ភ្នំពេញៈ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​មក​ដល់​ប្រទេស​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ហើយ​រូប​លោក​នឹង​ទៅ​ថ្លែង​សារ​នយោបាយ​ដោយ​ផ្ទាល់​ជា​លើក​ដំបូង​នៅ​ទីលាន​ប្រជាធិប​តេយ្យ នៅ​ចំពោះ​មុខ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ រាប់​ម៉ឺន​នាក់​ដែល​កំពុង​ទន្ទឹង​រង់​ចាំ​រូប​លោក។
លោក សម រង្ស៊ី ដែលបាន​រស់​នៅ​និរទេស​ជាង​ ៤ ឆ្នាំ ​ដើម្បី​គេច​ពី​ការ​ផ្តន្ទា​ទោស​ ១១ ​ឆ្នាំ ត្រូវ​បាន​ប្រទាន​ការ​លើក​លែង​ទោស​ដោយ​​ព្រះ​​មហា​ក្សត្រ​ នរោត្តម សីហមុនី កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​​ដើម្បីត្រួស​ត្រាយ​​​ផ្លូវ​ឲ្យ​លោក អាច​ចូល​រួម​ការ​បោះ​ឆ្នោត​ដើម្បី​​ប្រកួត​ប្រជែង​ជា​មួយ​​បុរស​ជើង​ខ្លាំង លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៃ​​គណ​បក្ស​ប្រជា​ជន​កម្ពុជា ដែល​បាន​គ្រប់​គ្រង​ប្រទេស ​២៨ ​ឆ្នាំ​មក​ហើយ​។
ការ​មក​ដល់​របស់​មេដឹក​នាំ​គណបក្ស​ប្រឆាំង​រូប​នេះ ត្រូវ​បាន​ទទួល​ស្វាគមន៍​ពី​សកម្មជន រាប់​ម៉ឺន​នាក់ រួម​​ទាំង​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​សមាជិក​ជាន់​ខ្ពស់​គណបក្ស​ជា​ច្រើន​នាក់​ទៀត នៅ​ឯព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ។
កំលាំង​​អាជ្ញាធរ​មាន​សមត្ថកិច្ច​ជាច្រើន​នាក់ ក៏ត្រូវ​បានដាក់​ពង្រាយ​តាម​ដងផ្លូវ ដើម្បី​រៀបចំ​សន្តិសុខ សណ្តាប់​ធ្នាប់ និង​ការ​ការពារ​កុំ​​ឲ្យ​មាន​ភាព​ចលាចល ដើម្បី​​ការពារ​នូវ​សុវត្ថិភាព​របស់​លោក​សម រង្ស៊ី​ផងដែរ។​ ទោះ​ជា​យ៉ាង​ណា​ក្តី ដោយ​សារ​មាន​មនុស្ស​បាន​មក​ទទួល​លោក សម រង្ស៊ី លើស​ពី​ការ​រំពឹង​ទុក បាន​បណ្តាល​ឲ្យ​មាន​ការ​កក​ស្ទះ​ចរាចរណ៍​យ៉ាង​ខ្លាំង​ផង​ដែរ។
នៅលើគេហទំព័ររបស់គណបក្សសង្គ្រោះជាតិ ដែល​បាន​ផ្សាយ​ផ្ទាល់​ពី​សកម្មភាព​ការ​វិល​ត្រលប់​មក​វិញ​របស់​លោក សម​ រង្ស៊ី មាន​អ្នក​ចូល​ទស្សនា​ប្រមាណ​ជាង ១ លាន​នាក់ ខណៈ​ដែល​នៅ​​លើ​បណ្តាញ​សង្គម​ហ្វេក​ប៊ុក​វិញ ក៏​មាន​ការ​បង្ហោះ​រូប​ភាព​នៃ​ការ​វិល​ត្រលប់​របស់​លោក សម រង្ស៊ី យ៉ាង​ផុស​ផុល​ផង​ដែរ។
ខណៈ ពេល​ដែល​លោក សម​ រង្ស៊ី ​ដើរ​ចេញ​ពី​ព្រលាន​យន្ត​ហោះ​ជាមួយ​នឹង​ការ​កាន់​ដៃ​លោក កឹម សុខា យ៉ាង​ជាប់ លោក សម​ រង្ស៊ី បាន​ស្រែក មុន​លោក​ឡើង​ឡាន​ជាមួយ​លោក កឹម សុខា​ថា «ខ្ញុំ​ត្រលប់​មក ដើម្បី​សង្គ្រោះ​ពួក​យើង!»។ នៅ​តាម​ដង​ផ្លូវ សកម្មជន​ជា​ច្រើន​ម្នាក់​បាន​ស្រែក​ឡើង​ព្រមៗ​គ្នាថា  «ដូរ មិនដូរ!» «ជយោ! លោកប្រធាន សម រង្ស៊ី និងលោក កឹម​ សុខា!»។
ក្បួន​ដង្ហែរ​លោក សម រង្ស៊ី បាន​ចាក​ចេញ​ពី​ព្រលាន​យន្តហោះ​អន្តរជាតិ​ភា្លមៗ​ឆ្ពោះ​ទៅ​កាន់​ទី​លាន​ប្រជាធិប​តេយ្យ ដោយ​មាន​ការ​ហែហម​ដោយ​អ្នក​គាំទ្រ​រាប់​ម៉ឺននាក់ រួម​ទាំង​អ្នក​សារព័ត៌មានជាតិ និង​អន្តរជាតិ និង ប្រជាពលរដ្ឋ​បាន​លើក​ដៃ​ស្វាគមន៍​មេដឹកនាំ​គណបក្ស​ប្រឆាំង​រូប​នេះ​តាម​ដង​ផ្លូវ។ តាម​ការ​គ្រោង​ទុក លោក សម រង្ស៊ី នឹង​ធ្វើ​ការ​ថ្លែង​សារនយោបាយ នៅ​ទី​នោះ ដើម្បី​ផ្តល់​ទំនុក​ចិត្ត​ដល់​សកម្មជន​របស់​ខ្លួន​បន្ថែម​ទៀត ក្នុង​ការ​បន្ត​ឃោសនា​រក​សម្លេង​ឆ្នោត។
យ៉ាង​ណា​ក៏​ដោយ ការ​មក​ដល់​របស់​លោក​ សម រង្ស៊ី មិន​ទាន់​​ស្ថិត​ក្នុង​​ឋានៈ​ជា​បេក្ខ​ជន​​​តាម​ផ្លូវ​ច្បាប់​ឡើយ ដោយ​​ឈ្មោះ​របស់​លោក​ ត្រូវ​បាន​គេ​លុប​​ចេញ​ពី​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត ​ប៉ុន្តែ​ការ​រំពឹង​ទុក​មុន​ពេល​​លោក​មក​ដល់​ ​ព្រម​ទាំង​កេរ្តិ៍​ឈ្មោះ​របស់​លោកក្នុង​គណបក្ស​​ប្រឆាំង​នឹង​ធ្វើ​ឲ្យ​វា​​ អាច ដែល​ការ​ឃោស​នា​​នេះ​ នឹង​ឈាន​ដល់​កម្រិត​ថ្មី​មួយ​ទៀតនា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ។
លោក សម រង្ស៊ី នៅសល់ពេល ៨ ថ្ងៃទៀត មុនពេលការឃោសនារកសម្លេង​ឆ្នោតត្រូវបានបញ្ចប់។

សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រ​តី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
 
Top