ភ្នំពេញ: យុវជន​ទំនើង​៣ នាក់ បាន​បើករថយន្ត​ព្រូស​មួយគ្រឿង ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ 2-3068 ក្នុង​ល្បឿន​យ៉ាង​លឿន​ទំនងជា​ស្រវឹងស្រា បាន​ជ្រុល​ទៅបុក​ម៉ូតូ​វីវ៉ា​មួយគ្រឿង ដែលមាន​គ្នា​៣​នាក់​ដូចគ្នា កំពុង​ឈប់​នៅ​ភ្លើងស្តុប ហើយ​មិនដឹងថា​ខ្លួនឯង​ជា​អ្នក​ខុស បែរជា​ចុះ​ពីលើ​រថយន្ត នាំគ្នា​វាយ​ភាគី​ខាង​ម្ចាស់​ម៉ូតូ​យ៉ាង​ចាស់ដៃ រួច​ឡើង​បើករថយន្ត រត់គេចខ្លួន​បាត់​ដូចជា​គ្មាន​រឿង​អ្វី​កើតឡើង​។​
​ហេតុការណ៍​ដែល​បង្ក​ឲ្យ​មាន​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​៣០ នាទី យប់​ថ្ងៃទី ១៣ ខែកក្កដា​ឆ្នាំ ២០១៣ នៅ​ចំណុច​ស្តុ​ប​ផ្សារ​ដើម​គ ផ្លូវ​ម៉ៅ​សេទុង កែង​ផ្លូវ​ព្រះ​មុនី​រ៉េត សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក ។​
​តាម​សាក្សី​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​មាន​បុរស ៣ នាក់ ជិះ​ម៉ូតូ​វីវ៉ា​មួយគ្រឿង ពណ៌​ខ្មៅ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង បានមក​ឈប់​នៅ​ភ្លើងស្តុប​ផ្សារ​ដើម​គ​។ ភ្លាមៗ​នោះ ស្រាប់​តែមាន​ជន​ទំនើង​ដែល​អាង​ខ្លួន​មានអំណាច មាន​គ្នា​៣​នាក់ ស្លៀកពាក់​ស៊ីវិល បើករថយន្ត​ព្រូស ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ខេមរភូមិន្ទ 2-3068 មក​បុក​ម៉ូតូ​ពីក្រោយ​យ៉ាង​ពេញទំហឹង ហើយ​មិនដឹងថា​ខ្លួនឯង​ជា​អ្នក​ខុស បែរជា​នាំគ្នា​ចុះ​គំរាមកំហែង និង​បាន​វាយ​ទៅលើ​ម្ចាស់​ម៉ូតូ បណ្តាល​ឲ្យ​រងរបួស​យ៉ាងដំណំ ។​
​បន្ទាប់មក គេ​ឃើញ​មាន​នគរបាល​មូលដ្ឋាន ចុះ​ទៅដល់​កន្លែងកើតហេតុ ហើយក៏​បានធ្វើ​ការសាកសួ​រ​ទៅ​ភាគី​ខាង​រងគ្រោះ និង​ភាគី​ខាង​បង្កហេតុ​ផងដែរ តែ​មិន​អាចធ្វើ​អ្វី​ពួក​អ្នកមានអំណាច​ទាំងនោះ​បានឡើយ​។ ចំណែកឯ​ភាគី​ខាង​បង្កហេតុ បាននាំគ្នា​ឡើង​ជិះ​រថយន្ត​គេចខ្លួន ហាក់បីដូច​គ្មាន​រឿង​អ្វី​កើតឡើង បន្ទាប់ពី​បញ្ចេញ​អាកប្បកិរិយា​ច្រឡោ​ម​ខាមនៅ​ចំពោះមុខ​ប៉ូលិស និង​ភាគី​ជនរងគ្រោះនាពេលនោះ​។​
​ម្ចាស់​ម៉ូតូ មិន​ចង់​មានរឿង​វែងឆ្ងាយ ក៏​សម្រេច​ជិះ​ម៉ូតូឌុប​គ្នា ទាំង​រងរបួស ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ ដោយ​មិន​បានដាក់​ពាក្យបណ្តឹង​អ្វី​ទេ ទំនងជា​ពួកគេ​គិតថា បើសិន​ដាក់ពាក្យ​បណ្តឹង​ទៅ ក៏​ប្រហែលជា​មិនអាច​យកឈ្នះ​អ្នក​ដែលមាន​អំណាច​ទាំងអស់​នោះឡើយ ៕
ប្រភព៖ CEN


សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រ​តី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
 
Top