សាលា ​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី១៧ កក្កដា បន្ត​ស្ដាប់​សក្ខីកម្ម​របស់​សាក្សី​ឈ្មោះ ស្ទីវ ហេដឌ័រ (Steve Heder) ជុំវិញ​រឿងរ៉ាវ​បក្ស​កុម្មុយនិស្ត​កម្ពុជា តាម​សៀវភៅ​ដែល​លោក​សរសេរ។ នៅ​ក្នុង​សវនាការ​ថ្ងៃ​ដដែល​នេះ ជន​ជាប់​ចោទ នួន ជា បាន​ប្រកាស​ថា គាត់​ឈប់​ឆ្លើយ​តប​ដល់​ភាគី​ណា​ទៀត​ហើយ។
ជន​ជាប់​ចោទ នួន ជា បាន​ប្រកាស​ជូន​ដំណឹង​ថា គាត់​នឹង​មិន​ឆ្លើយ​តប​អ្វី​ត​ទៅ​ទៀត​ទេ ព្រោះ​សាលា​ក្ដី​ខ្មែរ​ក្រហម​មិន​បាន​គោរព​គោលការណ៍​កាត់​សេចក្ដី​ដោយ​ ត្រឹមត្រូវ និង​យុត្តិធម៌។
ការ​ប្រកាស​របស់​ជន​ជាប់​ចោទ នួន ជា នេះ គឺ​ធ្វើ​ឡើង​ដោយ​ផ្ទាល់​មាត់​ក្នុង​សវនាការ​សាលា​ដំបូង​នៅ​រសៀល​ថ្ងៃ​ទី១៧ ខែ​កក្កដា ឆ្នាំ​២០១៣ ដោយ​បញ្ជាក់​ថា សាលា​ដំបូង​មាន​ភាព​លម្អៀង ដែល​ធ្វើ​ឱ្យ​គាត់​អស់​ជំនឿ៖ «ខ្ញុំ​សូម​ជូន​ដំណឹង​ថា ខ្ញុំ​មិន​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​ព្រះរាជ​អាជ្ញា និង​ភាគី​នានា នៅ​ក្នុង​តុលាការ ដែល​មិន​យុត្តិធម៌​នេះ​ទេ។ ក្នុង​គ្រា​នេះ ការ​ពិត យុត្តិធម៌​នឹង​មាន​ប្រយោជន៍ ត្រូវ​បាន​បំផ្លាញ​ដោយ​តុលាការ»
ជន​ជាប់​ចោទ នួន ជា បញ្ជាក់​ទៀត​ថា មូលហេតុ​ដែល​នាំ​ឱ្យ​សម្រេច​ចិត្ត​បែប​នេះ ក៏​ព្រោះ​តែ​លោក​សង្កេត​ឃើញ​ថា ការ​ប្រព្រឹត្ត​របស់​តុលាការ​ចំពោះ​ជន​ជាប់​ចោទ និង​មេធាវី​ការពារ​ក្ដី បាន​វិវឌ្ឍន៍​ពី​អាក្រក់​កាន់​តែ​អាក្រក់​ទៅ​ទៀត ដោយ​ភាព​លម្អៀង ហើយ​ធ្វើ​ឱ្យ​លោក​អស់​ជំនឿ​លើ​តុលាការ​ដូច​ជន​ជាប់​ចោទ ខៀវ សំផន ដែរ៖ «ជាក់ស្ដែង ដូច​ជា​ពេល​ថ្មី​នេះ មេធាវី​របស់​ខ្ញុំ​ត្រូវ​បាន​កាត់​ផ្ដាច់​មិន​ឱ្យ​សួរ​សំណួរ​ជា​សារធាតុ ដើម្បី​ដោះ​បន្ទុក​មក​លើ​រូប​ខ្ញុំ​នោះ​ទេ។ នេះ​ជា​ភាព​អយុត្តិធម៌​មួយ​ដែល​រារាំង​មិន​ឱ្យ​មេធាវី​របស់​ខ្ញុំ​បំពេញ​ តួនាទី​ការពារ​ខ្ញុំ​ដោយ​ពេញលេញ។ នេះ​ជា​រឿង​ក្ដី​នៃ​អាយុ​ជីវិត​របស់​ខ្ញុំ។ មិន​មែន​ជា​ការ​ធ្វើ​លំៗ ឱ្យ​តែ​ឆាប់​រហ័ស ដើម្បី​ដាក់​ទោស​ខ្ញុំ​នោះ​ទេ»
នៅ​ក្នុង​សវនាការ​សាលា​ដំបូង មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ នួន ជា តែង​ត្រូវ​បាន​សហ​ព្រះរាជ​អាជ្ញា​ជំទាស់​ជា​រឿយៗ ហើយ​ត្រូវ​ប្រធាន​អង្គ​ជំនុំ​ជម្រះ​បញ្ឈប់ លែង​ឱ្យ​សួរ​ដេញដោល ដោយ​លើក​ហេតុផល​ថា មេធាវី​ការពារ​សួរ​សំណួរ​ច្រំដែល សួរ​ចាក​ប្រធាន ឬ​អង្គហេតុ និង​ប្រើប្រាស់​ពេល​វេលា​ខ្ជះខ្ជាយ។ ជន​ជាប់​ចោទ នួន ជា កត់​សម្គាល់​ថា សាលា​ដំបូង​ប្រព្រឹត្ត​ចំពោះ​ភាគី​ដើម​ចោទ និង​ចុង​ចោទ​មិន​ស្មើ​គ្នា។
ភាគី​សហ​ព្រះរាជ​អាជ្ញា​ជម្រាប​ជូន​អង្គ​ជំនុំ​ជម្រះ​ថា ករណី​ជន​ជាប់​ចោទ នួន ជា ដូច​គ្នា​នឹង​ករណី​ជន​ជាប់​ចោទ ខៀវ សំផន ដែរ ដែល​ប្រកាន់​ជំហរ​មិន​ឆ្លើយ​តប ហើយ​ភាគី​ខ្លួន​ស្នើសុំ​ឱ្យ​អង្គ​ជំនុំ​ជម្រះ​ប្រកាស​ជា​លាយលក្ខណ៍​អក្សរ​ ចំពោះ​ជន​ជាប់​ចោទ អំពី​អង្គហេតុ និង​ផល​វិបាក​នានា។ បញ្ហា​នេះ​បាន​កើត​ឡើង​បន្ទាប់​ពី​មាន​ការ​ជជែក​អំពី​ការ​ទទួល​យក​សក្ខីកម្ម ​ដោយ​មិន​កោះ​ហៅ​សាក្សី។
ដោយ​ឡែក ភាគី​មេធាវី​នាំ​មុខ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ថ្លែង​ទៅ​កាន់​អង្គ​ជំនុំ​ ជម្រះ​ថា ភាគី​ខ្លួន​មិន​ភ្ញាក់​ផ្អើល​ចំពោះ​ការ​ប្រកាន់​ជំហរ​មិន​ឆ្លើយ​តប​របស់​ជន​ ជាប់​ចោទ​ទេ៖ «ទោះ​បី​ជា​ខ្ញុំ​ស្រឡាំងកាំង​ចំពោះ​ការ​លើក​ឡើង​របស់ នួន ជា នេះ ក៏​ខ្ញុំ​មិន​ភ្ញាក់​ផ្អើល​ដែរ ព្រោះ​នេះ​ជា​ឥរិយាបថ​របស់​ជន​ជាប់​ចោទ​ទាំង​ពីរ។ ក៏ប៉ុន្តែ ខ្ញុំ​សោកស្ដាយ​ណាស់។ ការ​អត្ថាធិប្បាយ​របស់​ខ្ញុំ គឺ​ដូច​គ្នា​អ្វី​ដែល​ខ្ញុំ​បាន​លើក​ឡើង​ពាក់ព័ន្ធ​នឹង​លោក ខៀវ សំផន អ៊ីចឹង គ្រាន់​តែ​ខ្ញុំ​ចង់​លើក​ឡើង​មួយ​ចំណុច ខ្ញុំ​សង្កេត​ឃើញ​ថា អស់​រយៈពេល​ប៉ុន្មាន​នេះ​មក បន្តិច​ម្ដងៗ មេធាវី​ការពារ​ក្ដី និង​ជន​ជាប់​ចោទ​ហ្នឹង គិត​ថា​ខ្លួន​ជា​ជន​រង​គ្រោះ»
អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នឹង​បន្ត​សវនាការ​របស់​ខ្លួន​ទៀត នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៨ ខែ​កក្កដា ឆ្នាំ​២០១៣៕
ប្រភពពី RFA



សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រ​តី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
 
Top