ភ្នំពេញអតីត​តារាចម្រៀង​កញ្ញា ពៅ បញ្ញា​ពេជ្រ ដែល​កំពុង​សម្រាក​ព្យាបាល​របួស  ដែល​រង​ពី​ការបាញ់ប្រហារ​នាពេល​ប៉ុន្មាន​ឆ្នាំមុន​នោះ​នៅ​ទីក្រុង​ភ្នំពេញ  បាន​ឆ្លើយឆ្លង​សម្តី​គ្នា​ជាមួយ​អតីត​តារាចម្រៀង កញ្ញា ទូច ស៊ុន​និ​ច ដែល​កំពុង​សម្រាក​ព្យាបាល​របួស​ពី​ការបាញ់ប្រហារ​ដូចគ្នា នៅក្រៅ​ប្រទេស​នោះ  បាន​ផ្ញើ​សារ​សួរសុខទុក្ខ​គ្នា​ទៅវិញទៅមក​តាមរយៈ បណ្តាញ​ទំនាក់ទំនង​សង្គម ហ្វេ​ស​ប៊ុ​ក កាលពីពេលថ្មីៗនេះ  ខណៈដែល​កញ្ញា ទូច ស្រី​និ​ច​បាន​ចូលរួម​រំលែក​ទុក្ខ ដោយ​ផ្ញើ​ប្រាក់​មួយចំនួន​ដល់​នាង (ពៅ បញ្ញា​ពេជ្រ) ហើយ កញ្ញា ពៅ បញ្ញា​ពេជ្រ ក៏បាន​ថ្លែងសេចក្តី​អរគុណ​យ៉ាង​ធំធេង​ចំពោះ​កញ្ញា ទូច ស៊ុន​និ​ច និង​លោក សុះ ម៉ាច ដែល​បានផ្តល់​ថវិកា​ដល់​នាង។
កាលពី​ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៣ កន្លងទៅនេះ អតីត​តារាចម្រៀង កញ្ញា ពៅ បញ្ញា​ពេជ្រ ដែល​កំពុង​សម្រាក​ព្យាបាល​របួស  ដែល​រង​ពី​ការបាញ់ប្រហារ​នាពេល​ប៉ុន្មាន​ឆ្នាំមុន​នោះ​នៅ​ទីក្រុង​ភ្នំពេញ  នាង​បាន​សរសេរ​សារ​អរគុណ​មួយ​ទៅដល់​បណ្តា​សប្បុរសជន​មួយចំនួន ដែល​បានផ្តល់​ថវិកា​ដល់​នាង ក្នុងន័យ​ជួយ​រំលែក​បន្ទុក ដែល​នាង​កំពុង​ខ្វះខាត​ក្នុងការ​ព្យាបាល​របួស​នៅ​គ្លីនិក​ឯកជន​មួយ​នៅ​ទីក្រុង​ភ្នំពេញ។ នៅក្នុង​សារ​លើ​ហ្វេ​ស​ប៊ុ​ក ពៅ បញ្ញា​ពេជ្រ នាង​បាន​ថ្លែង​អរគុណ​ដល់ក​ញ្ញា ទូច ស្រី​និ​ច ផងដែរ ដែល​បានផ្តល់​ថវិកា​មួយចំនួន​ដល់​នាង។
ខាងក្រោម​នេះ “ថ្មី” សូម​ចុះផ្សាយ​ពាក្យពេចន៍​ទាំងស្រុង​របស់ ពៅ បញ្ញា​ពេជ្រ ដែល​បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក របស់​នាង ដោយ​រក្សា​សំណៅ​ដើម​ដូចតទៅៈ “ថ្ងៃនេះ​នាង​ខ្ញុំ​សូម​អរគុណ​ដល់​ប​ប្រុស Sos Mach ដែរ​បានផ្តល់​ថវិការ​និង​បាន​នាំយក​នូវ​ថវិកា​របង​ស្រី Touch Sunnix មក​ជូន​ដល់​នាង​ខ្ញុំ ទោះបី​មាន​ចំនួន​តិចតួច​ក៏ពិតមែន តែ​នេះ ជា​ទឹកចិត្ត​ដែរ​មិនអាច​កាត់ថ្លៃ​បាន អ្វី​ដែរ​ជាការ​ជូនពរ របស់​ប្អូន សូមអោយ​បងស្រី​ឆាប់​ជា និង​ដើរ​បាន​វិញ។ ដោយ​ទ្បែ​ក នៅ​ថ្ងៃ ទី 08.07.2013 ក៏​សូម​អរគុណ​ព្រះ​គុណ​ព្រះ​តេជគុណ Reahul Komarដែល​លោក​មានចិត្ត​ជ្រះថ្លា បាន​បរិច្ចាក​ដល់​នាង​ខ្ញុំ 100$ នាង​ខ្ញុំ​សូម​អរ​ព្រះ​គុណ និង សុម​អរគុណ…។
លើសពីនេះ ពៅ បញ្ញា​ពេជ្រ និង ទូច ស៊ុន​និ​ច បាន​សរសេរ​ពាក្យ​អរគុណ និង​ជូនពរ​គ្នា​ទៅវិញទៅមក​ទៀតផង បញ្ជាក់​ពី​ការ​នឹករលឹក​រកគ្នា ខណៈដែល​ពួកគេ​ជា​ជនរងគ្រោះ​ក្នុង​អំពើ​ដ៏​អយុត្តិធម៌ នៅ​មិនទាន់បាន​រក​ការពិត​ឃើញ​នៅឡើយ​ដូចគ្នា។
គួ​រំលឹកថា ខណៈពេលដែល​កំពុងតែ​ទទួលបាន​ភាពល្បីល្បាញ​ជាច្រើន​ឆ្នាំជាប់ៗគ្នា​លើ​វិថី​តារា និង​កំពុង​លេចចេញ​នូវ​សម្រស់​កាន់តែ​ក្មេងខ្ចី​តារាចម្រៀង ពៅ បញ្ញា​ពេជ្រ ត្រូវបាន​ខ្មាន់កាំភ្លើង​មិន​ស្គាល់​អត្តសញ្ញាណ​បាញ់ប្រហារ​មកលើ​រូបនាង​យ៉ាង​សាហាវ​កាលពី​ថ្ងៃទី២៣ កុម្ភៈ ឆ្នាំ២០០៧ នៅវេលា​ម៉ោង៦ និង២០នាទី​ព្រឹក​នៅមុខ​សាលា​ភាសា​បរទេសមួយ ក្បែរ​របង​ក្រសួង​ឧស្សាហកម្ម​រ៉ែ និង​ថាមពល បណ្តាល​ឲ្យ​តារា​រូបនេះ​ទទួលរង​របួស​យ៉ាងធ្ងន់ធ្ងរ​និង​ត្រូវ​ក្រុមគ្រួសារ​បញ្ជូនទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម ចុងក្រោយ​បន្តទៅ​ប្រទេស​ថៃ​ហើយ​នៅពេលនេះ​នាង​បាន​វិល​មក​កម្ពុជា​វិញ៕
ប្រភពៈ ថ្មីៗ


សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រ​តី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
 
Top