន់បុរសពិការជើងក្នុងវ័យ ៤០ផ្លាញឆ្នាំ លោក ប៊ុន ធឿន ដែលតែងតែដើរសុំទាននៅផ្តុំគុកទួលស្លែង ឯណោះ បានរៀបរាប់ថា តាំងពីបែកសង្គ្រាមមក មិនអាចធ្វើការអ្វីកើតឡើយ ក្រៅតែពីការសុំទានដើម្បីរស់មួយចំអែត។ ថ្វីត្បិតតែពិការជើងក្តី តែឆន្ទៈ និងទស្សនៈរបស់គាត់នៅអាចដំណើរការបានប្រក្រតី គាត់មានការយល់ឃើញ និងពេលខ្លះហាក់ដូចជាហត់នឿយបន្តិចក្នុងការទន្ទឹងរង់ចាំអនាគតថ្មី ក្នុងជីវភាពប្រសើរជាងនេះបន្តិច ទៅតាមអ្វីដូចដែលជាគោលការណ៍នយោបាយបានលើកឡើង។ ក្តីរំពឹងរបស់អ្នកទន់ទាបរូបនោះ ក៏មិនសូវខុសគ្នាពីអ្នកទន់ទាបដទៃទៀតដែរ។
លោក ប៊ុន ធឿន៖ «រំពឹងថាអោយគាត់ដោះស្រាយជនពិការ ចាស់ទុំ ជនក្រីក្រហ្នឹង ដំណោះស្រាយតាមជនបទហ្នឹង អោយគាត់ចុះឃើញផ្ទាល់ៗហ្មង បើចុះទៅឃើញផ្ទាល់ហ្នឹង បានគាត់ដឹង តែបើគាត់នៅលើ ហើយពឹងអោយតែថ្នាក់ក្រោមចុះចាត់ចែងហ្នឹង គាត់អត់ដឹងអីទេ គាត់អត់ដឹងថា ប្រជាជនលំបាកយ៉ាងម៉េចអីយ៉ាងម៉េចនោះទេ។ រដ្ឋាភិបាលថ្មី បើសិនជាគាត់ជាប់ឆ្នោត មិនដឹងថាគាត់ដោះស្រាយយ៉ាងម៉េចទេអោយប្រជាជនក្រីក្រស្រួលនោះទេ ខ្ញុំអាចសង្ឃឹមដែរមើលទៅ បើសិនជាគាត់និយាយដូចពាក្យដែលគាត់និយាយពីមុនមកអ៊ីចឹង»។
នៅក្នុងការស្រពិចស្រពិល និងការគិតទុករបស់គាត់អំពីគណបក្សដែលនឹងឈ្នះក្នុងការបោះឆ្នោតនីតិកាលទី៥ នេះថា ប្រហែលជាគណបក្សប្រឆាំងដែលដឹកនាំដោយលោក សម រង្ស៊ី ឈ្នះហើយមើលទៅ៖ «ប្រហែលជាគណបក្ស សម រង្ស៊ី ហើយតាមមើលទៅ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអះអាងថា អត្រាភាពក្រីក្របានថយចុះគួរឲ្យកត់សម្គាល់ ដោយអ្នកក្រមានប្រមាណជាង ២០% នាពេលបច្ចុប្បន្ន ដោយសារតែកម្ពុជា មានកំណើនសេដ្ឋកិច្ចខ្ពស់ ទន្ទឹមនឹងរដ្ឋាភិបាលរំពឹងថានឹងកាត់បន្ថយអត្រាភាពក្រីក្រឲ្យបានយ៉ាងហោចណាស់ ១% ក្នុងមួយឆ្នាំផងដែរ។
ផ្ទុយទៅវិញ ការអះអាងនេះ ស្ថាប័នស្រាវជ្រាវមួយចំនួនបានរកឃើញថា អត្រាភាពក្រីក្របានកើនឡើង ជាពិសេស ក្រោយពេលមានវិបត្តិសេដ្ឋកិច្ចសកលជះឥទ្ធិពលដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ។
នៅប្រទេសកម្ពុជា មានការសិក្សាជាច្រើនអំពីភាពក្រីក្រនៅកម្ពុជា បណ្ដាលមកពីវិបត្តិសេដ្ឋកិច្ចសកល ប៉ុន្តែមិនបានបញ្ជាក់ច្បាស់លាស់នោះទេ។ ការសិក្សានោះ គ្រាន់តែរាយការណ៍ថា អត្រាភាពក្រីក្រមានការកើនឡើង បើធៀបទៅនឹងមុនពេលកើតមានវិបត្តិសេដ្ឋកិច្ចសកល។ ទោះជាយ៉ាងណាក៏ដោយ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា បានបង្ហាញថា នៅប្រទេសកម្ពុជា មានប្រជាជនប្រមាណ ៦លាននាក់ ដោយផ្នែកលើនិយមន័យ ៥ពាន់រៀល ក្នុងមួយថ្ងៃ។
ប្រជាពលរដ្ឋទូទៅ ជាពិសេសប្រជាពលរដ្ឋដែលស្ថិតនៅក្រោមខ្សែបន្ទាត់នៃភាពក្រីក្រ កំពុងរំពឹង និងចាំមើលថា តើរដ្ឋាភិបាលអាណត្តិថ្មីដែលនឹងជាប់ឆ្នោតនីតិកាលទី៥ នេះ ដោះស្រាយយ៉ាងណាដើម្បីកាត់បន្ថយភាពក្រីក្រក្នុងប្រទេសកម្ពុជា៕
_________________________
ប្រភព៖ អាស៊ីសេរី
សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
