ភ្នំពេញ៖ សមាជិក​គ្រួសារ​របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​ចាប់ខ្លួន​និង​កំពុង​ស្ថិត​ក្នុង​ពន្ធនាគារ​ក្នុង​ខេត្ត​កំពត​ បាន​អះអាង​នៅ​ថ្ងៃ​ច​ន្ទ​នេះ​ថា បាន​ទទួល​រង​លក្ខខណ្ឌពី​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​មិន​ឲ្យ​ទៅ​បោះ​ ឆ្នោត។​
លក្ខ​ខ​ណ្ឌ​នេះ​ដើម្បី​ឲ្យ​ប្រាកដ​ថា សមាជិក​គ្រួសារ​នេះ​បោះបង់​ចោល​គណបក្សជំទាស់​និង​ចុះចូល​ជា​សមាជិក​គណបក្ស​កាន់​អំណាច​វិញ។
​អ្នកស្រី ​អ៊ុយ​ សុខ​ ត្រូវ​ជា​ម្តាយក្មេក​របស់​ ហុង​ វី​រ៉ា​វុ​ធ​ ​ដែល​ត្រូវ​ចាប់ខ្លួន​ដោយ​អាជ្ញាធរ​ខេត្ត​កំពត​កាលពី​ថ្ងៃ​ទី​២៥ ខែ​មិថុនា​ ក្រោម​ការ​ចោទប្រកាន់​ថា​ បាន​គំរាម​ធ្វើឃាត​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​តាម​ទូរសព្ទ។​
​អ្នកស្រី ​មាន​ប្រសាសន៍​ថា លោកជុំ ប៊ុនថាន​ ហៅ​ថុ​ង​ ដែល​មានមុខរ​បរជា​អ្នកលក់​គ្រឿង​សំណង់​និង​ជា​សកម្មជន​គណបក្ស​ប្រជាជន​ កម្ពុជា​ បាន​បញ្ចុះបញ្ចូល​ឲ្យ​ក្រុម​គ្រួសារ​អ្នកស្រី​រួម​ទាំង​កូន​ប្រសារ​ឲ្យ​ចូល​ គណបក្ស​ប្រជាជន​កម្ពុជា​ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​លោក​ហុង​ វី​រ៉ា​វុ​ធ​ នៅ​ក្រោយ​ពេល​បោះ​ឆ្នោត។​
​អ្នកស្រី​បញ្ជាក់​ថា សកម្មជន​គណបក្ស​កាន់​អំណាច​ដដែល​នេះ ​បាន​ស្នើ​ឲ្យ​ក្រុម​គ្រួសារ​អ្នកស្រី​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​សរុប​ចំនួន ​ប្រាំ​នាក់​កុំ​ទៅ​បោះ​ឆ្នោត​ ដើម្បី​បង្ហាញ​ភាព​ស្មោះត្រង់​ដល់​គណបក្ស​ថ្មី។
«[គេ]​ថា​ចេះ​ឲ្យ​គេ​ជឿជាក់​ថា ចូល​គណបក្ស​ប្រជាជន​ កុំ​ឲ្យ​ខ្ញុំ​និង​គ្រួសារ​ខ្ញុំ​កុំ​ឲ្យ​ទៅ​បោះ​ឆ្នោត​បាន​គេ​ជឿ​ការ​ពិត​។ ​ សរុប​ប្រាំ​នាក់»។​
​លោក​ជុំ​ ប៊ុនថាន ហៅ​ថុ​ង​ ដែល​ត្រូវ​បាន​ចង្អុល​ដាក់​នេះ​មិន​អាច​ស្វែងរក​ការ​បំភ្លឺ​បាន​ទេ​ដោយសារ​ លោក​និយាយ​រតាក់រ​តុប​រួច​ក៏​បិទ​ទូរ​សព្ទ​ទៅ​វិញ។ ហើយ​ក្រោយ​មក​លែង​លើក​ទូរ​សព្ទ​តែ​ម្តង។
​នេះ​ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទី​២​ក្នុង​ចំណោម​សកម្មជន​និង​ អ្នកគាំទ្រ​គណបក្ស​នេះ​សរុប​ចំនួន​ប្រាំមួយ​នាក់​ដែល​ត្រូវ​ចាប់ខ្លួន​ជា​ បន្តបន្ទាប់​កាលពី​ចុងខែ​មិថុនា​ដោយ​អ​ជ្ញា​ធរ​ខេត្តកំពត​ហើយ​បន្ទាប់​មក​ ត្រូវ​គេ​រាយការណ៍​ថា​ទទួល​ការ​បញ្ចុះបញ្ចូល​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ឲ្យ ​ចុះចូល​ទៅ​ខាង​ខ្លួន។​
ក៏​ប៉ុន្តែ​លោក​ខូច​ ឃុន​ហួរ​ អភិបាល​ខេត្តកំពត​ខាង​កូតា​គណបក្ស​ប្រជាជន​កម្ពុជា​ធ្លាប់​បាន​អះអាង​ថា​ គណបក្ស​របស់​លោក​មិន​ធ្វើ​បែប​នេះនោះ​ទេ។​
​សកម្មជន​និង​អ្នកគាំទ្រ​គណបក្សជំទាស់​ដែល​ត្រូវ​ចាប់ខ្លួន​ចំនួន​ប្រាំ​ នាក់​ត្រូវ​ចោទប្រកាន់​ពី​បទ​ប្រមូល​ផល​និង​ដឹក​ជញ្ជូន​អនុ​ផល​ព្រៃ​ឈើ​ដោយ​ ខុសច្បាប់។ ដោយឡែក​លោក​ហុង វីរ៉ាវុធ ត្រូវ​ចោទប្រកាន់​ពី​បទ​ការ​គំរាម​សម្លាប់​មន្ត្រីជាន់​ខ្ពស់​រដ្ឋាភិបាល​ តាម​ទូរ​សព្ទ។​
លោក ជា ប៉ូច ប្រធាន​ក្រុមការងារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្តកំពត​និង​លោក​ យន់​ ផល្លី​ អ្នក​ស្រាវជ្រាវ​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លី​កាដូ​ ប្រចាំ​ខេត្តកំពត​ អះអាង​ថា ក្រុម​គ្រួសារ​របស់​លោក​ហុង វីរ៉ាវុធ​ ត្រូវ​បាន​ដាក់​លក្ខ​ខ​ណ្ឌ​ពី​តំណាង​គណបក្សកាន់អំណាច​មិន​ឲ្យ​ទៅ​បោះ​ឆ្នោត​ នោះ​មែន។ លោក​យន់​ ផល្លី ចាត់​ទុក​ថា ករណី​នេះ​គឺជា​ការ «បំបាក់​ស្មារតី​និង​បំភិតបំភ័យ» លើ​សកម្មជន​គណបក្ស​ជំទាស់។
លោកទេព​ នី​ថា​ អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គជប) មាន​ប្រសាសន៍​ថា លោក​មិន​បាន​ដឹង​ករណី​ខាងលើ​នេះ​ទេ។ ក៏​ប៉ុន្តែ លោក​លើក​ឡើង​ថា ប្រសិនបើ​វា​ជា​ការ​ពិត​នោះ​គឺជា​អំពើ​ល្មើស​ច្បាប់។
«ប្រសិន​បើ​មាន​ករណី​ចឹ​ង​មែន​ មាន​ន័យ​ថា រារាំង​គេ​មិន​ឲ្យ​បោះ​ឆ្នោត។ អញ្ចឹង​ខុស​ច្បាប់​ហើយ។​ឧទាហរណ៍ ករណី​អញ្ចឹ​ង​សភាព​ការ​មិន​ទាន់​កើតឡើង​ទេ។ យើង​អាច​ព្រមាន​ទាំង​អ្នក​យល់​ព្រម​តាម​គេ​និង​អ្នក​ដែល​ហាម​គេ។ តែ​ក្នុង​ករណី​ថ្ងៃ​បោះ​ឆ្នោត​បែរ​ទៅ​រារាំង​គេ​ ទៅ​ដក​អត្តសញ្ញាណ​បន​គេ​ ត្រូវ​មានទោស​ពិន័យ​ជា​ប្រាក់​ឬ​លប់ឈ្មោះ​ពី​បញ្ជី​បោះ​ឆ្នោត»។​
កម្ពុជា​នឹង​ធ្វើការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នៅ​ថ្ងៃ​ទី២៨ ខែ​កក្កដា​នេះ។ មាន​គណបក្ស​ចំនួន​ប្រាំបី​ចូល​រួម​ប្រកួតប្រជែង។ ក៏​ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​គេ​មើលឃើញ​ថា គឺ​ជា​គណបក្ស​ប្រជែង​ដែល​មាន​សក្តានុពល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង ​កាន់​អំណាច៕
ប្រភពពី វីអូអេខ្មែរ


សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រ​តី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
 
Top