មុនចេញទៅច្រៀងនៅប្រទេសអូស្ត្រាលី លោកព្រាប សុវត្ថិ បានសម្រុកថត MY TV មួយប្រាវទៀត កាលពីថ្ងៃទី២០ មិថុនា ហើយកំពូលតារាចម្រៀងរូបនេះ បានបំពេញការងារធំមួយទៀត គឺត្រូវជាប់ភារកិច្ចទៅច្រៀង នៅប្រទេសជប៉ុន ជាលក្ខណៈថ្នាក់ជាតិ តំណាងឱ្យតារាខ្មែរទូទៅ ១សប្តាហ៍ ក្នុងវេទិកាអាស៊ាន។ លោកព្រាប សុវត្ថិ បានប្រាប់ថា លោកពិតជា មានមោទនភាព និងរំភើបជាខ្លាំង ក្នុងវេទិកាប្រវត្តិសាស្ត្រនេះ…។
លោកព្រាប សុវត្ថិ បានចេញទៅច្រៀងជាលក្ខណៈថ្នាក់ជាតិ ម្តងហើយ នៅប្រទេសជប៉ុន កាលពីឆ្នាំ២០០៤ និងទៅប្រទេសថៃ អំឡុងពេលដែលកម្ពុជា កំពុងតែមានបញ្ហាទំនាស់រឿងប្រាសាទព្រះវិហារ កាលពីឆ្នាំ២០០៨ ដើម្បីបង្ហាញលក្ខណៈមិត្តភាព ខ្មែរ-ថៃ ក៏ដូចជាការទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំង២។
ដោយឡែក នៅឆ្នាំ២០១៣ នេះ មានព័ត៌មានថា លោកព្រាប សុវត្ថិ នឹងត្រូវចេញទៅប្រទេសជប៉ុន ម្តងទៀត ដើម្បីចូលរួមវេទិកាដ៏ធំរបស់អាស៊ាន ដែលធ្វើឡើងនៅអំឡុងខែវិច្ឆិកា ឆ្នាំ២០១៣។
ក្នុងជំនួបផ្ទាល់ជាមួយលោកព្រាប សុវត្ថិ នៅStudio ទូរទស្សន៍ហង្សមាស កាលពីថ្ងៃទី២០ មិថុនា លោកព្រាប សុវត្ថិ បាននិយាយដោយរីករាយថា លោកពិតជាត្រូវបានខាងក្រសួងរៀបចំឱ្យលោក ទៅវេទិកាដ៏ធំនោះមែន ហើយលោកពិតជាពេញចិត្ត និងជាកិត្តិយសមួយ សម្រាប់លោកជាសិល្បករ។
ព្រាប សុវត្ថិ បានប្រាប់ថា “ខ្ញុំនឹងចេញទៅក្នុងនាមជាតារាតំណាងសិល្បករខ្មែរ ហើយយើង នឹងស្នាក់នៅជប៉ុន ១សប្តាហ៍ នៅខែវិច្ឆិកា នោះ។ ប្រទេសអាស៊ាន ទាំង១២ហ្នឹង ក៏គេមានតារាគេ ម្នាក់មួយជាតំណាងដែរ វាគឺជាវេទិកាដ៏ធំណាស់។ សម្រាប់ខ្ញុំ ពិតជារំភើបណាស់ ហើយនេះជាលើកទី៣ ហើយសម្រាប់ខ្ញុំ ដែលមានឱកាសច្រៀងជាលក្ខណៈថ្នាក់ជាតិបែបនេះ។ ខ្ញុំធ្វើកិច្ចការ ដើម្បីឱ្យប្អូនៗ អ្នកសិល្បៈស្រករក្រោយ បានដឹងថា យើងបានបន្សល់ស្នាដៃការងារសម្រាប់សង្គមជាតិយើងដែរ។ ចំណែកវេទិកានោះ ខ្ញុំនឹងយកបទចម្រៀងដែលឆ្លុះបញ្ចាំងអត្ថន័យពីស្រុកខ្មែរយើង ឱ្យ គេបានស្គាល់។ ចំណែកការស្នាក់នៅ និងធ្វើដំណើរ គឺខាងក្រសួងជាអ្នករៀបចំ ចាត់ចែងឱ្យគ្រប់បែបយ៉ាង”។
មុនទៅជប៉ុន នេះ លោកព្រាប សុវត្ថិ កំពុងតែរៀបចំខ្លួន ដើម្បីទៅ ច្រៀងនៅប្រទេសអូស្ត្រាលី ជាង១ខែ តាមរយៈអង្គការមួយ ដែល ទាក់ទងកិច្ចការជួយសង្គមផងដែរ ហើយលោកបានធ្វើសកម្មភាព នេះ ១០ឆ្នាំមកហើយ និងបានអះអាងថា នឹងនៅតែបន្តជារៀងរហូត ទៅមុខទៀត។
តារាល្បីរបស់រស្មីហង្សមាស រូបនេះ បានបន្ថែមថា ការ ទៅច្រៀងអូស្ត្រាលី លើកទី៥នេះ ខុសពីលើកមុនៗ ព្រោះត្រូវ បង្ហួសទៅសម្តែងច្រៀង ១សប្តាហ៍ នៅប្រទេសញូវហ្សេឡែនដ៍ ផងដែរ។
តារាល្បីជាង ១ទសវត្សរ៍រូបនេះ បានបន្តថា “យើងទៅ លើកនេះ ជាខួបលើកទី១០ សម្រាប់អង្គការមួយ ដែលខ្ញុំតែងតែ ជួយថវិកាខ្លះ តាមរយៈការច្រៀងសម្តែង ១០ឆ្នាំហើយ។ ពេលនេះ ខ្ញុំនៅតែបន្តទៀត ព្រោះតែខ្ញុំពេញចិត្តនឹងធ្វើសកម្មភាព ទាំងនោះ។ បើតាមគម្រោង គឺសម្តែងជាង១ខែ ហើយខ្ញុំត្រូវយកក្រុមភ្លេង (Bands) ខ្ញុំទៅទៀត នឹងត្រូវបង្ហួសទៅលេង នៅប្រទេសញូវហ្សេឡែនដ៍ ១សប្តាហ៍ តាមការសំណូមពរ។ នេះជាលើកទី១ហើយ ដែលខ្ញុំបានទៅប្រទេសញូវហ្សេឡែនដ៍ ជួបបងប្អូននៅទីនោះ”។
បើតាមព័ត៌មានថា មុនទៅជប៉ុន នេះ លោកព្រាប សុវត្ថិ ទើបថតស្ពតលក្ខណៈស្តង់ដារទ្រង់ទ្រាយធំ៣បន្ថែមទៀត ដោយ ស៊ីថ្លៃរាប់ម៉ឺនដុល្លារ ហើយតាមប្រភពថា ព្រាប សុវត្ថិ មិនចេះតែ ថតទេ ទាល់តែមានលក្ខខណ្ឌច្បាស់លាស់។
ព្រាប សុវត្ថិ បានអះអាងថា “ការពិត គឺនៅ១ខែមុននេះ ខ្ញុំទើប បានថតស្ពត៣មែន ដោយមានការព្រមព្រៀងគ្នា មានការចុះកុងត្រា ត្រឹមត្រូវ។ ស្ពតទាំង៣ដែលខ្ញុំទើប តែបានថតនេះ មានមួយ ខ្ញុំថតជា ក្រុមគ្រួសារខ្ញុំ ឱ្យក្រុមហ៊ុនធានារ៉ាប់រងមួយផ្តាច់មុខ និងមួយទៀត ជា ប្រវត្តិខ្ញុំ ឱ្យក្រុមហ៊ុនស្រាបៀរកម្ពុជា ដែលមានការចុះកុងត្រា៣ឆ្នាំ។ ចំណែកស្ពតមួយទៀត ថតជាមួយកែវ ស្រីនាង ឱ្យក្រុមហ៊ុនមួយ នឹងចេញឆាប់ៗនេះ ហើយដែរ។ ឥឡូវទោះជាដល់រដូវធ្លាក់ភ្លៀងមែន តែខ្ញុំនៅតែជាប់រវល់ច្រៀង តាមបណ្តាក្រុមហ៊ុនមួយចំនួន ដែលគេធ្វើតាមបណ្តាសណ្ឋាគារធំៗ”។
ព្រាប សុវត្ថិ នឹងនៅតែឈានមុខគេ ពិបាកតារាណាផ្តួលបាន នៅពេលដែល ស្ពតធំៗទាំង៣ ចេញស្របគ្នា ហើយទីផ្សារចម្រៀង នៅតែពេញនិយមនៅឡើយ ទាំងការច្រៀងបទពីដើមឡើងវិញ និងបទបែបយុវវ័យ…៕
ប្រភព៖ អង្គរធំមេឌា
សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
