នៅសល់តែ​ចន្លោះពេល ៥​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ប្រជាពលរដ្ឋ​ដែលមាន​សិទ្ធិ​បោះឆ្នោត​ចំនួន​៩.៦៧៥.៤៥៣​នាក់ នឹង​អញ្ជើញ​ទៅកាន់​ការិយាល័យ​បោះឆ្នោត​ចំនួន​១៩.០០៩​ការិយាល័យ នៅ​ទូទាំងប្រទេស ដើម្បី​ធ្វើការ​បោះឆ្នោត​ផ្លាស់ប្តូរ​រាជរដ្ឋាភិបាល​ចាស់​ជ្រើស​រើសយក​ រាជរដ្ឋាភិបាល​ថ្មី​សម្រាប់​អាណត្តិ​ទី​៥ នៅ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ ខាងមុខ​។​
​ដោយឡែក នៅក្នុង​សំណុំរឿង​ក្តី​របស់​ជនជាប់ចោទ​ឈ្មោះ ឈូក បណ្ឌិត អតីត​អភិបាលក្រុង​បាវិត​ដ៏​ក្តៅគគុក​ពាក់ព័ន្ធ​នឹង​ការប្រើ​អាវុធ​ បាញ់ប្រហារ​ទៅលើ​កម្មការិនី​បម្រើ​ការងារ​នៅ​រោងចក្រ​ផលិត​ស្បែកជើង កៅ​វ៉េ «KAOWAY» ឋិត​នៅ​ក្រុង​បាវិត ខេត្តស្វាយរៀង ចំនួន​៣​នាក់ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​សឹង​បាត់បង់​ជីវិត​នោះ មាន​រយៈពេល​ជិត​០១​ខែ​ហើយ ដែល​តុលាការ​សាលាដំបូង​ខេត្តស្វាយរៀង​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ ជនជាប់ចោទ​រូបនេះ​យកមក​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​តាមច្បាប់ «​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ចុះ​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៣» ប៉ុន្តែ សមត្ថកិច្ច​នគរបាល​យុត្តិធម៌ «​ទាំង​ប៉ូលិស ទាំង​ប៉េអឹម​» មិនទាន់​តាម​ចាប់ខ្លួន​ឈ្មោះ​ឈូក បណ្ឌិត បាន​នៅឡើយ ហើយក៏​មានន័យថា ជនជាប់ចោទ​ឈ្មោះ ឈូក បណ្ឌិត កំពុងមាន​សេរីភាព​យ៉ាង​ពេញ​បរិបូរ​ណ៌​ទោះបី​តុលាការ​បានសម្រេច​ផ្តន្ទាទោស​ ដាក់ពន្ធនាគារ​ចំនួន​១៨​ខែ គិតពី​ថ្ងៃ​ចាប់ខ្លួនបាន​ក៏ដោយ​។

​ប្រិយមិត្ត​អ្នកអាន​គេហទំព័រ​សារព័ត៌មាន​ដើមត្នោត ដែល​ស្រឡាញ់​យុត្តិធម៌ ធ្លាប់បាន​ប្រកាស​ផ្តល់រ​ង្វាន់​ជា​ប្រាក់​ចំនួន ៧.០០០.០០០ «​ប្រាំ​ពីរលាន​» រៀល ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ដែល​បាន​ផ្តល់ព័ត៌មាន​ពី​ទីកន្លែង​ លាក់ខ្លួន និង​ឈានទៅរក​ការចាប់ខ្លួន​ឈ្មោះ ឈូក បណ្ឌិត បាន​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​តុលាការ ដើម្បី​ទុកជា​ការលើកទឹកចិត្ត «​សូម​ចូល​អាន​គេហទំព័រ​សារព័ត៌មាន​ដើមត្នោត​ចុះផ្សាយ​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៣​បន្ថែម​»​។​
​ឥឡូវនេះ ប្រិយមិត្ត​អ្នកអាន​គេហទំព័រ​សារព័ត៌មាន​ដើមត្នោត ដែល​ស្រឡាញ​យុត្តិធម៌​ទាំងនោះ​បានប្រកាស​ផ្តល់ប្រាក់​រង្វាន់​បន្ថែម​គិត​ ចាប់​ពីថ្ងៃ​ប្រកាស​ចុះផ្សាយ​នេះ​តទៅ​រហូតដល់​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៣ វេលា​ម៉ោង ១៩ ល្ងាច «​ឬ​ម៉ោង ០៧ ល្ងាច មុន​ថ្ងៃ​បោះឆ្នោត​» នូវ​ទឹកប្រាក់​ចំនួន ៧០.០០០ «​ប្រាំ​ពីរម៉ឺន​» រៀល ក្នុង​មួយថ្ងៃ ទៅលើ​ប្រាក់រង្វាន់​ចំនួន ៧ លាន​រៀល ក្នុងករណី​មានការ​ចាប់ខ្លួន​ឈ្មោះ ឈូក បណ្ឌិត បាន​។ មានន័យថា ប្រាក់រង្វាន់​ក្នុងការ​ចាប់ខ្លួន​ឈ្មោះ ឈូក បណ្ឌិត មាន​ចំនួន​សរុប ៧.៤២០.០០០ «​ប្រាំ​ពីរលានបួន​សែន និងពីរម៉ឺន​» រៀល ។​ ​
ប្រិយមិត្ត​អ្នកអាន​គេហទំព័រ​សារព័ត៌មាន​ដើមត្នោត ដែល​ស្រឡាញ់​យុត្តិធម៌​បានបញ្ជាក់​បន្ថែម​ទុកជា​ការប្រកាស​ជូនដំណឹង​ ចុងក្រោយ​ដែរ​ថា ប្រាក់រង្វាន់​ទាំងអស់​ដែល​បានប្រកាស​នាពេលនេះ «​ទាំង​ប្រាក់រង្វាន់​ប្រកាស​ពីលើ​ក​មុន និង​ប្រាក់រង្វាន់​បន្ថែម ដែល​ប្រកាស​លើក​ក្រោយនេះ​» នឹងត្រូវ​បញ្ចប់​ជា​ស្តាពរ​ក្នុងករណី​ចាប់ខ្លួន​ឈ្មោះ ឈូក បណ្ឌិត មិនបាន​សម្រេច​រហូត​ដល់​ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ​២០១៣ វេលា​ម៉ោង ១៩ «​ឬ​ម៉ោង ០៧» ល្ងាច ដោយ​មានន័យថា រាជរដ្ឋាភិបាល​កម្ពុជា​ចាស់ គ្មាន​លទ្ធភាព​នឹង​តាម​ចាប់ខ្លួន​ជនជាប់ចោទ​ឈ្មោះ ឈូក បណ្ឌិត បាន គឺមាន​តែ​ទុក​ឱកាស​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ថ្មី ដែល​កើតចេញពី​ការបោះឆ្នោតជាតិ​ឆ្នាំ​២០១៣ ខាងមុខនេះ​ជា​អ្នកមាន​សមត្ថកិច្ច​ចាត់កា​រ​ជំនួស​វិញ​។​ ​
ចំពោះ​កម្មវិធី​ប្រកាស​រង្វាន់​លើកទឹកចិត្ត​ថ្មី​បើ​មាន​តទៅទៀត​គេហទំព័រ​ សារព័ត៌មាន​ដើមត្នោត នឹងធ្វើ​ការប្រកាស​ជូន​ដំណឹង​នៅពេល​ក្រោយ​៕ប្រភពមកពី ដើមត្នោត DTN7
សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រ​តី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
 
Top