ភ្នំពេញៈ ក្រោយ​រស់នៅ​ក្រោម​ដំបូល​តែ​មួយ​ជាមួយ​នឹង​បុរស​កំពូលស្នេហ៍​តែ​មិនមែន​ប្តី​ពេញសិទ្ធិ​អស់​រយៈ​ជាច្រើន​ឆ្នាំ​មក តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ថោន នាង មាស សុខសោភា ត្រូវ​គេ​និយាយ​ខ្សឹបខ្សៀវ​ថា កំពុង​រៀប​ផែនការ​យក​កូនស្រី​នៅ​ឆ្នាំ​ក្រោយ ដែល​ត្រូវ​នឹង​ឆ្នាំ​មមី។ តែ​នៅ​ពេល​សួរ​នាំ​ពី​គម្រោងការ​យក​កូន​ជា​ចំណង​ដៃស្នេហ៍​នេះ បែរ​ជា​មាន​ការ​បញ្ជាក់​មក​វិញ​ថា មាស សុខ​សោភា មិន​ចូលចិត្ត​ក្មេង​ឡើយ។ថ្មី​ៗ​នេះ​មាន​ការ​និយាយ​ត​ៗ​គ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ​នៅ​ក្នុង​សង្គម​សិល្បៈ​ថា លោក ដា ដែល​ជា​ស្វាមី​មិន​សូវ​បើក​ចំហ និង​តារាចម្រៀង​មាស សុខសោភា មាន​បំណង​ចង់​បាន​កូន​ទុក​ជា​ទ្រព្យ​គាប់​ស្នេហ៍ ខណៈ​ដែល​អ្នក​ទាំង​ពីរ​ក៏​មាន​វ័យ​ក្រែល​គ្រាន់​បើ​ដែរ​នោះ​។
ប្រភព​ដដែល​បាន​បង្ហើប​ថា លោក ដា ស្រឡាញ់​កូនប្រុស រីឯ សុខសោភា ចង់​បាន​កូនស្រី​ជាង ដូច្នេះ​លោក​ដា ក៏​សុខ​ចិត្ត​បំពេញ​បំណង​គូស្នេហ៍​ដែរ​គឺ​ឲ្យ​តែ​បាន​កូន​ប្រើ​នឹង​គេ​ទុក​ជា​ចំណង​ស្នេហ៍​។តាំង​ពី​បែក​ធ្លាយ​ចំណង​ស្នេហ៍​តាំងពី​ឆ្នាំ​២០០៩​មក អ្នកណា​ក៏​ដឹង​ថា អ្នក​ទាំង​ពីរ​រួមរស់​ជាមួយ​គ្នា​ក្នុង​ផ្ទះ​តែ​មួយ​ដែរ តែ​នៅ​ពេល​ចោទ​សួរ​ពី​ទំនាក់ទំទង​នោះ បែរ​ជា​ពេល​ខ្លះ មាស សុខ​សោភា មិន​បាន​ទទួល​ស្គាល់​លោក​ដា ថា ជា​ប្តី​ទេ ពោល​ជា​គូស្នេហ៍​សង្សារ តែ​ពេល​ខ្លះ​គ្រួសារ​នាង​និយាយ​ថា មាស សុខសោភា បាន​រៀបការ​បែប​អឺរ៉ុប​នៅ​ប្រទេស​កាណាដា រួច​ហើយ។ យ៉ាង​ណា​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​នេះ ពួកគេ​មិន​ធ្លាប់​លេច​ឮ​ពី​ការ​ចង់​បាន​កូនចៅ​នោះ​ទេ ទើប​តែ​ពេល​នេះ​មាន​ការ​បែកធ្លាយ​តែ​ម្តង​។ ប៉ុន្តែ​នៅ​ពេល​សួរ​នាំ​ពី​រឿង​នេះ លោក មាស សុខ​រតនៈ ជា​បងបង្កើត និង​ជា​អ្នក​នាំពាក្យ​បែរ​ជា​បដិសេធ​ហើយ​បាន​ចាត់ទុក​ព័ត៌មាន​បែកធ្លាយ​នោះ​ជា​ចេតនា​មិន​ល្អ​លើ​ប្អូនស្រី​របស់​លោក ក្នុង​បំណង​ចង់​ឱ្យ​កេរ្តិ៍​ឈ្មោះ​របស់ មាស សុខ​សោភា មាន​ភាព​ដុនដាប​ទៅ​វិញ។
លោក មាស សុខរតនៈ ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា អ្នក​ណា​ថា អាភា ចង់​យក​កូន​នោះ​? ជា​ការ​បង្កាច់បង្ខូច​សុទ្ធសាធ​។ អាភា មិន​ចេះ​ស្រឡាញ់​ក្មេង ហើយ​កាន់​តែ​មិន​ចង់​មាន​កូន។ វា​តែង​និយាយ​ថា ចង់​តែ​ច្រៀង និង​មិន​ចង់​គិតគូរ​រឿង​កូនចៅ​អី​ទេ។ លោក​បាន​បញ្ជាក់​បន្ត​ថា ទៅ​គិត​អី​អារឿង​កូនចៅ​នោះ ចង់​បាន​ពេល​ណា​ក៏​បាន តែ​ឱកាស​រក​លុយ មិនមែន​មាន​រហូត​ទេ​សម្រាប់​អ្នកចម្រៀង​។ ពេល​នេះ ទីផ្សារ​មាន​ការ​ប្រកួតប្រជែង​ខ្លាំង ដូច្នេះ​កាន់​តែ​ត្រូវ​ខំប្រឹង​ទៀត៕


សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រ​តី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
 
Top