ប៉ៃលិន: កម្លាំងកងរាជអាវុធហត្ថខេត្តប៉ៃលិន បានចុះបង្ក្រាបករណីដឹកឈើគ្រញូង ឃាត់បានរថយន្តកាមរីមួយគ្រឿង និងដកហូតបានឈើគ្រញូងចំនួន ១០១កំណាត់ ស្មើនឹង ៤១៥ គីឡូគ្រាម។ អ្នកបើកបរបានរត់គេចខ្លួនបាត់។
ហេតុការណ៍ចុះបង្ក្រាបនេះ បានធ្វើឡើងកាលពីវេលាម៉ោង ៤ ទៀបភ្លឺ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៣ នៅចំណុចតាមផ្លូវលំចេញមកពីភ្នំដំបង ស្ថិតក្នុងភូមិភ្នំរាំង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន។
លោក ងួន សោភ័ណ្ឌ ប្រធានមន្ទីរព័ត៌មាន និងសន្តិសុខ កងរាជអាវុធហេត្ថខេត្តប៉ៃលិន បានឲ្យដឹងថា ប្រតិបត្តិការណ៍ចុះបង្ក្រាបករណីដឹងឈើគ្រញូងខុសច្បាប់នេះ កម្លាំងអាវុធហត្ថឃាត់បានរថយន្ត ១ គ្រឿងម៉ាកកាមរី សេរី ឆ្នាំ១៩៩៥ ពណ៌ស បិទស្កុដពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ពោធិសាត់ 2A-1235 និងដកហូតបានឈើគ្រញូងចំនួន ១០១ កំណាត់ស្មើនឹង ៤១៥ គីឡូក្រាម។ ចំណែកអ្នកបើកបររត់គេចខ្លួនបាត់។
លោក ងួន សោភ័ណ្ឌ បានបញ្ចាក់ថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ករណីមានរថយន្តដឹកជញ្ជូនឈើគ្រញូងខុសច្បាប់ យើងបានដាក់កម្លាំងពួនស្ទាក់នៅចំណុចខាងលើ ស្រាប់តែទៀបភ្លឺថ្ងៃទី១៦ ខែកក្កដា ក៏ឃើញរថយន្តនោះ បើកចេញមកតាមផ្លូវក៏ឃាត់រថយន្តឲ្យឈប់ តែរថយន្តនោះព្យាយាមបើករត់ មិនព្រមឈប់ រហូតមកដល់ចំណុចខាងលើរថយន្តនោះបានកិនចំប៉ារាស់ដែកគោលបែកកងទៅមុខលែងរួច ទើបអ្នកបើកបរចុះរត់គេចខ្លួនបាត់ នៅសល់តែរថយន្ត។ រថយន្តដឹកឈើគ្រញូងនោះ គឺដឹកចេញពីចំណុចស្រុកសំឡូត ដោយធ្វើដំណើរឆ្លងកាត់ខេត្តប៉ៃលិន ទៅខេត្តបាត់ដំបង។ ឈើគ្រញូងត្រូវបានប្រគល់ទៅឲ្យខណ្ឌរដ្ឋបាលព្រៃឈើខេត្តប៉ៃលិន ដើម្បីចាត់ការទៅតាមនីតិវិធី។ ចំណែករថយន្ត ត្រូវបានរក្សាទុកនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន៕
សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !


