ពោធិ៍សាត់ ៖ នំកញ្ចប់តូចៗផលិតនៅប្រទេសថៃត្រូវបានកូនកសិករអាយុ៦ឆ្នាំម្នាក់ទិញយកទៅហូបអស់មួយកញ្ចប់ពុលស្លាប់ពេលដឹកដល់មន្ទីរពេទ្យតែរយៈពេលកន្លះម៉ោងប៉ុណ្ណោះ
ក្រោយពីបរិភោគរួច។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣ ស្ថិតនៅផ្ទះក្មេងរងគ្រោះនោះក្នុងភូមិអូរសណ្ដាន ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ គ្រូពេទ្យផ្នែកជំនាញអះអាងជាជំហានដំបូងថាគឺជានំនេះមានជាតិពុល។
បើតាមម្ដាយបង្កើតក្មេងប្រុសរងគ្រោះឈ្មោះ ប៉ក់ អេន អាយុ២៤ឆ្នាំ ដែលដឹងច្បាស់នៅហេតុការណ៍នេះផ្ទាល់និយាយប្រាប់ថា កូននាងដែលស្លាប់ពុលនំកញ្ចប់តូចផលិតនៅប្រទេសថៃនោះឈ្មោះ សែម សុវណ្ណ អាយុ៦ឆ្នាំ គឺក្រោយពីហូបបាយពេលថ្ងៃត្រង់អស់រយៈពេលប្រហែល៣ម៉ោងរួចបានសុំលុយរូបគាត់ជាម្ដាយចំនួន១០០រៀលដើម្បីទិញនំហូប ស្រាប់តែក្នុងវេលាម៉ោង២រសៀលគាត់បានឲ្យលុយគេទៅទិញ។ ជីដូនលក់ក្បែរនោះឈ្មោះលោកយាយ ស៊ិន ថុន អាយុ៧៦ឆ្នាំដែលគាត់ទិញបន្ដពីផ្សារក្រគរឈ្មោះម៉ៅ។ ហើយឃើញកូនគាត់ទិញបានមួយកញ្ចប់តូចតំលៃ១០០រៀលហុចឲ្យគាត់ហែកថង់នំនោះ រួចគេហូបទាំងអស់ម្នាក់ឯង ហើយនិយាយថា ឈឺពោះណាស់ក៏ផឹកទឹកបានបន្តិចចាប់ផ្ដើមឈឺខ្លាំងប្រកាច់បែកពពុះមាត់ ហើយគេប្រាប់ថា កូនពុលនំនោះហើយម៉ែ។ ភ្លាមនោះរូបនាងក៏នាំកូនមកកាន់មន្ទីរពេទ្យស្រុកក្រគរដោយតាមផ្លូវកូនគាត់មានសភាពបែកពពុះមាត់ហូរឈាមចេញតាមគូទ និងតាមរោមប្រមាណជាកន្លះម៉ោងដល់មន្ទីរពេទ្យក៏ដាច់ខ្យល់ស្លាប់តែម្ដង។
នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៣ អាជ្ញាធម៌នគរបាលបច្ចេកទេសស្រុកនិងខេត្តលោកអធិការអធិការរងលោកគ្រូពេទ្យខេត្តលោកព្រះរាជអាជ្ញាក៏បានមកត្រួតពិនិត្យសពកុមាររងគ្រោះនៅលំនៅដ្ឋានកើតហេតុយ៉ាងយកចិត្តទុកដាក់ដោយបានប្រាប់ជាបឋមថា ជនរងគ្រោះចេញពពុះតាមមាត់ច្រមុះ(ពណ៌ស) ដោយសន្និដ្ឋានថា គឺមានសារធាតុពុលក្នុងខ្លួន។
ជាមួយគ្នានោះដែរលោកព្រះរាជអាជ្ញារងក៏បានផ្ដាំផ្ញើទៅបងប្អូនទាំងអស់នៅទូទាំងប្រទេសសូមកុំឲ្យក្មេងពិសានំប្រភេទនេះទៀតព្រោះវាមានសារធាតុពុល។
បើតាមមជ្ឈដ្ឋានដែលស្គាល់នំកញ្ចប់តូចៗដែលផលិតនៅប្រទេសថៃ ហើយមានស្លាកសញ្ញាអក្សរថៃនេះគេបានប្រាប់ថាគឺឈ្មោះនំតុកកែ៕
លានគ្រន
ប្រភព កម្ពុជាថ្មី
សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
