រាជធានីភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរដ៏ សែនរន្ធត់មួយ បានកើតឡើង កាលពីវេលាម៉ោង ៥និង៣០នាទី រសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៣ ជនបង្កហេតុត្រូវគេស្គាល់ថា ជាកូនសំណព្វចិត្តរបស់លោក ប៊ុន សេរី ជាអ្នកកាន់លុយដ៏មានអំណាចនិងដុះស្លែ ប្រចាំសាលារាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ប៉ុន្តែករណីនេះអាចបញ្ចប់ ដោយការសម្រុះសម្រួលគ្នា ជាលុយកាក់ ដើម្បីកុំឲ្យមានរឿងវែងឆ្ងាយ ។
មន្ត្រីនគរបាលចរាចរណ៍ខណ្ឌមានជ័យ បានឲ្យដឹងថាជនបើករថយន្តបង្កខាងលើមានឈ្មោះ ប៊ុន រតនៈ ភេទប្រុស អាយុ ៣១ឆ្នាំ ស្នាក់នៅសង្កាត់ទួលទំពូង១ ខណ្ឌចំការមន ដែលមានអាការៈស្រវឹងជោកជាំ ជាកូនប្រុសលោក ប៊ុន ស៊េរី ប្រធានហិរញ្ញវត្ថុសាលារាជធានីភ្នំពេញ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌមានជ័យជាបណ្តោះអាសន្ន ដើម្បីបញ្ជូនទៅការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ។
យ៉ាងណាក៏ដោយគេដឹងថា លោក ប៊ុន សេរី កំពុងប្រើអំណាចនិងលុយរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហានេះ នៅត្រឹមការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក មុនពេលបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមរយះការចរចាសម្របសម្រួល ជាមួយក្រុមគ្រួសារជនរងគ្រោះ ដូចតាមទម្លាប់ដែលអ្នកមានលុយមានអំណាច ធ្លាប់បានធ្វើក្នុងពេលកន្លងមក ដើម្បីកុំឲ្យមានរឿងវែងឆ្ងាយ ព្រោះបើបញ្ជូនករណីនេះទៅដល់តុលាការ ក៏ត្រូវចំណាយលុយអស់ច្រើន និងជាប់ឃុំច្រើនថ្ងៃផងដែរ ។
ករណីគ្រោះថ្នាក់ចរាចរដ៏ សែនរន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង ៥និង៣០នាទី រសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៣ នៅតាមបណ្ដោយផ្លូវជាតិលេខ១ មុខវត្តចំប៉ា ក្នុងសង្កាត់ក្បាលកោះ ខណ្ឌមានជ័យ ដោយស្ថានភាពនៅកន្លែងកើតហេតុ មើលទៅគួរឲ្យរន្ធត់ខ្លាំងណាស់ ហើយជនរងគ្រោះខ្លះ ស្លាប់យ៉ាងវេទនាបំផុត ។ រថយន្តបង្កហេតុបានព្យាយាម បើករត់បានប្រហែល ២០០ម៉ែត្រ ស្រាប់តែរថយន្ត បែកកង់ទៅមុខលែងរួច ទើបត្រូវប្រជាពលរដ្ឋឃាត់ខ្លួន ដែលក្នុងនោះមានស្ត្រីម្នាក់ រួមដំណើរផងដែរ តែគេមិនដឹងថា ជាប្រពន្ធឬស្រីកំណាន់នោះឡើយ ។
រថយន្តបង្កហេតុរបស់ឈ្មោះ ប៊ុន រតនៈ ម៉ាករ៉ង់រ៉ូវែរពណ៌ខ្មៅ ពាក់ស្លាកលេខ 2AA-6777 ធ្វើដំណើរ ពីស្រុកកៀនស្វាយ ចូលមករាជធានីភ្នំពេញ ហើយមកដល់ចំណុចកើតហេតុ ដែលកំពុងមានល្បឿនលឿន ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿង ម៉ាកឌ្រីម១២៥ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1BQ-4083 ចំពីមុខពេញទំហឹង បណ្តាលឲ្យមនុស្សស្រី ដែលជិះនៅលើម៉ូតូចំនួន ៣នាក់ ស្លាប់រដូករណែលភ្លាមៗ នៅនឹងកន្លែងកើតហេតុ
សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !

