ភ្នំពេញ ៖ អ្នកបើកម៉ូតូកង់បីម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ខណៈបានជួប គ្រោះថ្នាក់ចរាចរ រវៀងម៉ូតូ និងរ៉ឺម៉កកង់បី កាលពីវេលាម៉ោង ៣ និង៥០ នាទីរសៀល ថ្ងៃទី ១៤ កក្កដា ២០១៣ នៅចំណុចខាងមុខអេស៊ីលីដា ផ្លូវព្រះមុនីវង្ស កែងផ្លូវលេខ៨៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។
នគរបាលប៉ុស្តិ៍វត្តភ្នំ បានឲ្យដឹងថា ជនរងគ្រោះជាម្ចាស់ម៉ូតូកង់បី ដែលបាត់បង់ជីវិតនោះ មានឈ្មោះ អឿង អាង អាយុ ៣៤ឆ្នាំ ស្នាក់នៅផ្ទះជួល នៅម្តុំស្ទឹងមានជ័យ មានស្រុកកំណើត នៅភូមិថ្កូវ ឃុំកញ្ចាំ ស្រុកពារាំង ខេត្តព្រៃវែង ។ នគរបាលបានបន្តថា មុនពេលកើតហេតុ រ៉ឺម៉កម៉ូតូកង់បី បើកតាមផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពី ត្បូងទៅជើង អត់មានដឹកភ្ញៀវ ខណៈមកដល់ចំណុចកើតហេតុ ក៏បានបុកចំពាក់កណ្តាលជាមួយម៉ូតូស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1O-0067 ជិះគ្នា២នាក់ បើកក្នុងទិសដៅពីកើតមកលិចតាមផ្លូវលេខ៨៨បណ្តាលឲ្យអ្នកបើករ៉ឺម៉កកង់បី បុក ធ្លាក់ ពីលើម៉ូតូ ស្លាប់ភ្លាមៗតែម្តង ចំណែកម៉ូតូខ្ទាតប្រហែលជាង១០ម៉ែត្រ ទៅជាប់ នឹងចិញ្ចើមផ្លូវ ។ ចំណែកអ្នកបើកម៉ូតូស្មាស់ រងរបួសទាំង២នាក់ រត់គេចខ្លួនម្នាក់ ឃាត់បានម្នាក់ ។
សាក្សីខ្លះបាននិយាយថា អ្នកបើកម៉ូតូស្មាស ពេលដែលឆ្លងផ្លូវព្រះមុនីវង្សនោះ មិនបានមើលទៅទិសខាងត្បូងនោះទេ គឺគេឆ្លង មកដោយល្បឿនលឿន ធ្វើឲ្យអ្នក បើករ៉ឺម៉ក ចាប់ហ្វ្រាំងមិនទាន់ក៏បុកពេញទំហឹង ហើយស្លាប់តែម្តងទៅ ។
បច្ចុប្បន្នម៉ូតូរ៉ឺម៉កកង់បី និងម៉ូតូស្មាស់ ត្រូវបាននគរបាល យកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ ផ្លូវគោក រងចាំដោះស្រាយគ្នា ជាក្រោយតាមផ្លូវច្បាប់ ៕
ប្រភព៖ ដើមអម្ពិល
សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !

