ភ្នំពេញ: តារា​ស្រី​សិច​ស៊ី ដើមទ្រូង​ធំ កញ្ញា ឆៃ លីដា​ឡែ​ន ធ្លាប់មាន​រឿងអាស្រូវ​ដោយ​ការ​ស្លៀកពាក់ ភ្លេច​ពី​ប្រពៃណី​ខ្មែរលើ​ទឹកដី​អាមេរិក កាលពី​ជាង​១​ឆ្នាំមុន បច្ចុប្បន្ននេះ គេ​នៅតែ​សង្កេតឃើញ​សន្ទុះ​កេរ្តិ៍ឈ្មោះ​របស់​នាង នៅតែ​ដុនដាប ស្ងប់ស្ងាត់​ដដែល ។ ដោយសារ​តែមាន​បញ្ហា​អំពី​កេរ្តិ៍ឈ្មោះ​របស់​នាង​នេះហើយ ទើប​ធ្វើ​ឲ្យ​តារា​ស្រី​រូបនេះ សម្រេចចិត្ត​លាឈប់​ពី​ការងារ​សិល្បៈ ដោយសារតែ​នាង​នៅតែ​គ្មាន​ឱកាស​បញ្ចេញ​មុខមាត់ នៅលើ​កញ្ចក់​ទូរទស្សន៍ ដូចពេលមុន ។​អស់​រយៈពេល​ជាង​១​ឆ្នាំ​មកហើយ គឺ​ចាប់តាំងពី​នាង​បាន​ត្រឡប់​មកពី​សម្តែង​នៅ​អាមេរិក​វិញ​នោះ  នាង​បាន​បាត់បង់​ឱកាស​បង្ហាញខ្លួន​លើ​កញ្ចក់​ទូរទស្សន៍ ដោយ​ខាង​ស្ថានីយទូរទស្សន៍​មិន​អញ្ជើញ​នាង​ឡើង​កម្មវិធី​នានា​ឡើយ​។ នេះ​ជាដើម​ហេតុ ដែល​ធ្វើ​ឲ្យ​នាង​សម្រេចចិត្ត​បោះបង់​អាជីព​នេះ​ចោល ដោយ​គ្មាន​ស្តាយស្រណោះ ។​បើតាម​ប្រភពពី​អ្នកសិល្បៈ នៅ​ជិត​តារា​ដើមទ្រូង​ធំ កញ្ញា ឆៃ លីដា​ឡែ​ន បាន​ឲ្យ​ដឹងថា ពេលនេះ នាង​បាន​ផ្អាក​ពី​ការងារ​សិល្បៈ​ទាំងស្រុង​ហើយ ដោយសារតែ​រហូតមក​ដល់ពេលនេះ នាង​នៅតែ​គ្មាន​ឱកាស​កសាង​កេរ្តិ៍ឈ្មោះ ឲ្យ​អណ្តែត​ឡើង​ខ្ពស់​ដូចពេលមុន ។​
ប្រភព​ដដែល​បាន​បង្ហើប​បន្ថែមទៀតថា ទោះបីជា​ពេលនេះ អា​ឡែ​ន មិនបាន​ចូលប្រឡូក​ក្នុង​សិល្បៈ​ដោយ​ចំហ​ដូច​មុន​ក៏ពិតមែន តែ​នាង​នៅតែ​បន្ត​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ដោយ​ប្រយោល គឺ​ការ​ច្រៀង​នៅ​ខន​សឺត​តាម​ខេត្ត ដែលមាន​ទស្សនិកជន​មួយចំនួន នៅតែ​បន្ត​គាំទ្រ​នាង​ដដែល បើទោះជា​មាន​ទស្សនិកជន​មួយចំនួន ហាក់​នៅតែ​ខឹងសម្បា​នាង ដោយសារតែ​កំហុស​អ​ចេតនា​នោះ​ក៏ដោយ ។​សូម​រំលឹកថា បុប្ផា​មាន​សម្រស់​លើ​ទឹកដី​ខេត្តបាត់ដំបង កញ្ញា ឆៃ លីដា​ឡែ​ន បាន​បញ្ចេញ​ភាព​សិច​ស៊ី​ហួស​ដែន​កំណត់ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មួយចំនួន មានការ​ខឹងសម្បា​ទៅលើ​នាង ខណៈដែល​នាង​នៅ​សម្តែង​នៅលើ​ទឹកដី​អាមេរិក ហើយ​ក្រោយពី​នាង​បាន ត្រឡប់​មកដល់​ស្រុកកំណើត​វិញ នាង​ក៏ត្រូវ​បាន​ខាង​ស្ថានីយទូរទស្សន៍ ផ្អាក​ឈប់​អញ្ជើញ​ឡើង​ទូរទស្សន៍ រហូតដល់​បច្ចុប្បន្ននេះ ។ ទោះជា​យ៉ាងណា នាង​ក៏បាន​ចេញមុខ​សុំទោស​ជា​សាធារណៈ​ដល់​ប្រជាពលរដ្ឋ ពី​កំហុស​អ​ចេតនា​របស់​នាង​ជា​ច្រើនដង​រួចមកហើយ​ដែរ​។ តែ​កំហុស​ដែល​នាង​ធ្វើ​ខុស​មួយពេល បែរជា​ត្រូវគេ​ថ្កោលទោស អស់​រយៈពេល​ជាង​១​ឆ្នាំ​ហើយ ដល់​ថ្នាក់​ធ្វើ​ឲ្យ​តារា​ស្រី​រូបនេះ អស់​ការអត់ធ្មត់ លែង​ខាំមាត់សង្កត់ចិត្ត​តទៅទៀត ដោយ​សម្រេចចិត្ត​ដើរចេញ​ពី​សិល្បៈ គ្មាន​ការ​ស្តាយស្រណោះ​អ្វី​ឡើយ ។​ពាក់ព័ន្ធ​នឹង​ការលើកឡើង​ពី​ប្រភព​ស្និទ្ធ​ខាងលើ អ្នកយកព័ត៌មាន CEN បាន​ទូរស័ព្ទ​ទៅ​កញ្ញា ឆៃ លីដា​ឡែ​ន ក្នុង​បំណង​សុំ​ការបកស្រាយ​ពី​នាង តែ​ការហៅ​ទូរស័ព្ទ​ចូល​ចំនួន​ពីរ​-​បី​ដង នាង​មិន​លើក ៕

ប្រភពពីៈ CEN
សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រ​តី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
 
Top