ភ្នំពេញ ៖ ភាពល្បីល្បាញរបស់កំពូលតារាសិល្បៈចម្រៀងព្រាប សុវត្ថិ ដែលរក្សាបានរយះពេលជាងមួយទសវត្សកន្លងមកនេះនៅមិនទាន់ទទួលភាពសាបសូន្យនៅឡើយទេព្រោះបច្ចុប្បន្នក្រៅពីការមមាញឹកជាមួយនឹងការច្រៀងនោះកំពូលតារាចម្រៀងរូបនេះក៏កំពុងមមាញឹកជាមួយការសម្ដែងថតស្ប៉តពាណិជ្ជកម្មជាហូរហែផងដែរ។
បើតាមប្រភពព័ត៌មានពីបុគ្គលិកដែលបម្រើការនៅក្នុងផលិតកម្មហង្សមាសនិងរស្មីហង្សមាសបានឲ្យដឹងថា កំពូលតារាចម្រៀងព្រាប សុវត្ថិសព្វថ្ងៃនេះកំពុងមមាញឹកទាំងការច្រៀងថតបទថ្មីៗនិងការសម្ដែងថតស្ប៉តពាណិជ្ជកម្មឲ្យក្រុមហ៊ុនមួយចំនួនក្នុងនេះក៏មានទាំងការសម្ដែងថតស្ប៉តពាណិជ្ជកម្មខ្នាតធំដែលត្រូវបានផលិតឡើងដោយក្រុមហ៊ុនស្រាបៀរមួយនៅកម្ពុជាថែមទៀតផង។
ប្រភពព័ត៌មានបង្ហាញថាស្ប៉តពាណិជ្ជកម្មខ្នាតធំនេះត្រូវបានដឹកនាំផលិតឡើងដោយលោកខាំភូរិដែលមានសាច់រឿងបង្ហាញពីប្រវត្តិនៃជីវិតរបស់កំពូលតារាចម្រៀងព្រាបសុវត្ថិខណៈរស់នៅក្នុងស្ថានភាពនៃជីវិតជាក្មេងកំព្រាឪពុកនាពេលអតីតកាល។ ប្រភពព័ត៌មានបានបន្តឲ្យដឹងថាតាមរយះការសម្ដែងថតស្ប៉តពាណិជ្ជកម្មនេះលោកព្រាប សុវត្ថិទទួលបាននូវតម្លៃខ្លួនខ្ពស់ រហូតដល់រាប់ម៉ឺនដុល្លារអាមេរិកឯណោះ។ជុំវិញព័ត៌មាននេះកាលពីម្សិលមិញអ្នកយកព័ត៌មានកម្ពុជាថ្មីមិនអាចសុំការបញ្ជាក់ពីកំពូលតារាចម្រៀងព្រាប សុវត្ថិបានទេ។
ជាមួយគ្នានេះបើផ្អែកតាមការបង្ហាញពីលោកខាំ ភូរិ អ្នកដឹកនាំការផលិតស្ប៉តនេះបានឲ្យដឹងថា ស្ប៉តពាណិជ្ជកម្មខ្នាតធំថ្មីនេះនឹងត្រូវចាក់ផ្សាយនៅតាមប៉ុស្តិ៍ទូរទស្សន៍នានាក្នុងពេលឆាប់ៗ ខាងមុខនេះ។ស្ប៉តនេះបង្ហាញពីប្រវត្តិនៃខ្សែជីវិតរបស់លោកព្រាប សុវត្ថិដែលកំព្រាឪពុក លោកខាំភូរិរំពឹងថាស្ប៉តនេះនៅពេលចាក់ផ្សាយនឹងមានអ្នកទស្សនាជាច្រើនចង់តាមដានទស្សនាព្រោះស្ប៉តនេះផលិតឡើងជាសាច់រឿងពិត”៕
ប្រភព កម្ពុជាថ្មី
សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
