ភ្នំពេញ ៖ បុរសម្នាក់ត្រូវស្លាប់ភ្លាមៗនឹងកន្លែងកើតហេតុ ខណៈពេលបុរសរូបនេះជិះម៉ូតូមួយគ្រឿង ហើយត្រូវរថយន្តដែលបើកបរលឿនស្របទិសគ្នាជ្រុលបុកយ៉ាងពេញទំហឹង ដួលបោកក្បាល កាលពីវេលាម៉ោង៩ យប់ ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១៣ នៅតាមបណ្តោយផ្លូវជាតិលេខ ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
ប៉ូលិសបានឲ្យដឹងថា ដំបូងគេឃើញជនរង គ្រោះបានជិះម៉ូតូClick 125iមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BJ-6163ធ្វើដំណើរតាមបណ្តោយផ្លូវ ជាតិលេខ២ ក្នុងទិសដៅពីត្បូងទៅជើង។ ខណៈមកដល់ចំណុចមុខ សកលវិទ្យាល័យ IICស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកHyundaiពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-7681 ដែលកំពុងបើកបរក្នុងស្របទិសគ្នា ក៏ជ្រុលល្បឿនរេចង្កូតបុកម៉ូតូយ៉ាងពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ជាម្ចាស់ម៉ូតូត្រូវរថយន្តកិនចំក្បាលស្លាប់ភ្លាមៗ នៅនឹងកន្លែងតែម្តង ទោះបីគាត់ពាក់មួកសុវត្ថិភាពក៏ដោយ។
ចំណែកម៉ូតូត្រូវរងការខូចខាតតិចតួច ហើយរថយន្តបង្កហេតុបានព្យាយាមបើករត់គេចខ្លួនពីចំណុចកើតហេតុរហូតទៅដល់ជិតស្ពានអាកាសក្បាលថ្នល់ ក៏ត្រូវសមត្ថកិច្ចដេញឃាត់ជាប់ទាំងអ្នកបើកបរ និងរថយន្ត។
ប៉ូលិសបន្តថា បុរសដែលស្លាប់ឈ្មោះ ពិត សាម៉ៅ អាយុ ៣៨ ឆ្នាំ មានស្រុកកំណើតនៅស្រុកកំពង់ត្រាច ខេត្តកំពត។ ចំណែកអ្នកបើករថយន្តឈ្មោះសំ ហ៊ី ភេទប្រុស អាយុ៥៣ឆ្នាំ ស្នាក់នៅភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។
បន្ទាប់ពីកើតហេតុសាកសពបុរសរងគ្រោះត្រូវបានសមត្ថកិច្ច ទំនាក់ទំនងទៅក្រុមគ្រួសារឲ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តបង្កហេតុ អ្នកបើកបរ និងម៉ូតូរបស់ សាកសពបុរសរងគ្រោះត្រូវប៉ូលិសជំនាញចុះមកវាស់វែងនាំយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក៕
ប្រភព កម្ពុជាថ្មី
សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !

