ភ្នំពេញ ៖ មិនទាន់នឹងបានបង្ហាញវត្តមានលើកញ្ចក់ទូរទស្សន៍វិញផងសំណុំរឿងតារាកំប្លែងល្បីឈ្មោះមធ្យមនាង ជួន ចាន់រតនា (ហៅក្អយ) ជួលរថយន្តគេជិះរួចយកទៅបញ្ចាំបាត់កាលពីអំឡុងឆ្នាំ២០១១កន្លងទៅ បានត្រូវសាលាដំបូងរាជធានីភ្នំពេញបើកសវនាការជំនុំជម្រះចំនួន២ករណីជា បន្តបន្ទាប់ ដោយកំបាំងមុខជនជាប់ចោទ នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៣ ប៉ុន្តែសាលក្រមត្រូវប្រកាសនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣ ។ យោងតាមសំណុំរឿងទី១ លេខ១៣៨៣ ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១១ មានដើមបណ្តឹងឈ្មោះ ទៀង គង់ និងសំណុំរឿងទី២ លេខ១៩៦២ ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១១ មានដើមបណ្តឹងឈ្មោះហ៊ី ប៉េងគ្រី។ក្នុងសំណុំរឿងទី១ ដើមបណ្តឹងបានចោទប្រកាន់ថា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១០ នាងក្អយបានជួលរថយន្តម៉ាកឡិចស៊ីសRX300 មួយគ្រឿងជិះ ក្នុងកិច្ចសន្យារយៈពេល៤ខែ ប៉ុន្តែនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១១ នាងក្អយ បានយករថយន្តនោះទៅបញ្ចាំក្នុងតម្លៃ៨០០០ដុល្លារអាមេរិក។ ក្រោយមកសមត្ថកិច្ចបានឃាត់ខ្លួនអ្នកទទួលបញ្ចាំ និងដកហូតរថយន្តនោះបាន ទើបបែកធ្លាយដល់ដើមបណ្តឹងថា នាងក្អយ បានយករថយន្តនេះទៅបញ្ចាំ។
ដោយឡែកក្នុងសំណុំរឿងទី២ ដើមបណ្តឹងបានចោទប្រកាន់ថា កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១០ នាងក្អយ និងបុរសម្នាក់ឈ្មោះ លីវ រ៉ាម៉ូ បានលក់រថយន្តមួយគ្រឿងក្នុងតម្លៃ១៥០០០ដុល្លារ។ ក្រោយមកនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១១ ដើមបណ្តឹងបានយករថយន្តនេះទៅលក់បន្តឲ្យឈ្មោះ ហ៊ែល ក្នុងតម្លៃ១៥.៤៥០ដុល្លារ ប៉ុន្តែក្រោយមកបែកធ្លាយថារថយន្តនេះមានបញ្ហា ដោយនាងក្អយ បានជួលរថយន្តគេមកជិះប៉ុណ្ណោះ ដូច្នេះទើបដើមបណ្តឹងបានទៅសួរនាំពីបញ្ហានេះ ហើយនាងក្អយក៏បានចេញមូលបទានបត្រ(សែក)មួយសន្លឹកតម្លៃ១៥៤៥០ដុល្លារ តែពេលដើមបណ្តឹងទៅបើកនៅធនាគារ គឺពុំមានទឹកប្រាក់គ្រប់គ្រាន់នោះទេ។
មេធាវីឈ្មោះ តាំង ម៉េងស្រូយ តំណាងឲ្យដើមបណ្តឹងឈ្មោះ ហ៊ី ប៉េងគ្រី បានទាមទារប្រាក់១៥៤៥០ដុល្លារ និងជំងឺចិត្ត១៥.០០០ដុល្លារ ព្រមទាំងសូមឲ្យតុលាការផ្តន្ទាទោសនាងក្អយ និងគូកនតាមច្បាប់។
គួរបញ្ជាក់ថា កាលពីដើមឆ្នាំ២០១១ ជួន ចាន់រតនា ហៅក្អយ អាយុ២៦ឆ្នាំ ត្រូវបានស្ត្រីម្នាក់មានឈ្មោះថា ច័ន្ទ សិរីពរ បានដាក់ពាក្យបណ្តឹងចូលទៅកាន់សាលាសង្កាត់ទួលសង្កែ ប្តឹងទាមទារប្រាក់ចំនួន៧៥០០ដុល្លារពីបទរំលោភលើសេចក្តីទុកចិត្ត។
ក្នុងពាក្យបណ្តឹងនោះ បានឲ្យដឹងថា ក្អយ បានធ្វើកិច្ចសន្យាខ្ចីប្រាក់ដោយមានសាក្សីចូលរួមផ្តិតមេដៃ ត្រឹមត្រូវ តែនាងបានគេចវេះមិនព្រមសងរហូត បន្ទាប់ពីរងពាក្យបណ្តឹងមួយនោះ នាងក្អយ ក៏បានរងពាក្យបណ្តឹងជាច្រើនករណីបន្តបន្ទាប់ទៀតពាក់ព័ន្ធនឹង ករណីឆបោករថយន្តទំនើបប្រមាណជា១០គ្រឿង។ ក្នុងសំណុំពាក្យបណ្តឹងទាំងឡាយភាគច្រើនពាក់ព័ន្ធនឹងតារារូបនេះ បានជួលរថយន្តពីកន្លែងលក់រថយន្តផ្សេងៗ ហើយយករថយន្តទាំងនោះទៅបញ្ចាំ ឬក៏យកទៅលក់បន្ត។
ប្រភពធ្លាយចេញពីអ្នកនៅក្នុងចង្កោមសិល្បៈធ្លាប់លើកឡើងថា ការធ្លាក់ខ្លួនជំពាក់បំណុលគេរុំសួតវ័ណ្ឌករាប់សិបម៉ឺនដុល្លារ របស់ ជួន ចាន់រតនា ហៅ នាងក្អយ នេះ ដោយសារតារាកំប្លែងរូបនេះ ខាតឡុងចុងរឿងរកស៊ីដីនិងជាមនុស្សញៀននឹងល្បែង ហើយក៏កើតគំនិតជួលរថយន្តទំនើបពីឈ្មួញជាច្រើនគ្រឿង ចុងក្រោយនាងបានយករថយន្តទាំងនោះទៅបញ្ចាំ ឬលក់ប្រៀបបាននឹងរថយន្តផ្ទាល់ខ្លួនតែម្តង។
ទោះជាយ៉ាងណា ក្រោយពីសម្ងំលាក់ខ្លួនពួនអាត្មា អស់ពេលជិត២ឆ្នាំ នោះ តារាកំប្លែងមានកំណើតពីខេត្តតាកែវនាង ក្អយ ស្រាប់តែលេចមុខ ក្នុងពិធីជួបជុំអតីតសិស្សនៅវិទ្យាល័យ ព្រះស៊ីសុវត្ថិកាលពីចុងខែឧសភាឆ្នាំ២០១៣ហើយថែមទាំងមានរូបសម្ផស្សស្រស់ប្រិមប្រិយជាងមុនទៀត ផង។ ក្រៅពីប្រកាសខ្លួនចូលអុកឡុកក្នុងថ្នាលសិល្បៈវិញនោះ នាងក៏មានភាពក្លាហានសារភាពពីការសងបំណុលគេផងដែរ ដែលនាងបានប្រាប់ដល់បណ្តាញសារព័ត៌មានជាច្រើននៅមុខភ្ញៀវនោះថានាងបានសងបំណុលគេរលស់បានចំនួន៧០ភាគរយហើយហើយនៅ មិនយូរទេ នៅ៣០ភាគរយទៀតនោះនាងនឹងជម្រះបំណុលនេះរួចរាល់។
នាងអះអាងថាតាំងពីមានរឿងនោះមកនាងមិនដែលមានគំនិតរត់ចោល ស្រុកឡើយពោលគឺចង់ដោះស្រាយឲ្យម្ចាស់បំណុលទាល់តែអស់ប៉ុន្តែត្រូវការពេលវេលាបន្ថែមទៀតព្រោះនាងមិន ចង់ធ្វើជាមនុស្ស បាត់បង់អាជីពព្រោះតែបំណុលប៉ុណ្ណឹងនោះទេ។
នាងយល់ថា មនុស្សណាដែលមិនមានកំហុសតែសំខាន់ពេលដឹងខុសហ៊ានទទួលខុស ត្រូវហើយកែខ្លួនវិញគឺជារឿងត្រឹមត្រូវ។ ទោះយ៉ាងណានាងបានឲ្យដឹងថា នាងក៏ជាអ្នករងគ្រោះម្នាក់ផងដែរហើយនាងក៏បានពោលពាក្យសុំការ អធ្យាស្រ័យពីម្ចាស់បំណុល និងសុំឲ្យបន្ធូរបន្ថយពេលវេលាឲ្យនាងផង។ នាងបានសម្តែងពីអារម្មណ៍សោកស្តាយព្រោះតែជ្រុលមួយពេល ស្ទើរតែរកផ្លូវដើរគ្មានពិសេសអាជីពសិល្បៈរបស់នាងដែលប្រឹងតស៊ូ ពីជំហានដំបូងក៏ត្រូវបាត់បង់តែមួយប៉ប្រិចភ្នែក។ យ៉ាងយូរ នៅក្រោយពេលបោះឆ្នោតថ្នាក់ជាតិនាងប្រហែលជាលៃលករកកន្លែងឡើង ប៉ុស្ដិ៍ទូរទស្សន៍វិញ៕
សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
