ភ្នំពេញ: ព្រះករុណា​ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេចព្រះ​វររាជ​មាតា​ជាតិខ្មែរ បាន​យាង​គោរព​វិញ្ញាណក្ខន្ធ​ចំពោះ​សព​អ្នកឧកញ៉ា​មហា​ភក្តី​សប្បុរិស​ភោ​គា​ធិបតី ហ៊ុន នាង ជា​បិតា​បង្កើត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នា​ព្រឹក​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៣ នៅ​ភូមិគ្រឹះ​សម្តេច​តេ​ជោ ហ៊ុន សែន នា​វិមានឯករាជ្យ​។​
ថ្ងៃទី​១៣ ខែ កក្កដា ២០១៣ ជា​ថ្ងៃទី ២ ហើយ​នៃ​ពិធី​បុណ្យសព​របស់​អ្នកឧកញ៉ា​មហា​ភក្តី​សប្បុរិស​ភោ​គា​ធិបតី ហ៊ុន នាង បិតា​បង្កើត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ពិធីបុណ្យ​ដ៏​មហោឡារិក​នា​ភូមិគ្រឹះ​សម្តេច​តេ​ជោ​សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន វិមានឯករាជ្យ​នា​ថ្ងៃនេះ ជា​ថ្ងៃ​រៀបចំ​សម្រាប់​កម្មវិធី​គោរព​វិញ្ញាណក្ខន្ធ​សព អ្នកឧកញ៉ា​មហា​ភក្តី​សប្បុរិស​ភោ​គា​ធិបតី ហ៊ុន នាង ទទួលមរណភាព កាលពី​វេលា​ម៉ោង​៤​និង​១០​នាទី​ទៀបភ្លឺ ថ្ងៃទី​១២ ខែកក្កដា ម្សិលមិញ​នេះ​ដោយ​ជរាពាធ 
ក្នុង​ជន្មាយុ ៩០ ឆ្នាំ​។

​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​ព្រះវររាជ​មាតា​ជាតិខ្មែរ បាន​យាង​ចូលរួម​សំដែង​នូវ​ស​មាណទុក្ខ​ជាមួយ​ក្រុមគ្រួសារ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​ទីនោះ​ក្រៅពី​សំដែង​នៅ​ស​មាណទុក្ខ​ចំពោះ​ក្រុមគ្រួសារ​សព​។ ព្រះមហាក្សត្រ និង សម្តេចម៉ែ បាន​ព្រ​ទាន ធូប ទៀន គោរព​វិញ្ញាណក្ខន្ធ​ចំពោះ​សព​អ្នកឧកញ៉ា​មហា​ភក្តី​សប្បុរិស​ភោ​គា​ធិបតី ហ៊ុន នាង​។​
នាឱកាស​នោះ​ព្រះមហាក្សត្រ និង សម្តេចម៉ែ បាន​សំដែង​នូវ​ព្រះទ័យ​សោកសៅ និង​ចូលរួម​សោកស្តាយ ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន និង ក្រុមគ្រួសារ ដែល​បាន​បាត់បង់​នៅ​បិតា ជីតា ជីតា​ទួត ជាទី​ស្រឡាញ់ និង ជាទីគោរព​។ ព្រះមហាក្សត្រ និង សម្តេចម៉ែ បាន​មាន​ព្រះបន្ទូល​ទៀតថា មរណភាព​នេះ គឺជា​ការបាត់បង់​បិតា ជីតា ជីតា​ទួត ដ៏​ល្អ ជាទី​ស្រលាញ់ និង​ជាទីគោរព​ដ៏​ជ្រាលជ្រៅ​ជាទីបំផុត​របស់​សម្តេច សម្តេច​កិ​ក្តិ​ព្រឹទ្ធ​បណ្ឌិត និង​បុត្រា បុត្រី ព្រមទាំង​ចៅប្រុស​ចៅស្រី​ទាំងអស់​។​    ​
​ព្រះមហាក្សត្រ និង សម្តេចម៉ែ បាន​បួងសួង​ឲ្យ​វិញ្ញាណក្ខន្ធ​របស់​អ្នកឧកញ៉ា​មហា​ភក្តី​សប្បុរិស​ភោ​គា​ធិបតី បាន​ទៅ​សោយសុខ​ក្នុង​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​    ​    ​    ​
​នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ គឺ​បានចាប់ផ្តើម​តាំងពី​ម៉ោង ៧ ព្រឹក​ដោយមាន​ថ្នាក់ដឹកនាំ​សំខាន់ៗ ប្រតិភូ​ក្រសួងព្រះបរមរាជវាំង ដឹកនាំ​ដោយ​សម្តេចចៅហ្វា​វាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ព្រះបរមរាជវាំង , ប្រតិភូ​រដ្ឋសភា ដឹកនាំ​ដោយ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ , ស្ថាប័នព្រឹទ្ធសភា ដឹកនាំ​ដោយ​លោក សាយ ឈុំ អនុប្រធាន​ទី​១ ព្រឹទ្ធសភា , ប្រតិភូ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ដោយ​លោក ទេព ង​ន សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា , គណៈប្រតិភូ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដឹកនាំ​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស និង សហប្រតិបត្តិការ​អន្តរជាតិ , ប្រតិភូ​តុលាការ​កំពូល​, សាលា​ឧ​ទ្ទរ , និង សាលាដំបូង​ដឹកនាំ​ដោយ​លោក ឌិ​ត មន្ទីរ , គណៈប្រតិភូ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង អធិការកិច្ច ដឹកនាំ​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន , គណៈប្រតិភូ​ក្រសួងការពារជាតិ​ដឹកនាំ​ដោយ​លោក ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ , ហើយ​សម្រាប់ ប្រតិភូ​ចុងក្រោយ​គេ​ដែល​អញ្ជើញ​មក​គោរព​អ្នកឧកញ៉ា​មហា​ភក្តី​សប្បុរិស​ភោ​គា​ធិបតី ហ៊ុន នាង នៅ​ភូមិគ្រឹះ​របស់​សម្តេច​តេ​ជោ​សម្រាប់​ព្រឹក​នេះ គឺជា​ប្រតិភូ​របស់​កាកបាទក្រហម​កម្ពុជា ដឹកនាំ​ដោយ​សម្តេចចៅហ្វា​វាំង គង់ សំអុល​៕



សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រ​តី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
 
Top