បន្ទាយមានជ័យ៖ ម្ចាស់មិននៅផ្ទះ លំនៅដ្ឋានសង់ពីឈើប្រក់ស័ង្កសី ទំហំ៤ម៉ែត្រ គុណនឹង៦ម៉ែត្រ របស់លេខាគណបក្សសង្គ្រោះជាតិ ប្រចាំស្រុកព្រះនេត្រព្រះ
សង្ស័យថាមានគេលួចដុតឲ្យឆេះរាបដល់ដី កាលពីរាត្រីទៀបភ្លឺថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣។ ម្ចាស់ផ្ទះឈ្មោះ ឆួរ ចិន អាយុ៥៧ឆ្នាំ មន្ត្រីលេខាគណបក្សសង្រ្គោះជាតិបានបញ្ជាក់ថា មុនពេលកើតហេតុរូបគាត់ ត្រូវបានគេគំរាមសម្លាប់មួយពូជ កាលពីថ្ងៃទី៣ មានទូរស័ព្ទមកគំរាមម្ដងមកដល់ថ្ងៃទី១១ កក្កដា គំរាមម្ដងទៀត ឲ្យឈប់ធ្វើការជាមួយគណបក្សសង្គ្រោះជាតិ។
រូបលោក និងក្រុមគ្រួសារក៏បានគេចខ្លួនមកស្នាក់ការគណបក្សសង្គ្រោះជាតិ នៅទីរួមខេត្តបន្ទាយមានជ័យ។ ស្រាប់តែ ថ្ងៃទី១៩ស្រាប់ ផ្ទះរបស់គាត់ត្រូវភ្លើងឆេះតែម្តង។ គាត់សង្ស័យថា ការដុតបំផ្លាញលំនៅដ្ឋាននេះអាចមានជាប់ពាក់ព័ន្ធទៅករណី ជនមិនស្គាល់មុខដែលបានគំរាមគ្រួសារលោកសម្លាប់មួយពូជតាមទូរស័ព្ទនោះ។
ស្នងការនគរបាលខេត្តបន្ទាយមានជ័យលោក ខេង ស៊ុម សន្និដ្ឋានថា អគ្គិភ័យឆេះបំផ្លាញលំនៅឋានសកម្មជនគណបក្សសង្គ្រោះជាតិនោះ ទំនងកើតមានឡើងដោយសារការឆ្លងចរន្តអគ្គិសនីនៅ ខណៈពុំមានមនុស្សនៅផ្ទះ លោកបដិសេធថា ហេតុការណ៍នេះគ្មានជាប់ពាក់ព័ន្ធនឹងនយោបាយនោះទេ។
លោក ស៊ុម ចាន់គា ប្រធានអង្គការអាដហុកប្រចាំខេត្តមន្ត្រីឃ្លាំមើលសិទ្ធិមនុស្សរបស់បន្ទាយមានជ័យ ដែលបានចុះអង្កេតដល់កន្លែងកើតហេតុនោះបញ្ជាក់ថា ភ្លើងឆេះលំនៅដ្ឋានរបស់សកម្មជនគណបក្សសង្គ្រោះជាតិ កើតឡើងដោយសារមានគេលួចដុតបំផ្លាញមែន ព្រោះគេឃើញមានសាច់មាន់ និងសាច់ក្រក នៅលើផ្លូវដើរចំហៀងផ្ទះ ប្រឡាក់ថ្នាំពុលដែលគេយកទៅសម្រាប់បំពុលសត្វឆ្កែទៀតផង។
ទើបសន្និដ្ឋានថា រឿងនេះគឺមានជាប់ពាក់ព័ន្ធរឿងនយោបាយព្រោះលោក ឆួរ ចិន ធ្លាប់រងការគំរាមសម្លាប់តាមទូរស័ព្ទចំនួនពីរលើកផ្ទួនៗគ្នា ដោយសារតែគាត់មិនព្រមលាឈប់ហើយនៅតែរក្សារជំហរ នៅក្នុងបក្សសង្រ្គោះជាតិដដែល។
លោកក៏បានជំរុញឲ្យគ្រប់គណបក្សទាំងអស់ គួរតែបញ្ឈប់វប្បធម៌ហិង្សារើសអើងបក្សនយោបាយ និងលាបពណ៌ដាក់គ្នាព្រោះថាជាខ្មែរដូចគ្នា ហើយលោកជំរុញឲ្យអាជ្ញាធរមានសមត្ថកិច្ចជួយរកយុត្តិធម៌ជូនជនរងគ្រោះផង ៕
ប្រភពពី អង្គរធំមេឌា
សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !


