ក្រុមហ៊ុន Nokia បានចេញទូរស័ព្ទថ្មីមួយជាមួយនឹងកាមេរ៉ាទំហំ ៤១ មេហ្គាភិចសែល ដែលខ្លួនអះអាងថា អាចកត់ត្រា “សេចក្តីលំអិតដែលគេមិនធ្លាប់គិតថាអាចទៅរួច ពីទូរស័ព្ទស្មាតហ្វូនមួយ” ។
ក្រុមហ៊ុននេះបាន និយាយថា អតិថិជននឹងអាចពង្រីករូបភាព ឬ ហ្ស៊ូម (Zoom) និង រៀបចំស៊ុមរូបថតខ្លួនឡើងវិញ ដោយមិនបារម្ភពី ការប៉ះពាល់ដល់គុណភាពរូបភាព នោះទេ ។
ក្រុមអ្នកវិភាគដែល បានធ្វើតេស្តសាកល្បងលើទូរស័ព្ទនេះបាន និយាយថា គ្មានអ្វីគួរឲ្យសង្ស័យ នោះទេ នេះគឺជាកាមេរ៉ាស្មាតហ្វូនល្អដាច់គេលើទីផ្សារ ។ ប៉ុន្តែពួកគេបន្ថែមថា នេះមិនអាចធានាបានថា ទូរស័ព្ទនេះនឹងក្លាយជាទូរស័ព្ទលក់ដាច់បំផុត នោះទេ ។
ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ IDC ថ្មីៗនេះបានអនុវត្តការស្ទង់មតិរបស់ម្ចាស់ស្មាតហ្វូន ក្នុងប្រទេស ចំនួន ២៥ ដើម្បីកំណត់ថាកត្តាអ្វីទៅដែលនឹងជម្រុញដល់ការទិញក្នុងពេលអនាគត ។ លទ្ធផលស្រាវជ្រាវបានដាក់ Resolution របស់កាមេរ៉ា ស្ថិតក្នុងលំដាប់លេខ ១៥ ក្នុងចំណោមលក្ខណៈពិសេសៗចំនួន ២៣ ។ គុណភាពសម្លេងអូឌីយ៉ូ អាយុកាលថ្ម សន្តិសុខរបស់ទូរស័ព្ទ និង ការឆែកមើលអ៊ីនធឺណេត បាន ស្ថិតក្នុងលំដាប់កំពូលនៃការស្ទង់មតិនេះ ។
លោក Francisco Jeronimo អ្នកវិភាគទូរស័ព្ទដៃនៅក្រុមហ៊ុនខាងលើបានប្រាប់ BBC ថា “មនុស្សភាគច្រើនគ្រាន់តែក្រឡេកមើលរូបថតរបស់ខ្លួន នៅលើទូរស័ព្ទ ស្មាតហ្វូន របស់ខ្លួន ឬតាមរយៈបណ្តាញសង្គម នៅលើកុំព្យូទ័រ ហើយទាក់ទងរូបភាពនេះ ក្រុមហ៊ុនលក់ទូរស័ព្ទជាច្រើនបានផ្តល់នូវគុណភាពដ៏ល្អរួចទៅហើយ” ។
លោក បន្តថា “Nokia ត្រូវបញ្ចុះបញ្ចូលអតិថិជនថា ទូរស័ព្ទថ្មីនេះមានសមត្ថភាពខ្ពស់ជាងទូរស័ព្ទដទៃ ក្នុងស្ថានភាព ដែលមានពន្លឺតិច បើមិនដូច្នោះទេពួកគេនឹងបានត្រឹមតែកត់សម្គាល់ឃើញភាពខុសគ្នា នៅពេលដែលពួកគេហ្ស៊ូមរូបភាព នៅលើអេក្រង់ដ៏ធំមួយ ឬ ព្រីនចេញជាសន្លឹករូបថតប៉ុណ្ណោះ” ។
ក្រៅពីកាមេរ៉ាទំហំ ៤១ មេហ្គាភិចសែល ទូរស័ព្ទ Lumia 1020 ដែលមានតម្លៃ ៣០០ ដុល្លារ (តម្លៃក្នុងកិច្ចសន្យាបង់រំលោះនៅអាមេរិក) នេះ មានកញ្ចក់ប្រភេទ AMOLED ទំហំ ៤,៥ អ៊ីញ, ប្រព័ន្ធដំណើរការ Dual-Core ប្រភេទ Snapdragon ល្បឿន ១,៥ GHz, មែមម៉ូរីក្នុងតួ ៣២ GB, Ram ២ GB, និងប្រព័ន្ធប្រតិបត្តិការ Windows Phone 8 ៕
ប្រភពៈ ខេមបូឌាផេក
សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
