សេចក្ដីប្រកាសរបស់ឯកឧត្ដម សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិពីទីក្រុងប៉ារីសប្រទេសបារាំង កាលពីថ្ងៃទី០៥ខែកក្កដាឆ្នាំ២០១៣កន្លងមក បានឱ្យដឹងថា ឯកឧត្ដមនឹងវិលត្រឡប់ចូលមកមាតុភូមិវិញនៅមុនពេលបោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៥(២០១៣-២០១៨)ខាងមុខ ។
ឯកឧត្ដម សម រង្ស៊ី បានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសរបស់ឯកឧត្ដមថា “អ្វីៗទាំងអស់ដែលខ្ញុំបានធ្វើទល់បច្ចុប្បន្ននេះ គឺដើម្បីការពារទឹកដី និងការពារផលប្រយោជន៍ ប្រទេសជាតិ ព្រមទាំងបម្រើប្រជារាស្ដ្រខ្មែរអស់ពីកម្លាំងកាយ កម្លាំងចិត្ដ ។ ខ្ញុំសុខចិត្ដបូជាជីវិតដើម្បីជាតិមាតុភូមិ គឺហ៊ានស្លាប់ខ្លួនឯង ដើម្បីសង្គ្រោះជាតិឱ្យរួចផុតពីអន្ដរាយ ។” ។ ការប្រកាសរបស់ឯកឧត្ដម សម រង្ស៊ី នេះគឺក្នុងនាមជាអ្នកតំណាងរាស្ដ្រជាប់ឆ្នោតនីតិកាលទី៤របស់ រដ្ឋសភានៃគណបក្សសម រង្ស៊ី (បច្ចុប្បន្នជាប្រធានគណបក្សសង្គ្រោះជាតិ)។
ការតាំងចិត្ដអះអាងរបស់ឯកឧត្ដម សម រង្ស៊ី គឺមានភាពស្របគ្នាទៅនឹងមាត្រា៨២ វាក្យខណ្ឌទី៣នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលតំណាងរាស្ដ្រទាំងអស់ត្រូវធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែងនៅ ចំពោះព្រះភ័ក្ដ្រព្រះមហាក្សត្រ ព្រះភ័ក្ដ្រនៃសម្ដេចព្រះសង្ឃរាជ និងទេវតារក្សាស្វេតច្ឆត្រ ដូចមានខ្លឹមសារក្នុងឧបសម្ព័ន្ធទី៥ថា ៖ ក្នុងពេលប្រតិបត្ដិការតាមមុខតំណែងខ្លួន និងក្នុងការបំពេញបេសកកម្មដែលប្រជារាស្ដ្រកម្ពុជា បានប្រគល់ជូនចំពោះទូលព្រះបង្គំយើងខ្ញុំគ្រប់ៗរូប ទូលព្រះបង្គំយើងខ្ញុំសូមប្ដេជ្ញាគោរពរដ្ឋធម្មនុញ្ញ បម្រើជានិច្ចទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគត នូវផលប្រយោជន៍របស់ប្រជារាស្ដ្រ ប្រជាជាតិ និង មាតុភូមិកម្ពុជា ។ ទូលព្រះបង្គំយើងខ្ញុំសូមសច្ចាថា មិនកេងប្រវ័ញ្ចនូវផលប្រយោជន៍ជាតិសម្រាប់ផ្ទាល់ខ្លួន ឬសម្រាប់គ្រួសារ ឬសម្រាប់បក្ខពួក ឬសម្រាប់ភាគីរៀងៗខ្លួនឡើយ ។ ទូលព្រះបង្គំយើងខ្ញុំសូមប្ដេជ្ញាប្ដូរផ្ដាច់ហ៊ានបូជាជីវិតដើម្បី ការពារជានិច្ចទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគត នូវ ៖ -ឯករាជ្យភាពទាំងស្រុងនៃមាតុភូមិកម្ពុជា, -អធិបតេយ្យភាពជាតិពេញបរិបូណ៌, -បូរណភាពទឹកដីដ៏ត្រឹមត្រូវតាមច្បាប់នៅក្នុងព្រំដែនដីគោក និងព្រំដែនសមុទ្រ ដែលកម្ពុជាធ្លាប់មានក្នុងជំនាន់ឆ្នាំ១៩៦៣ដល់ឆ្នាំ១៩៦៩, -ឯកភាពជាតិ ហើយមិនអនុញ្ញាតឱ្យមានការបែងចែក ឬ ធ្វើអបគមន៍ណាមួយឡើយ ។ ទូលព្រះបង្គំយើងខ្ញុំសូមប្ដេជ្ញារក្សាទុកជានិច្ចទាំងក្នុង បច្ចុប្បន្ន ទាំងក្នុងអនាគតនូវអព្យាក្រឹតភាព និងភាពមិនចូលបក្សសម្ព័ន្ធសម្រាប់កម្ពុជា ហើយមិនអនុញ្ញាតជាដាច់ខាតឱ្យជនណាក៏ដោយដែលចង់ជ្រៀតជ្រែកចូល ក្នុងផ្ទៃក្នុងនៃកម្ពុជា ឬមកបង្គាប់បញ្ជាចំពោះគោលនយោបាយជាតិនិងអន្ដរជាតិរបស់ កម្ពុជាបានឡើយ ។ ទូលព្រះបង្គំ យើងខ្ញុំមិនបម្រើជាដាច់ខាតនូវផលប្រយោជន៍បរទេស ហើយធ្វើឱ្យខូចខាតដល់ផលប្រយោជន៍របស់ប្រជារាស្ដ្រ ប្រជាជាតិ និងមាតុភូមិកម្ពុជាឡើយ ។ ក្នុងការដោះស្រាយបញ្ហាទាំងឡាយលើផ្ទៃរាបជាតិ និងអន្ដរជាតិ ទូលព្រះបង្គំយើងខ្ញុំនឹងបំបាត់ចោលទាំងស្រុងនូវអំពើហិង្សាគ្រប់បែប យ៉ាង ។ ប៉ុន្ដែព្រះរាជាណាចក្រកម្ពុជាសូមរក្សាទុកនូវសិទ្ធិកាន់អាវុធតស៊ូ ប្រឆាំងនឹងការរំលោភឈ្លានពានមកពីក្រៅ ដើម្បីការពារជាតិមាតុភូមិខ្ល្ញួន ។ ទូលព្រះបង្គំយើងខ្ញុំសូមប្ដេជ្ញាគោរពជានិច្ចទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគតនូវលទ្ធិប្រជាធិបតេយ្យ សេរីនិយម ដែលមានរបបសភា និងពហុបក្ស ព្រមទាំងមានការគោរពយ៉ាងម៉ឺងម៉ាត់ចំពោះសិទ្ធិមនុស្សដូចមានចែង ក្នុងសេចក្ដីប្រកាសជាសកល ស្ដីអំពីសិទ្ធិមនុស្ស ។ ទូលព្រះបង្គំយើងខ្ញុំសូមប្ដេជ្ញាតស៊ូប្រឆាំងអំពើពុករលួយគ្រប់បែប យ៉ាង ប្រឆាំងអយុត្ដិធម៌សង្គម យើងតស៊ូដើម្បីផ្សះផ្សាជាតិ ដើម្បីឯកភាពជាតិ ដើម្បី សន្ដិភាពសង្គម និងសន្ដិភាពជាតិ ដើម្បីភាពសម្បូណ៌សប្បាយនៃប្រជារាស្ដ្រកម្ពុជា និងដើម្បីភាពរុងរឿងថ្កើងថ្កាននៃមាតុភូមិកម្ពុជាជាទីគោរពសក្ការៈ និងជាទីស្នេហានៃទូលព្រះបង្គំយើងខ្ញុំគ្រប់រូប ។” ។
សេចក្ដីប្រកាសរបៀបដាច់ណាត់របស់ឯកឧត្ដម សម រង្ស៊ី ដែលថា ឯកឧត្ដមនឹងវិលត្រឡប់ពីបរទេសចូលមកមាតុភូមិវិញនៅមុនពេលបោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៥ខាងមុខនេះ ធ្វើឱ្យអ្នកគាំទ្រគណបក្សសង្គ្រោះជាតិសម្ដែងនូវការរីករាយជា អតិបរមា ទោះបីដឹងថា ដំណើរនិវត្ដន៍របស់ឯកឧត្ដមនឹងជួបប្រទះនូវឧបសគ្គជាមួយទិដ្ឋភាព ផ្លូវច្បាប់នៅកម្ពុជាក៏ដោយ ។
ការប្ដេជ្ញាចិត្ដវិលមកមាតុភូមិវិញរបស់ឯកឧត្ដម សម រង្ស៊ី បានធ្វើឱ្យភ្ញាក់ផ្អើលទៅដល់ក្រុមសមត្ថកិច្ចរបស់រាជរដ្ឋាភិបាល ដោយពួកគេបានប្រកាសត្រៀមចាប់ខ្លួនភ្លាមនៅពេលឯកឧត្ដម សម រង្ស៊ី បង្ហាញវត្ដមាននៅលើទឹកដីកម្ពុជា។
ជាការពិតណាស់ ចំពោះទិដ្ឋភាពផ្លូវច្បាប់របស់កម្ពុជា គឺឯកឧត្ដម សម រង្ស៊ី មានឈ្មោះជាទណ្ឌិត ក្រោមការវិនិច្ឆ័យដ៏មហាលម្អៀងរបស់ស្ថាប័នតុលាការដែលគ្មានឯករាជ្យ ភាព ។ ដូច្នេះ ស្ថាប័នអនុវត្ដន៍ច្បាប់ត្រូវតែធ្វើការ ចាប់ខ្ល្ញួនឯកឧត្ដម សម រង្ស៊ី ដាក់ពន្ធនាគារ ដើម្បីបង្ខំឱ្យទទួលទោសតាមអំណាចសាលក្រមព្រហ្មទណ្ឌស្ថាពររបស់ តុលាការ ពាក់ព័ន្ធនឹងករណីដកបង្គោលតម្រុយព្រំដែនកម្ពុជា-វៀតណាម។ បញ្ហានេះ ឯកឧត្ដម សម រង្ស៊ី នឹងអាចដឹងច្បាស់ណាស់ ពីព្រោះឯកឧត្ដមក៏ជាអតីតមេធាវីមួយរូបក្នុងគណៈមេធាវីនៃព្រះរាជាណា ចក្រកម្ពុជា អត្ដលេខ១០៨ផងដែរ ។
ឯកឧត្ដម សម រង្ស៊ី ប្រាកដជាបានដឹងរួចហើយថា ផ្លូវដែលឯកឧត្ដមអាចវិលត្រឡប់មកមាតុភូមិវិញមានពីរ គឺ ៖
១-មុននឹងមកអាចសុំលើកលែងទោសពីអង្គព្រះមហាក្សត្រតាមសេចក្ដី ក្រាបបង្គំទូលថ្វាយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីគេចផុតពីការចាប់ និងឃុំខ្លួនដាក់ពន្ធនាគារតាមអំណាចសាលក្រមស្ថាពររបស់តុលាការ( ឧទាហរណ៍ដូចឯកឧត្ដមធ្លាប់បានអនុវត្ដន៍ កាលពីអំឡុងដើមឆ្នាំ២០០៦ដែលទទួលបានការលើកលែងទោសពីអង្គ ព្រះមហាក្សត្រតាមព្រះរាជក្រឹត្យលេខនស/រកត/០២០៦/០៦៨ ចុះថ្ងៃទី០៥ខែកុម្ភៈឆ្នាំ២០០៦) ។ ប៉ុន្ដែជម្រើសទី១នេះ គឺគេចមិនផុតពីការជាប់ឬទទួលយកលក្ខខណ្ឌខ្លះពី“សម្ដេចតេជោសែន ”នោះឡើយ ។
២-ចូលមកដោយត្រៀមខ្លួនរួចជាស្រេចឱ្យសមត្ថកិច្ចចាប់ និងឃុំខ្លួនដាក់ពន្ធនាគារតាមអំណាចសាលក្រមស្ថាពររបស់តុលាការ និងដីកាចាប់ខ្លួនរបស់តុលាការ ។
មជ្ឈដ្ឋានអ្នកវិភាគនយោបាយ ឯករាជ្យនៅកម្ពុជាបានលើកឡើងថា ប្រសិនបើឯកឧត្ដម សម រង្ស៊ី មានអារម្មណ៍ពិតប្រាកដចង់វិលត្រឡប់មកមាតុភូមិវិញ គឺអាចជ្រើសរើសយកជម្រើសទី២ប្រសើរជាងរើសយកជម្រើសទី១ ក្នុងករណីឯកឧត្ដមជាអ្នកនយោបាយមានសេចក្ដីក្លាហានដូចពាក្យចាស់ ពោសថា “កូនប្រុសដើមទ្រូង៥ហត្ថ” ពីព្រោះបើយកជម្រើសទី១គ្មានន័យឡើយសម្រាប់ឯកឧត្ដមក្នុងកាលៈទេសៈ នេះ ដោយអ្វីៗសម្រាប់ឯកឧត្ដមបានបាត់បង់អស់រួចស្រេចហើយ ដូចជាសិទ្ធិបោះឆ្នោត សិទ្ធិឱ្យគេបោះឆ្នោត និងសមាជិកគណៈមេធាវី ។
ក្រុមអ្នកវិភាគកិច្ចការសង្គមនៅកម្ពុជាបានលើកឡើងថា កំហុសឆ្គងរបស់ឯកឧត្ដម សម រង្ស៊ី ចំពោះប្រទេសជាតិ គឺគ្មានទាល់តែសោះ និងក៏គ្មានបាតដៃប្រឡាក់ប្រឡូសនឹងអំពើពុករលួយ អំពើហិង្សាអ្វីដែរនាពេលកន្លងមក ផ្ទុយទៅវិញ ឯកឧត្ដមបានលះបង់នូវកម្លាំងកាយ កម្លាំងចិត្ដ និងទ្រព្យធនអស់ជាច្រើនដើម្បីប្រទេសជាតិកម្ពុជា ។ ប្រសិនបើវត្ដមានឯកឧត្ដមនៅលើទឹកដីកម្ពុជា គឺពិតជាបានលើកកម្លាំងចិត្ដនិងសន្ទុះប្រជាប្រិយភាពរបស់គណបក្ស សង្គ្រោះជាតិឱ្យរឹតតែខ្លាំងក្លាទ្វេដងថែមទៀត ទោះបីឯកឧត្ដមមិនមានសិទ្ធិបោះឆ្នោតនិងមិនមានសិទ្ធិឈរឈ្មោះឱ្យគេ បោះឆ្នោតក៏ដោយ ។
សរុបសេចក្ដីមក អ្នកគាំទ្រគណបក្សសង្គ្រោះជាតិទាំងអស់ចង់ឃើញនូវសេចក្ដីក្លាហាន និងការសន្យាពិតប្រាកដរបស់ឯកឧត្ដម សម រង្ស៊ី ក្នុងការវិលត្រឡប់មក មាតុភូមិវិញនៅមុនពេលបោះឆ្នោតជាតិឆ្នាំ២០១៣ខាងមុខនេះ ហើយក៏ជាឱកាសដើម្បីបង្ហាញអំពីសេចក្ដីស្មោះត្រង់ និងសេចក្ដីក្លាហានរបស់ឯកឧត្ដមផង និង ដើម្បីលើកស្ទួយប្រជាប្រិយភាពគណបក្សសង្គ្រោះជាតិឱ្យរឹតតែខ្លាំងក្លា ឈានទៅទទួលជ័យជម្នះផង ៕
ប្រភពពី ដើមត្នោត
សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
