បន្ទាយមានជ័យ ៖ លំនៅដ្ឋាន ប្រជាពលរដ្ឋជាង ៥០០ គ្រួសារ នៅចំណុច ក្រោយសណ្ឋាគារ នាគមាស និង បណ្តោយផ្លូវរថភ្លើង ក្នុងភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវជំនន់ទឹកភ្លៀងជនលិច រហូតដល់ ថ្នាក់ជិះក្បូន និងទូក ដែលជាការបង្កការលំបាកយ៉ាងខ្លាំង សម្រាប់ការរស់នៅ ការប្រកបរបរចិញ្ចឹមជីវិតផ្សេងៗ របស់ប្រជាពលរដ្ឋតំបន់នោះ ។
ជាក់ស្តែងនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៣ នេះ លោក ចុង សុផល ពលរដ្ឋម្នាក់ ក្នុងចំណោមប្រជាពលរដ្ឋជាង ៥០០គ្រួសារ ដែលកំពុងលិចលង់ ដោយសារទឹកភ្លៀងនេះ បានឲ្យមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលដឹងថា នៅទី នេះ មានទឹកលិចជាង ៣ ខែមកហើយ ដែលការលិចនេះ ពុំមានទឹកមកពីណាទេ គឺជាទំនន់ទឹកភ្លៀង ដែលគ្មាន ប្រព័ន្ធលូ អីចឹងទៅ ទឹកមិនអាចហូរទៅណាបាន ទើបធ្វើឲ្យលិចផ្ទះប្រជាពលរដ្ឋទាំងភូមិតែម្តង ។ កុមារតូចៗមួយ ចំនួន ត្រូវបានផ្អាកការសិក្សាបណ្តោះអាសន្ន ព្រោះតែបញ្ហានេះ ។
លោកបានបន្តថា ការលិចទឹកនេះ បានធ្វើឲ្យពួកគាត់ មានការលំបាកយ៉ាងខ្លាំង ក្នុងការចេញទៅប្រកបរបរចិញ្ចឹម ជីវិត ព្រោះពួកគាត់ និងពលរដ្ឋក្នុងភូមិភាគច្រើនមានកូនតូចៗ ខ្លាចកូនៗ របស់ពួកគាត់លង់ទឹកស្លាប់ ។ បើគ្មាន ទឹកលិច ពួកគាត់អាចបណ្តោយឲ្យកូនបងមើលកូនប្អូន ហើយអាចទៅរកស៊ីទទួលទានបាន។
នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០១៣ នេះ គេបានឃើញវត្តមានលោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត លោក សុខ ពេញណន ប្រធានការិយាល័យ អភិវឌ្ឍន៍ក្រុង បានដឹកនាំក្រុមការងារ សាលាក្រុង មេភូមិ មេចំណុច និងចៅសង្កាត់ចុះទៅអន្តរាគមន៍ នឹងនាំយកគ្រឿងចក្រ ទៅជីកប្រឡាយបង្ហូររំដោះទឹក ជូនប្រជាពលរដ្ឋ នៅ ចំណុចនោះហើយ ។
ពលរដ្ឋម្នាក់ឈ្មោះ សារី ពិសិដ្ឋ បានសម្តែងនូវភាពរីករាយយ៉ាងខ្លាំង និងសូមថ្លែងអំណរគុណ ដល់អាជ្ញាធរមូល ដ្ឋាន ដែលលោកបានដឹកនាំក្រុមការងារចុះមកជួយ ពិសេសគឺសូមអរគុណ ដល់គណបក្សប្រជាជនកម្ពុជា ដែល លោកតែងតែយកចិត្តទុកដាក់ ជួយដល់ប្រជាពលរដ្ឋរាល់គ្រាមានអាសន្ន ។ ក្នុងនោះលោកក៏សូមជូនពរឲ្យគណ បក្សប្រជាជនកម្ពុជា ឈ្នះឆ្នោតនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៣ ខាងមុខកុំបីអាក់ខាន ។
បញ្ហាទាំងនេះ បណ្តាលមកពី ក្រុមហ៊ុនកាស៊ីណូ និងក្រុមហ៊ុន សំណង់បូរី បានចាក់ដី លុបមុខទឹកដែលហូរចាក់ ទៅមាត់អូរព្រំដែន ដែលនាំឲ្យមានជំនន់ទឹកភ្លៀង យ៉ាងដូច្នេះពេលមានភ្លៀងម្តងៗ៕
ប្រភព ដើមអម្ពិល
សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !




