ព្រៃវែង៖ ជនសង្ស័យពីរនាក់ ដែលជាប់ពាក់ព័ន្ធនិង សកម្មភាពចូលគាស់តូបលក់អីវ៉ាន់ យកទ្រព្យសម្បតិ្ត អស់ជា ច្រើនត្រូវបានកម្លាំង នគរបាលស្រុកកញ្ជ្រៀច ដឹកនាំដោយលោក ចាន់ ណារិទ្ធ អធិការនគរបាល ស្រុកបានធ្វើការ ស្រាវជ្រាវ ហើយឈានទៅដល់ការចាប់ខ្លួន ពួកគេទាំងពីរនាក់ កាលពីវេលាម៉ោង ៦និង ៣០នាទីព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៣ ស្ថិតនៅភូមិប្រស្រែមុខ ឃុំកញ្រ្ជៀច ស្រុកកញ្ជ្រៀច ក្រោយពីធ្វើសកម្មភាព កាលពីយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៣។
លោកវរសេនីយ៍ត្រី ចាន់ ណារិទ្ធ បានឲ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្តឹង របស់ជនរងគ្រោះឈ្មោះ ធាង ឈឿង អាយុ ២៧ឆ្នាំរស់នៅភូមិ ឃុំកើតហេតុខាងលើ ថាមានករណីចោរចូលគាស់ជញ្ជាំង តូបលក់អីវ៉ាន់យកទ្រព្យ សម្បត្តិជាច្រើនរួចមក លោកបានដឹកនាំកម្លាំងនគរបាល ជំនាញនិងកម្លាំង នគរបាលមូលដ្ឋាន ចុះទៅស្រាវជ្រាវ ជាបន្ទាន់ តាមរយៈការប្រមែប្រមូលភស្តុតាង ទើបឈានទៅដល់ការចាប់ខ្លួន ជនសង្ស័យទាំងពីរនាក់នេះភ្លាមៗ តែម្តង។
លោក ចាន់ ណារិទ្ធ បានបន្តថា ជនសង្ស័យទី១-ឈ្មោះ ថា សារី ភេទប្រុសអាយុ ១៧ឆ្នាំ រស់នៅភូមិជើងទឹក ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច មានមុខរបរជាកម្មករលីសែងទឹកកក និងទី២-ឈ្មោះ ជិន បូនិត ភេទប្រុសអាយុ ១៨ឆ្នាំ រស់នៅភូមិ១៤ ឃុំកោះសុទិន ស្រុកកោះសុទិន ខេត្តកំពង់ចាម។
បើតាមជនរងគ្រោះដែលបានប្រាប់សមត្ថកិច្ចបានបញ្ជាក់ថា ទ្រព្យសម្បត្តិដែលត្រូវក្រុមចោរលួចគាស់ ជញ្ជាំង យកទ្រព្យសម្បត្តិនោះរួមមាន ទូរស័ព្ទដៃ៣គ្រឿង ស៊ីមកាត មេម៉ូរី ឡានជ័រមេម៉ូរី និងថ្មទូរស័ព្ទដៃជាដើម។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ត្រូវបានកម្លាំងនគរបាលស្រុកកញ្ជ្រៀច កំពង់រៀបចំកសាងសំណុំរឿង បញ្ជូនទៅ តុលាការចាត់ការទៅតាមផ្លូវច្បាប់៕
ប្រភពដើមពីៈ ដើមអម្ពិល
សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !

