ភ្នំពេញៈ ស្នេហាដែលគេធ្លាប់តែសើចចំអកថាជាស្នេហាក្លែងក្លាយដោយសារប្តីមានវ័យក្មេងជាងជាច្រើនឆ្នាំរវាងតារាចម្រៀងយេៗមេម៉ាយកូនមួយនាង ខាត់ សុឃីម និងលោក អ៊ិន សុផាណូ បានរលាយបាត់ក្លិនមិនល្អបន្តិចម្តងៗនៅពេលគេសង្កេតឃើញថា ស្នេហាខុសវ័យមួយនោះកាន់តែផ្អែមល្ហែមឡើងៗ ហើយអ្វីៗក៏កាន់ច្បាស់លាស់ជាងមុនទៅទៀតនៅពេលនេះ ដោយសារតែតារាចម្រៀងបែបកំប្លែងនាង ខាត់ សុឃីម កំពុងតែពពោះកូនស្រី៥ខែទៅហើយ។ ប៉ុន្តែនៅពេលសួររឿងនេះ បែរជានាងនិយាយលាក់បាំងទៅវិញ។តារាចម្រៀងដែលអាចច្រៀងបានទាំងបទបុរាណ និងសម័យ វ័យ៣៣ឆ្នាំ អ្នកនាង ខាត់ សុឃីម បានសម្រេចចិត្តភ្ជាប់ពាក្យដោយបើកចំហជាមួយតារាសម្តែងជើងថ្មីវ័យ២៩ឆ្នាំលោក អ៊ិន សុផាណូ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១១ នៅគេហដ្ឋានថ្មីរបស់អ្នកនាងនៅម្តុំផ្លូវវេងស្រេង ស្ថិតក្នុងបុរីជ័យជម្នះសាន់វ៉ា។ ការភ្ជាប់ពាក្យនោះក៏បានធ្វើឲ្យចំហាយក្លិនមិនល្អនៃមន្ទិលស្នេហ៍ជាមួយនឹងលោក ចា រិទ្ធី ជាច្រើនឆ្នាំកន្លងមកត្រូវរលត់បាត់ ប៉ុន្តែយ៉ាងណានៅពេលនោះ ស្នេហ៍ថ្មីថ្មោងរវាង ខាត់ សុឃីម និង អ៊ិន សុផាណូ មិនត្រូវបានគេជឿជាក់ថាជាស្នេហ៍ផុសចេញពីបេះដូង និងបេះដូងនោះទេ។ទើបតែនៅថ្ងៃទី១២ ខែ១២ ឆ្នាំ២០១២ ដែលគេជាក់ច្បាស់នៅពេលតារាចម្រៀងដែលមានកំណើតពីអ្នកដើរច្រៀងភ្លេងការនៅភ្នំប្រសិទិ៍្ធនាង ខាត់ សុឃីម ក៏បានជ្រើសរើសយកថ្ងៃនោះរៀបមង្គលការជាមួយនឹងតារាសម្តែងមកពីស្វាយរៀងលោក អ៊ិន សុបញ្ញា ដែលមានឈ្មោះនៅក្នុងសិល្បៈថា អ៊ិន សុផាណូ យ៉ាងគគ្រឹកគគ្រេងតែម្តង ធ្វើឲ្យអ្នកនិយមនិយាយដើមគេមួយចំនួនធំបាត់មាត់ដូចគេចុក។គិតមកទល់នឹងពេលនេះ អាពាហ៍ពិពាហ៍របស់ពួកគេមានអាយុកាល៦ខែហើយ ហើយក៏អស្ចារ្យដែរសម្រាប់បុរសរូបសង្ហាចូលចិត្តសាច់ដុំលោក អ៊ិន សុផាណូ ជាស្វាមី ប្រឹងសម្រុកទាល់តែទទួលបានកូនម្នាក់រឹតចំណងស្នេហ៍របស់ពួកគេកុំឲ្យគេសើចចំអកបន្តទៀតនោះ។តាមប្រភពពីសាច់ញាតិកៀកបំផុតរបស់អ្នកនាង ខាត់ សុឃីម បានឲ្យដឹងថា នៅពេលនេះ ខាត់ សុឃីម ពពោះកូនជាង៥ខែហើយ ហើយកូនដែលនៅក្នុងផ្ទៃនោះជាកូនស្រី។ ប្រភពនោះបានបន្តថា ការពពោះរបស់ ខាត់ សុឃីម ជាពេលវេលាល្អបំផុតព្រោះនាងពពោះនៅក្នុងរដូវភ្លៀង ហើយទម្រាំដល់រដូវរវល់គឺនាងសម្រាលកូនល្មមអាចនឹងរកប្រាក់ធម្មតាវិញហើយ។ ប្រភពនោះនិយាយថា៖«ឥឡូវ ឃីម គេពពោះកូន៥ខែហើយ គឺកូនស្រី វាស្រួលដែរ ព្រោះនៅរដូវភ្លៀងនេះ ពពោះ លុះទម្រាំដល់រដូវរវល់ សម្រាលល្មម អ៊ីចឹងឃីម អាចដើររកលុយ ដូចធម្មតាវិញ គឺអត់មានប៉ះពាល់ការងាររកស៊ីអីទេ»។ទោះបីជាអ្នកជិតដិតរបស់នាង ទម្លាយរឿងនាងមានកូនទៅហើយក្តី តែអ្នកនាង ខាត់ សុឃីម មិនបានទទួលស្គាល់ឡើយ ហើយនាងថែមទាំងនិយាយថា សារព័ត៌មានតែងចុះបែបនោះ តែរឿងពិតនាងមិនមានពពោះដូចគេថានោះឡើយ។អ្នកនាងខាត់ សុឃីម និយាយថា៖«ខ្ញុំមានផ្ទៃពោះឯណា អត់មានទេ ខ្ញុំឡើងប៉ុស្តិ៍ទូរទស្សន៍រហូត បើមានប្រហែលជាគេឃើញហើយព្រោះ៥ខែមិនធម្មតាទេ»។ភាពបញ្ច្រាសគ្នារវាងតារាចម្រៀងរូបនេះ និងអ្នកជិតដិតបំផុតរបស់នាងនេះ ត្រូវបានគេគិតថា ខាត់ សុឃីម មានចេតនាលាក់បាំងរឿងមានផ្ទៃពោះនេះ ដើម្បីជាការភ្ញាក់ផ្អើល និងកុំឲ្យខាតការងាររបស់នាងសព្វថ្ងៃ ខណៈដែលពេលនេះ ពោះរបស់នាងក៏មានទំហំតូចនៅឡើយ។ ទស្សនិកជនចាំមើលថា តើនៅប៉ុន្មានខែខាងមុខនេះ ពេលពោះរបស់នាងធំឡើង តើនាងនិយាយយ៉ាងណា?
សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
