បន្ទាយមានជ័យ ៖ ស្ត្រីម្នាក់ឈ្មោះ ថៃ វួយឆេង អាយុ ៣៧ ឆ្នាំ  រស់នៅភូមិខ្ចៅ ឃុំខ្ចៅ ស្រុកគងមាស ខេត្តកំពង់ ចាម នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០១៣ នេះ នាងបានស្វែងរក ជួបជាមួយអ្នកកាសែត ហើយបានអះអាងថា នាងត្រូវម្តាយធម៌ នាំទៅធ្វើការនៅប្រទេសថៃ ហើយលក់នាងដូចសត្វ មាន់ ទា ឲ្យទៅថៅកែថៃ ដើម្បីទុកបម្រើ តណ្ហា ដោយនាងមិនអាចស៊ូទ្រាំបាន នាងក៏លួចរត់មកកម្ពុជា ។
នៅចំពោះមុខ ក្រុមអ្នកសារព័ត៌មាន នៅចំណុចរង្វង់មូល នៃច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្រ្តីឈ្មោះ ថៃ វួយឆេង បានឲ្យដឹងថា នាងបានពឹកពាក់ ឲ្យម្តាយធម៌ម្នាក់ ឈ្មោះ ហែម ម៉ៅ អាយុ ៦១ ឆ្នាំ រស់នៅ ភូមិក្បាលស្ពាន ២ សង្កាត់/ក្រុង ប៉ោយប៉ែត ជាកម្មករបោសសម្អាត ជួយរកការងារឲ្យធ្វើ ពេលទៅដល់ប្រទេសថៃ ធ្វើការបានមួយរយៈពេល សុំថៅកែត្រឡប់មកស្រុកកំណើតវិញ ស្រាប់តែត្រូវគេហាមឃាត់មិនឲ្យមកទេ ដោយ ថៅកែនិយាយថា (នាងត្រូវបានគេលក់ទៅឲ្យគាត់ក្នុងតម្លៃ ៥០.០០០ បាត បើមិនធ្វើការ គឺត្រូវធ្វើជាប្រពន្ធចុងគេ ឬត្រូវប្រគល់ខ្លួនប្រាណឲ្យគេ ទើបសុខខ្លួន) ពេលនោះ ទើបដឹងច្បាស់ថា ម្តាយធម៌របស់នាងលក់នាងឲ្យថៃ។
ស្រ្តីរងគ្រោះបានបញ្ជាក់ថា ដោយមានភាពភ័យខ្លាច នាងបានលួចរត់ ខណៈថៅកែថៃមិននៅផ្ទះ ពេលរត់គេចខ្លួន នៅស្រុកថៃ នាងក៏បានជួបជាមួយអ្នកសុំទាន ជនជាតិខ្មែរម្នាក់ ដែលមានចិត្តសប្បុរស ក្រោយពីនាងរៀបរាប់ ដំណើរដើមទងឲ្យស្តាប់ ក៏បានឲ្យប្រាក់នាង ១០០០បាត ជិះរថយន្តត្រឡប់មកកម្ពុជាវិញ តាមច្រកប៉ោយប៉ែត ក៏ បានជួបជាមួយ ម្តាយធម៌ចិត្តអប្រិយនោះ ទើមានការឈ្លោះប្រកែកគ្នាបែកផ្សែងតែម្តង ។
ដោយមើលឃើញថា ស្រី្តទាំង ២ នាក់ ឈ្លោះប្រកែកគ្នាផ្អើល និងមានមនុស្សចោមរោមមើល រហូតដល់ស្ទះចរាចរ ក៏ត្រូវនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួន យកទៅសួរនាំ នៅអធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែតទាំង ២ នាក់ ។ មកដល់ពេលនេះ គេពុំទាន់ដឹងថា នរណាខុស នរណាត្រូវនៅឡើយទេ ព្រោះស្ថិតក្នុងការសួរនាំរបស់សមត្ថកិច្ច៕
ប្រភពៈ ដើមអម្ពិល

សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រ​តី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
 
Top