អតីតប្រជាសហគមន៍បុរីកីឡាជាង១០០គ្រួសារ ព្រមានធ្វើបាតុកម្មក្នុងសប្តាហ៍នេះ នៅមុខក្រសួងព័ត៌មាន ដើម្បីបង្ហាញពីទុក្ខលំបារបស់ពួកគេដែលក្រុមហ៊ុនផានអ៊ី ម៉ិច បណ្តេញចេញជាងមួយឆ្នាំមិនទាន់មានដំណោះស្រាយ។ ការព្រមាននេះ ធ្វើឡើង នៅរសៀលថ្ងៃចន្ទនេះ នៅមុខសាលារាជធានីភ្នំពេញ ខណៈតំណាងពួកគេជិត១០០នាក់ ជំរុញឲ្យអភិបាលរាជធានីថ្មី លោក ប៉ា សុជាតិវង្ស ពន្លឿនដោះស្រាយបញ្ហាដីធ្លីឲ្យបានមុនបោះឆ្នោតជាតិ។
តំណាងអតីតអ្នកបុរីកីឡា លោក ពេជ្រ លឹមឃួន មានប្រសាសន៍នៅខាងមុខសាលារាជធានីភ្នំពេញថា ប្រសិនបើនៅតែមិនមានដំណោះស្រាយទេ ២ថ្ងៃទៀតពួកគាត់នឹងដាក់ញត្តិទៅក្រសួងពត៌មាន។ លោកថា កន្លងមក ទូរទស្សន៍ផ្សាយពីបញ្ហាអ្នកបឹងកក់ ដូច្នេះក្រសួងគួរតែជំរុញឲ្យទូរទស្សន៍ក្នុងស្រុក ផ្សាយពីបញ្ហាពួកគាត់ដែរ៖ “ទូរទស្សន៍ទាំងអស់ចាក់ផ្សាយ រឿងជម្លោះដីធ្លីតំបន់បុរីកីឡា ឲ្យមានភាពជាក់ស្ដែង មិនជឿងថា ខ្ញុំរស់នៅវេទនាទេ សូមឲ្យទៅថតមើលទៅ តើនៅដំបូលតង់នេះ វាល្អប៉ុណ្ណា ក្រោមកាំជណ្ដើរហ្នឹងវាស្អាតយ៉ាងណា អនាម័យយ៉ាងម៉េច ហើយមានផាសុខភាពយ៉ាងម៉េច អីយ៉ាងម៉េច សូមឲ្យលោកឯកឧត្ដម ខៀវ កាញារីទ្ធ ឲ្យលោកទៅមើលខ្លួនលោកក៏បានដែរ តើគាត់អាចទ្រាំបានទេ បើគាត់មិនព្រមចាក់ផ្សាយឲ្យខ្ញុំ មិនផ្ដិតយករូបភាពសហគមន៍បុរីកីឡារងគ្រោះ កំហុសនេះលើអ្នកណាដែលធ្វើឲ្យខុស អ្នកណាធ្វើឲ្យខូចកិច្ចសន្យាមានត្រឹមត្រូវ ១០អាគារ តែធ្វើ៨ ធ្វើឲ្យប្រជាពលរដ្ឋខ្ញុំ នៅសេសសស់”។
បើតាមអតីតអ្នកបុរីកីឡា ដែលកំពុងរស់នៅក្បែរគំនរសម្រាម ខាងក្រោមអាគារក្រុមហ៊ុនផានអ៊ីម៉ិច ឲ្យដឹងថា នៅពេលនេះ ពួកគាត់ជួបការលំបាក ដោយសារជារដូវភ្លៀង។ តង់ពួកគាត់រហែក គ្មានចំណីអាហារ ហើយក្មេងៗបាត់បង់ការសិក្សា និងកំពុងធ្លាក់ខ្លួនឈឺជាបន្តបន្ទាប់ ហើយពួកគាត់មានឯកសារគ្រប់គ្រាន់ ក្នុងការចូលទៅរស់នៅក្នុងអាគារដែលក្រុមហ៊ុនសាងសង់។
នៅរសៀលថ្ងៃចន្ទនេះ VOD មិនអាចសុំការអធិប្បាយពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ នាយកក្រុមហ៊ុន ផានអ៊ីម៉ិច លោកស្រី ស៊ុយ សុផាន និងអ្នកនាំពាក្យសាលារាជធានីភ្នំពេញបាននៅឡើយទេ។ ប៉ុន្តែ កន្លងមក អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ អះអាងថា អាជ្ញាធរកំពុងដោះស្រាយបញ្ហានេះជាបន្តបន្ទាប់។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ជាការពិត ទូរទស្សន៍មិនដែលផ្សាយពីបញ្ហារបស់ពួកគាត់នោះទេ។ លោកថា ក្រុមហ៊ុននេះមិនបានគោរពកិច្ចសន្យា ដោយសារភាគីក្រុមហ៊ុនសាងសង់បានតែ៨អគារ។ ក្រុមហ៊ុន អះអាងថា អស់ប្រជាពលរដ្ឋ ហើយបានលុបកិច្ចសន្យាដោយឯកតោភាគី៖ ”ហើយការ រំលាយកិច្ចសន្យាមួយណាបាន ទាល់តែ បើសិនគេណាមិនសុខចិត្ដទាល់តែតុលាការដែលអាចមានការវិនិច្ឆ័យ កាត់ក្ដីទៅលើកិច្ចសន្យាហ្នឹង តើលុបឫក៏មិនលុបបាន ដោយនេះគឺដោយសារតែក្រុមហ៊ុន គាត់ឯកតោភាគី ហើយជាពិសេសយើងឃើញថា គាត់សរសេរជារបាយការណ៍មួយ ដាក់ជូនទៅសម្ដេចនាយករដ្ឋមន្ដ្រី ហើយសុំផ្អាកការសាងសងត្រឹមនឹង” ។
គួរបញ្ជាក់ថា អតីតអ្នកបុរីកីឡា ប្រមាណ១១៧គ្រួសារ ដែលមិនបានផ្ទះ តាមកិច្ចសន្យានោះ ត្រូវបានបណ្តេញចេញទាំងបង្ខំពីសំណាក់ក្រុមហ៊ុនផានអ៊ីម៉ិច កាលពីដើមឆ្នាំ២០១២។ យោងតាមកិច្ចព្រមព្រៀងរវាងក្រុមហ៊ុន និងសហគមន៍បុរីកីទ្បា ក្រុមហ៊ុនត្រូវសង់អគារថ្មីចំនួន១០ ជាថ្នូរនឹងការយកដីតំបន់បុរីកីឡាអភិវឌ្ឍន៍។ ប៉ុន្តែ ក្រុមហ៊ុននេះ បានសង់អគារត្រឹមតែ៨តែប៉ុណ្ណោះ ធ្វើឲ្យអ្នកសេសសល់បន្តការតវ៉ារហូតដល់ពេលនេះ។
នៅថ្ងៃចន្ទនេះផងដែរ សាលារាជធានីភ្នំពេញ បានហៅអតីតអ្នកបឹងកក់ដែលទទួលសំណងរួច និង អ្នកបឹងកក់ដែលមិនទាន់ទទួលបានប្លង់កម្មសិទ្ធឲ្យចូលជួប តែតំណាងពួកគេអះអាងថា ពួកគេហាក់មិនសូវមានសង្ឃឹមនោះទេ ព្រោះនេះអាចជាការលួងលោម ពួកគាត់ឲ្យស្ងប់ចិត្តតែប៉ុណ្ណោះ៕
ប្រភពពី Vodhotnews
សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
