ភ្នំពេញ: តារាចម្រៀង​ចាស់វស្សា នៅក្នុង​ទ្រនំ​ផលិតកម្ម​ហង្ស​មាស កញ្ញា ពេជ្រ សោភា បាន​សរសេរ​ប្រកាស និង​បង្ហោះ​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក កាលពីពេល​ថ្មីៗ​នេះ​ថា នាង​ត្រៀមខ្លួន​រួចជាស្រេច ក្នុងការ​បោះឆ្នោត​នៅពេល​ខាងមុខ ហើយ​នាង​ក៏បាន​ឆ្លើយតប​ទៅកាន់​អ្នក​ដែល​និយាយ​ឲ្យ​នាង​ថា មិន​ហ៊ាន​ចេញមុខ​ធ្វើការ​គាំទ្រ​គណបក្សនយោបាយ​ណាមួយ ឲ្យ​ប្រាកដ​នោះ​។​ 
ការសរសេរ​រៀបរាប់​របស់ ពេជ្រ សោភា បាន​បង្ហោះ​នៅលើ Account Facebook របស់​នាង បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា “​នាង​ខ្ញុំ ពេជ្រ សោភា សូម​មិន​ចូល ឬ​ប្រកាន់បក្ស​ណាមួយ​នោះទេ តែ​ខ្ញុំ​នឹង​ទៅ​បោះឆ្នោត ហើយ​មនុស្ស​គ្រប់រូប មាន​សិទ្ធិ​ជ្រើសរើស​នូវ​អ្នកដឹកនាំ ដែល​ខ្លួន​ស្រឡាញ់ និង​ទុកចិត្ត តាមរយៈ​សន្លឹកឆ្នោតរ​បស់​ខ្លួន ។ អីចឹង​កុំ​ភ្លេច​ទៅ​បោះឆ្នោត​ទាំងអស់គ្នា​ណា​។ នាង​ខ្ញុំ​ក៏មាន​បក្សនយោបាយ​ដែល​ខ្ញុំ​ស្រឡាញ់​គាំទ្រ​ដែរ​”​។​
​តារាចម្រៀង​ដែល​ពូកែ​រាំ ពេជ្រ សោភា បាន​បន្តទៀតថា “​ក្នុងនាម​ជាតា​រា​មួយរូប នាង​ខ្ញុំ​សូម​មិន​បង្ហាញ​គោលជំហរ ឈរ​នៅ​ខាង​ណា​នោះទេ ព្រោះ​សិល្បៈ​ជា​ផ្នែក​មួយ​ដែល​ឆ្លុះបញ្ចាំង​ពី​ប្រទេស ហើយ​សិល្បៈ​ក៏​ជា​មនុស្ស​របស់​មហាជន មិន​ថា​យើង​ស្រឡាញ់ ឬ​ប្រកាន់​បក្សនយោបាយ​មួយណា ឬ​យ៉ាងណា​នោះទេ យើងទាំងអស់គ្នា សុទ្ធតែ​ចង់​ឲ្យ​ប្រទេស​រីកចម្រើន និង​សុខសន្តិភាព​ដូចគ្នា ដូចនេះ​យើង​ជា​ខ្មែរ​ដូចគ្នា ត្រូវ​ចេះ​ស្រឡាញ់ រួបរួមសាមគ្គី​គ្នា មិនត្រូវ​ឈ្លោះប្រកែក​គ្នា​នោះទេ ត្រូវ​រស់នៅ​ដោយ​សន្តិភាព​ជាមួយគ្នា ខ្មែរ​ស្រឡាញ់​ខ្មែរ​” ។​
​នៅ​ថ្ងៃទី​១៤​ខែកក្កដា​ឆ្នាំ​២០១៣ នាង​បាន​បន្ត​បង្ហោះ​បន្ថែមថា “​ជាការ​ពិត នាង​ខ្ញុំ​មិន​ចង់​និយាយ ឬ​បញ្ចេញ​ទស្សនៈ​អ្វី​ទាក់ ទង​នឹង​បញ្ហានយោបាយ ជាពិសេស​ទាក់ទង​នឹង​ការបោះឆ្នោត​នោះទេ ។ ប៉ុន្តែ​នាង​ខ្ញុំ​ស​ម្រ​ច​ចិត្ត​និយាយ​នេះ ដើម្បី​បញ្ចេញយោបល់​ផ្ទាល់ខ្លួន និង​ឆ្លើយតប​នឹង​បុគ្គល​មួយចំនួន ដែល​និយាយ​ដាក់​នាង​ខ្ញុំ​ថា ខ្ញុំ​កំសាក ខ្ញុំ​ខ្លាច មិន​ហ៊ាន​បញ្ចេញ បើសិនជា​ខ្ញុំ​ខ្លាំង ម្ដេច​មិន​បង្ហាញ​បក្ស ដែល​នាង​ខ្ញុំ​គាំ​ទ្រមក ។ នាង​ខ្ញុំ​គិតថា គ្មាន​ហេតុផល​អី ដែល​ត្រូវ​និយាយ​មក​នោះទេ ព្រោះនេះ​ជា​សិទ្ធិ​បុគ្គល ហើយ​សំខាន់​ឲ្យ​តែ​ចិត្ត​យើង​ច្បាស់​ថា ស្រឡាញ់​មួយណា ហើយក៏​មិន​ចង់បាន​ឈ្មោះថា វ៉ៃ​អែប​ស៊ី​អប​អី​ដែរ​។
នាង​ខ្ញុំ​សុខចិត្ត​ធ្វើជា​មនុស្ស​អន់ ធ្វើជា​មនុស្ស​ទន់ខ្សោយ ដើម្បី​សន្សំ​កម្លាំង​ធ្វើការ​ចិញ្ចឹម​ឪពុកម្ដាយ​ខ្ញុំ​វិញ​ល្អ​ជាង ព្រោះ​គាត់​ជា​អ្នក​ផ្ដល់កំណើត​ឲ្យ​ខ្ញុំ​។ ហើយ​មនុស្ស​គ្រប់រូប មាន​សិទ្ធិ​រក្សា​ការសម្ងាត់​លើ​ការបោះឆ្នោត ហេតុនេះ​ទើប​ការបោះឆ្នោត ត្រូវធ្វើ​ក្នុង​បន្ទប់សម្ងាត់ ដើម្បី​រក្សា​ការសម្ងាត់ អ​ព្យា​ក្រឹត្យ​ភាព និង​គ្មាន​ការបង្ខិតបង្ខំ បើ​អីចឹង​អ្នក​អាច​ទៅ​សាកសួរ​ខាង គ​.​ជ​.​ប​. បើសិន ជា​អ្នក​គិតថា ត្រូវតែ​បញ្ចេញ​បក្សនយោបាយ​ដែល​ខ្លួន​ស្រឡាញ់​នោះ ។ សុំទោស នាង​ខ្ញុំ​មាន​សិទ្ធិ រក្សា​សិទ្ធិសេរីភាព​ខ្លួនឯង ដោយ​មិន​ប៉ះពាល់​លើ​សិទ្ធិ​អ្នកដទៃ ហេតុនេះ​សូមអ្នក​យល់​” ។
​ចំពោះ​ពាក្យពេចន៍​ខាងលើ​របស់ កញ្ញា ពេជ្រ សោភា ត្រូវបាន​ទស្សនិកជន ក៏ដូចជា​អ្នក​និយម​លេង​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ធ្វើការ​សន្និដ្ឋានបានថា នាង​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ចេះ​ស្រឡាញ់គ្នា សាមគ្គី​គ្នា កុំ​យក​ខ្មែរ​ជាស​ត្រូវ និង​យល់​ពី​តួនាទី របស់ខ្លួន​ច្បាស់លាស់ មិន​ជ្រុលនិយម ដូច​តារាចម្រៀង តារា​សម្ដែង និង​តារា​កំប្លែង​មួយចំនួន​នោះឡើយ​៕
ប្រភពៈ CEN


សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រ​តី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
 
Top