ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ព្នង មួយ​ចំនួន​នៅ​ខេត្ត​មណ្ឌលគិរី មិន​អាច​ទៅ​បោះឆ្នោត​បាន​ទេ។ ពលរដ្ឋ​ខ្លះ​ប្រាប់​ថា ពួក​គាត់​មិន​បាន​ចុះ​ឈ្មោះ និង​ខ្លះ​ទៀត​ប្រាប់​ថា មិន​ចង់​បោះឆ្នោត។ ការ​បញ្ជាក់​ឲ្យ​ដឹង​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) នៅ​សប្ដាហ៍​នេះ​បាន​ប្រកាស​ថា ក្នុង​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ឆ្នាំ​២០១២ អ្នក​បោះឆ្នោត​ចំនួន ៣% ឬ​ស្មើ​នឹង​ជាង ៣០​ម៉ឺន​នាក់​នៅ​ទូទាំង​ប្រទេស បាត់​ឈ្មោះ​ចេញ​ពី​បញ្ជី​អ្នក​បោះឆ្នោត។
ជនជាតិ​ដើម​ព្នង មួយ​ចំនួន​នៅ​ខេត្ត​មណ្ឌលគិរី នឹង​មិន​អាច​ទៅ​បោះឆ្នោត​បាន​ទេ ដោយសារ​មូលហេតុ​ផ្សេងៗ​គ្នា ដូច​ជា មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត អ្នក​ខ្លះ​បាត់​ឈ្មោះ និង​អ្នក​ខ្លះ​ទៀត​មិន​ខ្វល់​ពី​ការ​បោះឆ្នោត​តែ​ម្ដង។
ជនជាតិ​ដើម​ភាគ​តិច​ព្នង នៅ​សង្កាត់​ស្ពានមានជ័យ ក្រុង​សែនមនោរម្យ លោក ក្រោះ ង៉ាញ់ នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា មាន​ប្រសាសន៍​ថា លោក​មិន​ដឹង​ថា​បោះឆ្នោត​ពេល​ណា​ទេ ព្រោះ​ថា​រវល់​ធ្វើ​ចម្ការ។ លោក​បន្ត​ថា គ្រួសារ​លោក​មិន​ខ្វល់​នឹង​អ្នក​ណា​ជាប់​ឆ្នោត​ឡើយ តែ​អ្វី​ដែល​បារម្ភ​បំផុត​នោះ គឺ​អង្ករ​ច្រក​ឆ្នាំង​តែ​ប៉ុណ្ណោះ។ នៅ​ពេល​ដែល​សួរ​ថា តើ​ធ្លាប់​បាន​ដឹង​ថា​គេ​បោះឆ្នោត​ជា​ច្រើន​ដង​ហើយ​ទេ? លោក ក្រោះ ង៉ាញ់ បញ្ជាក់​ថា គាត់​រវល់​តែ​ចូល​ព្រៃ។
ទន្ទឹម​នឹង​នេះ ស្ត្រី​ជនជាតិ​ដើម​ព្នង នៅ​សហគមន៍​ប៊ូស្រា លោកស្រី ង៉ះ នី មាន​ប្រសាសន៍​ថា គាត់​រក​ឈ្មោះ​មិន​ឃើញ​ទេ​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត ហើយ​ក៏​មិន​បាន​ទទួល​ប័ណ្ណ​ព័ត៌មាន​អ្នក​បោះឆ្នោត​ដែរ។ លោកស្រី​បន្ត​ថា រូប​គាត់​ធ្លាប់​បាន​បោះឆ្នោត ២​អាណត្តិ​មក​ហើយ គឺ​តាំង​ពី​ឆ្នាំ​២០០៣ និង​ឆ្នាំ​២០០៨។ ចំណែក​ឯ​ការ​បោះឆ្នោត​ឃុំ​ឆ្នាំ​២០១២ មិន​បាន​បោះ​ទេ ព្រោះ​ជាប់​ធ្វើ​ចម្ការ​ភ្លេច​ថ្ងៃ​បោះឆ្នោត។ លោកស្រី​បញ្ជាក់​ថា លោកស្រី​មិន​ហ៊ាន​ទៅ​ប្ដឹង ឬ​តវ៉ា​អ្វី​ឡើយ ទោះ​មិន​បាន​បោះឆ្នោត​ក៏​តាម​ដំណើរ​ទៅ​ចុះ។
ស្រដៀង​គ្នា​នេះ​ដែរ បេក្ខជន​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​មណ្ឌលគិរី លោក ឈឹម សាមុត ឲ្យ​ដឹង​ថា នៅ​ខេត្ត​នេះ​មាន​ប្រជាពលរដ្ឋ​មិន​តិច​ទេ​ដែល​បាត់​ឈ្មោះ​ពី​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត និង​មិន​អាច​ទៅ​បោះឆ្នោត​បាន។ លោក​បន្ត​ថា ការ​ខកខាន​មិន​បាន​បោះឆ្នោត គឺ​បាន​ន័យ​ថា ជា​ការ​បាត់​បង់​សិទ្ធិ​សម្រេច​ចិត្ត​ជ្រើស​រើស​តំណាង​របស់​ខ្លួន ដើម្បី​ជួយ​ដោះស្រាយ​ពី​បញ្ហា​ប្រឈម​ដែល​ពលរដ្ឋ​កំពុង​ជួប​ប្រទះ។
ឆ្លើយ​តប​នឹង​បញ្ហា​នេះ អនុ​ប្រធាន​គណៈកម្មការ​រៀប​ចំ​ការ​បោះឆ្នោត ខេត្ត​មណ្ឌលគិរី លោក គិន ជាន មាន​ប្រសាសន៍​ថា លោក​មិន​បាន​ដឹង​ថា​មាន​ពលរដ្ឋ​ប៉ុន្មាន​នាក់ ដែល​បាត់​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ឡើយ បើ​ទោះ​ជា​ថ្នាក់​ជាតិ​ធ្វើ​សវនកម្ម​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ហើយ​ក៏ដោយ។ លោក​បន្ត​ថា ពលរដ្ឋ​នៅ​ខេត្ត​នេះ​ខ្លះ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ទៅ​ពិនិត្យ​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ទេ ហើយ​អ្នក​ខ្លះ​ទៀត​ក៏​មិន​យក​ចិត្ត​ទុក​ដាក់​រឿង​បោះឆ្នោត​ដែរ។ លោក​បញ្ជាក់​ថា បើ​ពលរដ្ឋ​មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត គឺ​មាន​តែ​រង់ចាំ​ចុះ​ឈ្មោះ​បោះឆ្នោត​តាម​ឃុំ​សង្កាត់ ដែល​ខ្លួន​រស់នៅ​ជា​រៀង​រាល់​ឆ្នាំ​នៅ​ខែ​តុលា។
កាល​ពី​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០១២ កន្លង​ទៅ មាន​ពលរដ្ឋ​នៅ​ខេត្ត​នេះ​ជាង ៦០% ដែល​ចូលរួម​បោះឆ្នោត។ គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​មណ្ឌលគិរី ឲ្យ​ដឹង​ថា មក​ដល់​ពេល​នេះ ស្ថាប័ន​ជំនាញ​បាន​ចែក​ប័ណ្ណ​ព័ត៌មាន​អស់​ចំនួន​ជាង ៨០% ប៉ុណ្ណោះ ហើយ​ប័ណ្ណ​នៅ​សល់​រក​ពលរដ្ឋ​មិន​ឃើញ អាច​មក​ពី​ការ​ផ្លាស់​ទី​លំនៅ​ទៅ​រស់​នៅ​កន្លែង​ផ្សេង។ ក្រុម​មន្ត្រី​សង្គម​ស៊ីវិល បញ្ជាក់​ថា ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​មួយ​ចំនួន មិន​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​នោះ​ដោយសារ​កត្តា​ជា​ច្រើន ដូច​ជា ការ​ខ្វះ​នូវ​ព័ត៌មាន ខ្វះ​ការ​ផ្សព្វផ្សាយ ចំណេះ​ដឹង​ទាប ជីវភាព​ក្រីក្រ និង​អ្នក​ខ្លះ​ទៀត​មិន​ចេះ​ទាំង​និយាយ​ភាសា​ខ្មែរ​ក៏​មាន។
តាម​របាយការណ៍​សវនកម្ម​របស់ ខុមហ្វែ្រល (Comfrel) ដែល​ចេញ​កាល​ពី​ដើម​ឆ្នាំ​២០១៣ បង្ហាញ​ថា មូលហេតុ​បណ្ដាល​ឲ្យ​ពលរដ្ឋ​បាត់​ឈ្មោះ និង​មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត ដោយសារ​ភាព​អសកម្ម​នានា​ក្នុង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ឲ្យ​ប្រជាពលរដ្ឋ ដែល​ជា​តួនាទី​របស់​ស្មៀន​ឃុំ​សង្កាត់ និង​មិន​មាន​ការ​ត្រួត​ពិនិត្យ​ហ្មត់ចត់​ពី គ.ជ.ប៕
ប្រភពពី RFA


សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រ​តី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
 
Top