ភ្នំពេញ ៖ បុរសម្នាក់ទើបនិងមកពីចូលរួមកម្មវិធីស្រវឹងស្រាបើករថយន្តឡិចស៊ីសបុកម៉ូតូពីគ្រឿងនៅលើផ្លូវខ្វែងអូសម៉ូតូជាង២០ម៉ែត្របណ្តាលឲ្យអ្នកជិះម៉ូតូពីនាក់រងរបួស។ គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង២២ និង ២០នាទីយប់ថ្ងៃទី១២ ខែកក្កដាឆ្នាំ ២០១៣ នៅចំណុចផ្លូវលេខ ៤៣២ កែងផ្លូវលេខ១៦៣ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន។
សាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូ២គ្រឿង ១គ្រឿងម៉ាកស្មាស់វី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1BB-6320 និងមួយគ្រឿងទៀតម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1O-0709 ធ្វើដំណើរតាមបណ្តោយផ្លូវ៤៣២ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចភ្លើងស្តុបទួលទំពូង កែងផ្លូវលេខ១៦៣ផ្លូវបែកជាបួនក៏ត្រូវរថយន្តឡិចស៊ីស470 ពណ៌ស១គ្រឿង ពាក់ស្លាកលេខភ្នំពេញ 2Q-5709 ធ្វើដំណើរពីជើងទៅត្បូងតាមផ្លូវលេខ១៦៣ បុកម៉ូតូទាំង ២គ្រឿងពីក្រោយយ៉ាងពេញទំហឹងបណ្តាលឲ្យអូសម៉ូតូវ៉េវជាង២០ម៉ែត្របណ្តាលឲ្យអ្នកជិះម៉ូតូទាំងពីរគ្រឿងរងរបួសត្រូវបានរថយន្តសាមុយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ចំណែករថយន្តឡិចស៊ីសបង្កមិនបានឈប់ទេបានព្យាយាមបើកគេចទាំងអូសម៉ូតូជាប់ពីក្រោមរហូតមកដល់ចំណុចជិតផ្សារទួលទំពូង ទើបមានរថយន្តហាយឡេនឌ័រ ពណ៌ខ្មៅ ១គ្រឿង បើកមកស្ទាក់មុខក៏ឃាត់បាន។
ក្រោយកើតហេតុរថយន្តបង្ក និង ម៉ូតូទាំង២គ្រឿង របស់ជនរងគ្រោះសមត្ថកិច្ចបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ខណ្ឌចំការមន។ សមត្ថកិច្ចបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលមកពីអ្នកបើកបររថយន្តឡិចស៊ីស ៤៧០ស្ថិតក្នុងស្ថានភាពស្រវឹងស្រាខ្លាំងហើយទំនងទើបនឹងចេញពីហូបការមើលតាមការស្លៀកពាក់។
ឌួងវិរះជ័យ
ប្រភព ៖ កម្ពុជាថ្មី
សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
