ការផ្អើលឆោឡោនេះបានកើតឡើងកាលពីព្រលប់ម៉ោងប្រហែល៧ នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៣ នៅតាមបណ្ដោយផ្លូវលំមួយកន្លែងស្ថិតក្នុងភូមិទំនប់(ផ្លូវរាំដា) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សាក្សីនិងជនរងគ្រោះនិយាយថា នៅមុនពេលកើតហេតុ ជនរងគ្រោះ មានគ្នា២នាក់កំពុងធ្វើដំណើរដោយថ្មើរជើង ទៅហាត់កីឡា ដោយកាន់កាបូបលុយតាមខ្លួន ព្រោះមិនទុកចិត្តសោបន្ទប់ផ្ទះជួលស្នាក់នៅ ខណៈពេលកំពុងដើរក៏ស្រាប់តែមានចោរម្នាក់ មកពីក្រោយឆក់កាបូបលុយរបស់គាត់រួចរត់គេចខ្លួនចូលក្នុងដីឡូត៍មួយកន្លែងក្បែរនោះ តែគាត់ពុំហ៊ានចូលទៅចាប់ដណ្ដើមយកកាបូបមកវិញទេ ដោយគ្រាន់តែស្រែកផ្អើលឆោឡោឡើង ហើយប្រជាពលរដ្ឋនៅកន្លែងនោះ ក៏នាំគ្នាប្ដឹងប៉ូលិស ឲ្យមកជួយអន្តរាគមន៍ ឡោមព័ទ្ធចាប់ខ្លួនចោរនោះ ប៉ុន្តែរកមិនឃើញ ដោយសារស្ថានភាពយប់ងងឹត។
បុរសជនជាតិកូរ៉េនោះពុំត្រូវបានគេប្រាប់ឈ្មោះឲ្យដឹងនោះទេ ហើយប៉ូលិសប៉ុស្ដិ៍ភ្នំពេញថ្មី ក៏ពុំបានធ្វើរបាយការណ៍ដែរ។
ពាក់ព័ន្ធនឹងករណីចោរឆក់កាបូបលុយជនជាតិកូរ៉េអស់៥ពាន់ដុល្លារនេះ ភ្នាក់ងារកម្ពុជាថ្មីបានសុំការពន្យល់ពីលោក ដួង វណ្ណៈ នាយរងប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ភ្នំពេញ ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ ដោយលោកបានមានប្រសាសន៍បដិសេធថា មិនមានការបាត់លុយរហូតដល់៥ពាន់ដុល្លារនោះទេ ហើយបញ្ជាក់ថា វាពិតជាមានករណីឆក់កាបូបលុយពីបុរសជនជាតិកូរ៉េនោះមែន ប៉ុន្តែទ្រព្យសម្បត្តិនៅក្នុងកាបូបលុយដែលចោរឆក់យកទៅបាត់នោះ មានតែទូរស័ព្ទមួយគ្រឿង និង កូនសោឡាន១ប៉ុណ្ណោះ ហើយករណីនេះលោកបានទទួលបណ្ដឹងតម្កល់ទុករួចហើយ៕
សឿន
ប្រភព កម្ពុជាថ្មី
សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
