ក្រុងប៉េកាំង : ប្រសិន​បើ​លោក​អ្នក​បាន​ធ្វើ​ដំណើរ​កម្សាន្ត​ឆ្លងកាត់​ខេត្ត​ហ្វូជៀន​នៃ​ប្រទេស​ចិន​នោះ​សូម​កុំ​ភ្លេច​ឆៀង​ចូល​ទៅ​ភូមិ​មួយ​ឈ្មោះ​ដាកាវ (Dacuo)​ឲ្យ​សោះ។ ជាពិសេស​ចូល​ទៅ​ទស្សនា​ក្រុមតន្ត្រី​អ្នក​ស្រុក​មាន​ឈ្មោះ​ថា «តន្ត្រី​រន្ទះបាញ់​ឬ​Lightningfan»។ ក្រុម​តន្ត្រី​នេះ​បាន​បង្កើត​ឆាកតន្ត្រី​ដែល​មាន​ចរន្តអគ្គិសនី​ឆ្លងកាត់​ដោយ​ឧបករណ៍​ម្យ៉ាង​ហៅថា​តេសឡា​(Tesla)​ដោយ​វា​អាច​មាន​កម្លាំង​ថាមពល​ចរន្តអគ្គិសនី​ដល់​ទៅ​មួយ​លាន​វ៉ុល​ឯណោះ។ តាមរយៈ​ឆាកតន្ត្រី​នេះ​ពួកគេ​ក៏​អាច​ប្រគំតន្ត្រី​បាន​ដែរ។
លោក​វ៉ាង​សេងសៀង​បុរស​វ័យ​៣១​ឆ្នាំ​គឺជា​អ្នក​បាន​រក​ឃើញ​និង​បង្កើត​ក្រុម​តន្ត្រី​ផ្លេកបន្ទោរ​នេះ​ឡើង។ លោក​បាន​ប្រើ​មេ​សរសៃ​បន្ទះ​លោហៈ​ចម្លងអគ្គិសនី ចំនួន​១០​សរសៃ​ប្រទាក់ក្រឡា​គ្នា​ដើម្បី​បង្កើត​ឲ្យ​បាន​ជា​ផ្ទាំង​សំណាញ់​ផ្កាភ្លើង​នានា​បាន។
លោក​វ៉ាង​ដែល​ជា​ស្ថាបនិក​ក្រុម​តន្ត្រី​នេះ​បាន​ថ្លែង​ថា​៖ «ពេល​ខ្ញុំ​នៅ​ក្មេង​គ្រួសារ​ខ្ញុំ​មាន​របរ​បើក​កន្លែង​ជួសជុល​គ្រឿង​អគ្គិសនី។ ខ្ញុំ​ស្រឡាញ់​មុខវិជ្ជា​ផ្នែក​អគ្គិសនី​នេះ​តាំងពី​ក្មេងវ័យ​មក»។
តែ​នៅ​ឆ្នាំ​២០០១​ពេល​បុរស​រូប​នេះ​ចូល​រៀន​មហាវិទ្យាល័យ​ផ្នែក​វិស្វកម្ម​មេកានិក​និង​អគ្គិសនី​នៃ​សាកលវិទ្យាល័យ​កសិកម្ម​និង​រុក្ខាប្រមាញ់​ហ្វូជៀន​នោះ​គាត់​ក៏​បាន​រក​ឃើញ​នូវ​លោហៈធាតុ​ចម្លង​ចរន្តអគ្គិសនី​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​គេ។
ឆ្នាំ​២០០៧​លោក​បាន​បង្កើត​បន្ទះលោហៈ​ចម្លង​ចរន្តអគ្គិសនី​មាន​ប្រវែង​ដល់​ទៅ​១,២​ម៉ែត្រ​សម្រាប់​ដាក់​នៅ​ផ្ទះ​លោក​ដោយ​បាន​លាលែង​ពី​ការងារ​វិស្វករ​អគ្គិសនី​នៅ​ក្រុមហ៊ុន​មួយ​ផង​ដែរ។ លុះ​ក្រោយ​មក​លោក និង​មិត្តភក្តិ​ក៏​មាន​គំនិត​បង្កើត​វា​ឲ្យ​ក្លាយ​ឆាក​តន្ត្រី​រន្ទះបាញ់​សម្រាប់​ប្រគំ​ឲ្យ​អ្នក​ភូមិ​ទស្សនា​កម្សាន្ត​។
ក្រុម​តន្ត្រី​រន្ទះបាញ់​នេះ​ក៏​មាន​សម្លៀកបំពាក់​ការពារ​ការ​ឆក់​ចរន្តអគ្គិសនី​ដែរ​ជាមួយ​នឹង​ឆាក​តន្ត្រី​ផ្កាភ្លើង​មាន​កម្ពស់​៤,២​ម៉ែត្រ​នោះ។ ក្រុម​តន្ត្រីករ​នីមួយ​ៗ​អាច​លេង​ឧបករណ៍​ភ្លេង​ពួកគេ​ដោយ​មិន​មាន​ការ​គ្រោះថ្នាក់​អ្វី​ឡើយ។ ពេល​ពួកគេ​ប្រគំតន្ត្រី​គេ​ឃើញ​មាន​ផ្កាភ្លើង​លេច​ចេញ​ឡើង​មាន​រូបរាង​ផ្សេង​ៗ​គ្នា​ទៅ​តាម​សំឡេង​ឧបករណ៍​តន្ត្រី​តែ​ម្ដង៕ PR​
__________________
ប្រភពពី៖ ខ្មែរប៉ុស្តិ៍


សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រ​តី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
 
Top