នៅក្នុងសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលចុះហត្ថលេខាដោយសម្តេច ហ៊ុន សែន ដែលបច្ចុប្បន្នជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាចាំផ្ទះ កាលពីថ្ងៃទី១២ ខែកក្កដាកន្លងទៅបានបង្ហាញថា ប្រជាពលរដ្ឋខ្មែរ និងជនជាតិបរទេសទាំងអស់ដែលកំពុងតែរស់នៅក្នុងទឹកដីនៃប្រទេសកម្ពុជាទាំងមូលមិនត្រូវលក់ និងផឹកគ្រឿងស្រវឹងអ្វីទាំងអស់ចំនួនពីរថ្ងៃ គឺនៅថ្ងៃទី២៧ និង២៨ ខែកក្កដាខាងមុខពោលគឺ មួយថ្ងៃមុនការបោះឆ្នោត និងនៅក្នុងថ្ងៃបោះឆ្នោតតែម្តង។
សេចក្តីណែនាំដដែលបានគូសបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរ និងជនជាតិបរទេសដែលស្ថិតនៅក្នុងទឹកដីកម្ពុជាទាំងអស់ត្រូវចូលរួមសហការឲ្យបានខ្ជាប់ខ្ជួនជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាឲ្យដំណើរ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥នាពេលខាងមុខនេះ ឲ្យប្រព្រឹត្តទៅដោយគ្មានអំពើ ហិង្សា គ្មានការគំរាមគំហែង គ្មានការបំភិតបំភ័យ និងបាតុភាពនានា ដែលអាចបណ្តាលមកពីការពិសាគ្រឿងស្រវឹងគ្រប់ប្រភេទ។
សេចក្តីជូនដំណឹងដដែលនោះក៏បានតម្រូវឲ្យក្រសួង ស្ថាប័ន កងរាជអាវុធហត្ថ កងនគរបាលជាតិ រួមជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការបំពាក់បំប៉នដល់កងកម្លាំង និងមន្ត្រីរាជការក្រោមឱវាទ និងអប់រំណែនាំប្រជាពលរដ្ឋខ្មែរ និងជនបរទេសទាំងអស់ក្នុងមូលដ្ឋានរបស់ខ្លួនអនុវត្តន៍ផ្អាកការលក់ដូរ និងពិសាគ្រឿងស្រវឹង ក្នុងគោលបំណងធ្វើឲ្យកិច្ចដំណើរការបោះឆ្នោតក្នុងបរិយាកាសនយោបាយល្អ សេរី ត្រឹមត្រូវ យុត្តិធម៌ និងគ្មានអំពើហិង្សា។
សូមបញ្ជាក់ថា នាពេលកន្លងមកគេសង្កេតឃើញថា ការពិសារគ្រឿងស្រវឹងគ្រប់ប្រភេទ ភាគច្រើនគឺជាមូលហេតុបង្កឲ្យមានអំពើហិង្សា គ្រោះថា្នក់ចរាចរណ៍ គ្រោះថា្នក់សង្គម និងការប្រព្រឹត្តបទល្មើសនានា ឬករណីខ្លះអាចបណ្ដាលឲ្យបាត់សណ្ដាប់ធ្នាប់សាធារណៈផងដែរ៕(ដោយៈជា ធីរិទ្ធ)
ប្រភពៈ វាយោ
សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
