ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដឹក​នាំ​ដោយ លោក ជា មុនី បាន​ជួប​ប្រជុំ​ជាមួយ​មេ​ដឹកនាំ​សហជីព​ដែល​មក​ពី​បណ្ដា​រោងចក្រ និង​សហគ្រាស​ចំនួន​៣៧ នៅ​ទីស្នាក់ការ​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី១៤ ខែ​កក្កដា នេះ ដើម្បី​ពិភាក្សា និង​សម្រេច​បោះឆ្នោត​គាំទ្រ​គណបក្ស​ណា​មួយ​ដែល​មាន​គោល​នយោបាយ​ច្បាស់លាស់​ទាក់ទង​នឹង​ការ​ដំឡើង​ប្រាក់​ខែ​ជូន​កម្មករ​កម្មការិនី។
មេ​ដឹកនាំ​សហជីព​ដែល​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​នេះ មាន ៧៩​រូប ដែល​មក​ពី​ខេត្ត​កណ្ដាល កំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ចាម រួម​នឹង​រាជធានី​ភ្នំពេញ។
គោល​បំណង​នៃ​កិច្ច​ប្រជុំ​នេះ ផ្ដោត​លើ​បី​ចំណុច​សំខាន់ៗ មាន ការ​បូក​សរុប​ថវិកា​ឆមាស​ទី១ នៃ​ដើម​ឆ្នាំ​២០១៣ ការ​អំពាវនាវ​អោយ​កម្មករ​ចូលរួម​ការ​បោះឆ្នោត​ដែល​ស្រប​ទៅ​តាម​ការ​ជូន​ដំណឹង​របស់​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ និង​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត ហើយ​និង​គោល​ជំហរ​របស់​ប្រធាន​សហជីព និង​កម្មករ​កម្មការិនី​ដែល​ត្រូវ​សម្រេច​ថា គួរ​បោះឆ្នោត​គាំទ្រ​គណបក្ស​នយោបាយ​ណា​មួយ។
បន្ទាប់​ពី​ការ​ស្ទង់​មតិ​តាម​រយៈ​បោះឆ្នោត​ដែល​ផ្ដោត​សំខាន់​លើ​គោល​នយោបាយ រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ លទ្ធផល​បង្ហាញ​ថា អ្នក​បោះឆ្នោត​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ មាន ៧៦​សំឡេង ចំណែក​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន ៣​សំឡេង។
ទាក់ទង​នឹង​លទ្ធផល​នេះ ត្រូវ​បាន លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​លើក​ឡើង​ថា ហេតុផល​ដែល​ក្រុម​មេ​ដឹកនាំ​សហជីព​កម្មករ​បោះឆ្នោត​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ពីព្រោះ​ពួក​គាត់​មើល​ឃើញ​ថា គណបក្ស​សង្គ្រោះ​ជាតិ មាន​គោល​នយោបាយ​មួយ​ក្នុង​ចំណោម​គោល​នយោបាយ​ទាំង​ប្រាំពីរ​ចំណុច ដែល​អាច​ផ្ដល់​ប្រាក់​បៀវត្ស​សមរម្យ​ជូន​កម្មករ​កម្មការិនី។
លោក ជា មុនី បាន​អោយ​ដឹង​ថា កម្មករ​កម្មការិនី​ដែល​កំពុង​បម្រើ​ការងារ​ក្នុង​វិស័យ​កាត់​ដេរ និង​ស្បែក​ជើង​មាន​ប្រមាណ​ជាង ៦០​ម៉ឺន​នាក់។ ដោយ​ឡែក សមាជិក​របស់​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ចំនួន​ជាង ១០​ម៉ឺន​នាក់៖ «គឺ​គេ​សម្រេច​ហើយ​ថា​នឹង​បោះឆ្នោត​អោយ​គណបក្ស​សង្គ្រោះ​ជាតិ ពីព្រោះ​កម្មករ​ចង់​បាន​ប្រាក់​បៀវត្ស​មួយ​សមរម្យ ហើយ​និង​លក្ខខណ្ឌ​ការងារ​ល្អ ហើយ​ទី២ គាត់​បាន​ដឹង​ថា គណបក្ស​សង្គ្រោះ​ជាតិ កើត​ចេញ​ពី​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស ហើយ​គណបក្ស សម រង្ស៊ី ហ្នឹង​ឯង គឺ​លោក សម រង្ស៊ី គាត់​បាន​ជួយ​កម្មករ​កម្មការិនី​តាំង​ពី​ឆ្នាំ​១៩៩៧ មក​ម្ល៉េះ ដូច្នេះ​អា​ហ្នឹង​គឺ​ជា​គ្រឹះ​ដែល​ធ្វើ​អោយ​កម្មករ​កម្មការិនី​មាន​ផ្នត់​គំនិត ហើយ​ស្រឡាញ់​គណបក្ស​សង្គ្រោះ​ជាតិ ហ្នឹង មក​ដល់​បច្ចុប្បន្ន​ហ្នឹង»
ស្រប​ពេល​គ្នា​នេះ លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា និង​លោក សោម អូន ប្រធាន​ក្រុម​ប្រឹក្សា​សហជីព​ជាតិ​កម្ពុជា បាន​ដឹកនាំ​កម្មករ​កាត់​ដេរ និង​បុគ្គលិក​ជាង ១​ម៉ឺន​នាក់ មក​ពី​សហព័ន្ធ​ចំនួន​៦៤ បាន​ប្រមូល​ផ្ដុំ​ជួបជុំ​គ្នា​នៅ​មជ្ឈមណ្ឌល​កោះពេជ្រ ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​ឃោសនា​រក​សំឡេង​ឆ្នោត​អោយ​គណបក្ស​ប្រជាជន​កម្ពុជា៕
ប្រភព៖ អាស៊ីសេរី


សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រ​តី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
 
Top