ភ្នំពេញៈ បុរសម្នាក់ ដែលគេស្គាល់ថា ជាគ្រូពេទ្យទាហ៊ាន ត្រូវបានរថយន្តជនជាតិចិនម្នាក់ បើកមកបុកយ៉ាងពេញ ទំហឹង បណ្តាលឲ្យអូសជាច្រើនម៉ែត្រ ប៉ុន្តែ សំណាងល្អ គ្រាន់តែរងរបួសបាក់ជើងម្ខាង ។ ហេតុការណ៍នេះ កើត ឡើង កាលពីវេលាម៉ោង ១ និង ៣០នាទី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៣ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិត ត្រង់ភូមិក្រាំងដូនទៃ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
នគរបាល បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ស៊ូ សុវណ្ណា ភេទប្រុស អាយុ ៤៣ ឆ្នាំ មានមុខរបរ ជាវេជ្ជបណ្ឌិត ជំនាន់ទី ៥ នៅវិទ្យាស្ថានវិទ្យសាស្រ្ត សុខាភិបាល នៃកងយោធពល ខេមរភូមិន្ទ រស់នៅផ្ទះលេខ១០៩E ផ្លូវលេខ ១៥ សង្កាត់ផ្សារកណ្តាល ២ ខណ្ឌដូនពេញ រងរបួសបាក់កជើង និងបែកប្រអប់ជើង ខាងឆ្វេងខ្ទេច ជិះម៉ូតូមួយ គ្រឿង ម៉ាកហុងដា គុបជ្រុងសេ ៥០ ពណ៌ទឹកប៊ិច ពាក់ស្លាក ផ 3386 ភព1 រងការខូចខាត ផ្នែកចំហៀង ខាង ឆ្វេងយ៉ាងដំណំ រីឯរថយន្តបង្កហេតុ ម៉ាកកាមរីឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2D-1291 អ្នកបើកបរ ឈ្មោះ អ៊ី ហ្វាត ភេទប្រុស អាយុ ៤៥ ឆ្នាំ ស្នាក់នៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ក្នុងស្ថាន ភាពស្រវឹងជោក ។
សមត្ថកិច្ច បានបន្តទៀតថា មុនពេលកើតហេតុ ម៉ូតូជនរងគ្រោះជិះម្នាក់ឯង ក្នុងទិសដៅពីជើងទៅត្បូង នៅខាង ស្តាំ ដៃលុះដល់ចំណុចកើតហេតុ ម៉ូតូបើកភ្លើងវ៉ៃស៊ីញ៉ូ បត់ឆ្លងផ្លូវចូលទៅវិទ្យាស្ថានខាងលើ ស្រាប់តែមានរថយន្ត ១គ្រឿងជិះម្នាក់ឯង បើករេពេញផ្លូវក្នុងល្បឿនលឿន ក្នុងទិសដៅពីជើងមកត្បូងស្របទិសគ្នា ជ្រុលចង្កូតមកបុក ចំហៀងខាងឆ្វេង ម៉ូតូបុរសរងគ្រោះ ពីក្រោយយ៉ាងពេញទំហឹង បណ្តាលឲ្យជនរងគ្រោះ ទើលើខាងមុខរថយន្ត ទើបធ្លាក់មកវិញ បោកនឹងថ្នល់បាក់កជើង និងបែកប្រអប់ជើងខាងឆ្វេង ធ្ងន់ធ្ងរ រីឯម៉ូតូរងការខូចខាត ដោយអូស ជាប់នឹងរថយន្តប្រហែលជា ៥០ ម៉ែត្រ ។
ភ្លាមៗនោះ នគរបាលបានចុះទៅដល់កន្លែងកើតហេតុ រួចហើយបានហៅរថយន្តរបស់អង្គភាព ៧១១ នៃកងពល តូចលេខ៧០ ដឹកយកទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីជួយសង្គ្រោះអាយុជីវិតបន្ទាន់ ។ ហើយនៅក្នុងទិដ្ឋភាព នោះ បន្ទាប់ពីក្រុមសង្គ្រោះ បញ្ជូនទៅដល់មន្ទីរពេទ្យកាល់ម៉ែតឃើញថា មានការយកចិត្តទុកដាក់យ៉ាងខ្លាំង ពី ក្រុមគ្រូពេទ្យ ក្នុងការជួយសង្គ្រោះជនរងគ្រោះ ។ រថយន្ត និងម៉ូតូរួមទាំងជនបង្ក ត្រូវនគរបាលខណ្ឌ ប្រគល់ទៅ ឲ្យនគរបាលចរាចរណ៍ក្រុង ចាត់ការទៅតាមផ្លូវច្បាប់ ៕
ប្រភពៈ ដើមអម្ពិល
សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !

