ទីបំផុតទៅ ប្រធានគណបក្សសង្គ្រោះជាតិបានមកដល់ប្រទេសកម្ពុជាតាមការគ្រោងទុកនៅព្រឹកថ្ងៃសុក្រនេះ។ លោក សម រង្ស៊ី ដែលទើបទទួលបានព្រះរាជទាន លើកលែងទោសពីព្រះមហាក្សត្រ ក្រោមការស្នើសុំពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងត្រូវប្រើរយៈពេល១សប្តាហ៍ចុងក្រោយដើម្បីជួយឃោសនារកសំឡេងឆ្នោតអោយគណបក្សសង្គ្រោះជាតិរបស់លោក ដើម្បីប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជាកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ មនុស្សរាប់សែននាក់បានទទួលស្វាគមន៍លោក សម រង្ស៊ី និងបានហែហម អមដំណើរលោក សម រង្ស៊ី ដែលឈរទន្ទឹមគ្នានឹងលោក កឹម សុខា នៅលើរថយន្ត Pick up ដែលដឹកលោកចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ ឆ្ពោះមកទីលានប្រជាធិបតេយ្យ ក្រោយស្ថានទូតសហរដ្ឋអាមេរិក។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ អមដោយអនុប្រធានរបស់លោក គឺលោក កឹម សុខា រួមទាំងបេក្ខជនតំណាងរាស្រ្តរបស់គណបក្សសង្គ្រោះជាតិជាច្រើនរូបទៀត បានដើរចេញពីព្រលានយន្តហោះ អន្តរជាតិភ្នំពេញ កាលពីម៉ោង ៩ព្រឹកជាង ក្រោមសំឡេង
ជ័យឃោស របស់សកម្មជនដែលឈរចាំទទួល ត្រៀបត្រានៅខាងមុខព្រលាន។
ជ័យឃោស របស់សកម្មជនដែលឈរចាំទទួល ត្រៀបត្រានៅខាងមុខព្រលាន។
បែកចេញពីស្រុកអស់រយៈពេល ៤ឆ្នាំ ដោយសារមានរឿងចម្រូងចម្រាសព្រហ្មទណ្ឌ ហើយ ដែលត្រូវបានព្រះរាជទានលើកលែងទោស ដោយព្រះមហាក្សត្រកាលពីពេលថ្មីៗនេះ លោក សម រង្ស៊ី បង្ហាញទឹកមុខស្រងូតស្រងាត់មុននឹងថ្លែងដោយរំភើបទៅកាន់អ្នកគាំទ្រពីរ បីម៉ាត់ថា លោករីករាយដោយបានត្រលប់មកប្រទេសវិញ និងបានជួបអ្នកគាំទ្រ នៅខាងមុខព្រលានយន្តហោះ ជាទីដែលលោកឡើងរថយន្តហែក្បួនចូលមកទីក្រុងភ្នំពេញ។
វិថីដ៏ធំបំផុតរបស់ប្រទេស ដែលធ្លាប់តែជាច្រកចេញចូលសំខាន់សម្រាប់ប្រតិភូជាតិ និងអន្តរជាតិ ពេលនេះត្រូវគ្របដណ្តប់ដោយសកម្មជននិង អ្នកគាំទ្រគណបក្សសង្គ្រោះជាតិរាប់ម៉ឺននាក់។
នៅតាមបណ្តាយមហាវិថីសហម្ព័ន្ធរុស្សី ក្រៅពីក្បួនម៉ូតូ និងរថយន្តរបស់អ្នកគាំទ្រគណបក្ស សង្រ្គោះជាតិ ដែលបានរាយបណ្តាក់គ្នាពីព្រលានយន្តហោះអន្តរជាតិភ្នំពេញរហូតដល់ទីលានប្រជាធិបតេយ្យ គេឃើញមាននៅតាមកំណាត់ផ្លូវតូចៗមួយចំនួន ដែលកាត់ទទឹងផ្លូវធំ សកម្មជនគណបក្សប្រជាជនកម្ពុជាបានដាក់មេក្រូបំពងសំឡេងបែរទៅរកក្បួនដង្ហែ គណបក្សសង្គ្រោះជាតិ ព្រមទាំងមានការដង្ហែក្បួនឃោសនា ដោយប្រើម៉ូតូកង់បី រាប់រយគ្រឿង ដែលកង់បីខ្លះ ពុំមានមនុស្សជិះ ឬក៏មានមនុស្សជិះម្នាក់ប៉ុណ្ណោះ បើកបញ្ច្រាស់ទិសគ្នាជាមួយក្បួនគណបក្សសង្ក្រោះជាតិ ជាហេតុធ្វើឲ្យស្ទះចរាចរណ៍ នៅលើកំណាត់ផ្លូវសហព័ន្ធរុស្សីជាអន្លើៗ។
ទោះជាយ៉ាងនេះក្តី គេមិនឃើញមានការប៉ះទង្គិចគ្នាណាមួយ គួរឲ្យកត់សម្គាល់នោះទេ ក្រៅពីស្រែកហ៊ោកញ្ជ្រៀវដាក់គ្នា រវាងលេខ៧ និងលេខ៤ និងពាក្យថា «ដូរ និងមិនដូរ»។
លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតខុមហ្រ្វែល បានប្រាប់វិទ្យុបារាំង RFI ឲ្យដឹងថា ក្រៅពីភាពរអាក់រអួលក្នុងការផ្សាយផ្ទាល់ពីសកម្មភាពរបស់លោក សម រង្សី តាមប្រព័ន្ធ អ៊ិនទែណែត លោកនៅមិនទាន់មានការរាយការណ៍ណាមួយ ដែលបង្ហាញពីការប៉ះទង្គិចគ្នានោះទេ គិតមកត្រឹមម៉ោង ១២ថ្ងៃត្រង់នេះ៕
ប្រភពពី RFI
សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
