ភ្នំពេញ​៖ ​យុវ​ជន​ម្នាក់​រង​របួស​ធ្ងន់​ ខណៈ​ពេល​ជិះ​ម៉ូតូ​ដឹក​ មិត្ត​ស្រី​មក​ពី​​ដើរ​លេង​​នៅ​កោះ​ពេជ្រ​ មក​ដល់​មុខ​ផ្ទះ​កំពុង​តេ​ទូរ​ស័ព្ទ​ហៅ​អ្នក​ផ្ទះ​បើក​ទ្វារ​ ស្រាប់​តែ​ត្រូវ​ជន​សង្ស័យ​ បាញ់​១​គ្រាប់​ប្លន់​យក​ម៉ូតូ​ ជិះ​ចេញ​ទៅ​បាត់​ដោយ​សុវត្ថិ​ភាព​ ។​
ហេតុការណ៍ប្លន់នេះកើតឡើងនៅវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃទី១០ កក្កដា នៅមុខផ្ទះលេខ១១ ក្រុម១៤ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូស្កុបពី ស៊េរី២០១៣ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BI 8588 ទៅសុំម្តាយរបស់មិត្តស្រីដឹកទៅដើរលេងនៅកោះពេជ្រ ពេលត្រឡប់មកវិញជនរងគ្រោះបានជិះម៉ូតូតាមមហាវិថីព្រះមុនីរ៉េត ទៅផ្លូវចំការដូង មកដល់ចំណុចស្ពានដែកចំការដូងបានបត់តាមផ្លូវ លេខ៣៧១ចូលទៅផ្ទះមិត្តស្រី ដោយមិនបានដឹងថាជនសង្ស័យជិះម៉ូតូដេញតាមតាំងពីចំណុចណាមកទេ។ ខណៈពេលមកដល់មុខផ្ទះមិត្តស្រី ជនរងគ្រោះបានតេទូរស័ព្ទហៅសាច់ញាតិបើកទ្វារផ្ទះឲ្យ ស្រាប់តែមានជនសង្ស័យ៣នាក់ជិះម៉ូតូសេ១២៥ ពណ៌ខ្មៅ មួយគ្រឿងមកដល់ឆក់ទូរស័ព្ទពីជនរងគ្រោះមិនបានសំរេច បានដកកាំភ្លើងខ្លីបាញ់សំដៅជនរងគ្រោះមួយគ្រាប់ ហើយបានគំរាមមិនឲ្យស្រែករួចប្លន់យកម៉ូតូ​ជនរងគ្រោះ ជិះទៅបាត់ដោយសុវត្ថិភាព ។
ជនរងគ្រោះមានឈ្មោះ សុខ រដ្ឋា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងកាត់កញ្ចក់ ស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រងរបួស១គ្រាប់បៀមជាប់ភ្លៅខាងឆ្វេង ។ នារីជាមិត្តស្រីមានឈ្មោះ មិន សុធារ៉ា អាយុ១៩ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុខាងលើ មិនមានរងរបួសទេ ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានរកឃើញ​សំបកកាទុសមួយគ្រាប់ រីឯជនរងគ្រោះត្រូវមិត្តស្រីបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ។
រហូតដល់ម៉ោង១និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ កក្កដា នៅមុខមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត តាមផ្លូវលេខ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យសហការជាមួយនគរបាលប៉ុស្ត៍បឹងទំពុន បានធ្វើការឃាត់ខ្លួនបានជនសង្ស័យ៣នាក់ និងម៉ូតូមួយគ្រឿង ដែលសង្ស័យពាក់ព័ន្ធ​នឹង​ករណីប្លន់យកម៉ូតូស្កុបពី នៅចំណុចកើតហេតុខាងលើ។ ប៉ុន្តែសមត្ថកិច្ចមិនបានបញ្ជាក់ប្រាប់ថា​ជាជនសង្ស័យពាក់ព័ន្ធនឹងរឿងអ្វីទេ​ ដោយហាមមិនឲ្យអ្នក​សារព័ត៌មានថតទេ ។​
ក្នុងនោះសមត្ថកិច្ចបាននាំមិត្តស្រីរបស់ជនរងគ្រោះ ទៅមើលមុខជនសង្ស័យនឹងទៅធ្វើការ​សាក​សួរនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ ៕
ប្រភព អង្គរធំមេឌា


សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រ​តី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
 
Top