ខេត្តតាកែវ ៖ បុរសវ័យចំណាស់មិនស្គាល់សីលទាន ស្គាល់តែគុកច្រវាក់ម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង ៥ល្ងាចថ្ងៃទី០៩ ខែកក្ដដា ឆ្នាំ២០១៣ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីក្រុមគ្រូសារក្មេងស្រីរងគ្រោះបាន ប្ដឹងចោទប្រកាន់តាចាស់ខាងលើ ថាបានបៀតបៀនកេរ្តិ៍ខ្មាស កូនស្រីរបស់ខ្លួន ដែលជាអនីតិជនមានវ័យ ១៥ឆ្នាំ។
ប្រភពព័ត៌មានពីសមត្ថកិច្ចស្រុកព្រៃកប្បាស់បានឲ្យដឹងថា តាចាស់រពិសដៃទៅស្ទាបកូនក្រមុំគេ ត្រូវសមត្ថកិច្ចវ៉ៃខ្នោះខាងលើនេះមានឈ្មោះ គង់ ម៉ៅ អាយុ៨០ឆ្នាំ មានទីលំនៅភូមិតាវង់ ឃុំដានកាម ស្រុកព្រៃកប្បាស់ និងមានមុខរបបជាកសិករ។
បើតាមការរៀបរាប់របស់ក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ បុរសចំណាស់រូបនេះ និងមិត្តភក្តិរបស់ខ្លួនបីបួននាក់ទៀត បានមកផឹកស៊ីនៅហាងមួយកន្លែង។ លុះផឹកស្រា.ស អស់ចំនួន៥លីត្រ ខណៈកូនស្រីម្ចាស់ហាង ជួយលើកសាច់ក្លែមឲ្យ ស្រាប់តែបុរសចំណាស់នេះ បានបៀតបៀនកេរ្តិ៍ខ្មាស់ ដោយបានយកដៃទៅចាប់លូកស្ទាបខ្លួនប្រាណរបស់នាង។ ភ្លាមៗនោះ នារីរងគ្រោះ បានរត់ទៅប្រាប់ឪពុកម្ដាយ និងដាក់ពាក្យបណ្ដឹងទៅ សមត្ថកិច្ចស្រុកព្រៃកប្បាស់ ដើម្បីឃាត់ខ្លួនតែម្តង។
បន្ទាប់ពីទទួលបានពាក្យ សមត្ថកិច្ចបានចុះទៅឃាត់ខ្លួនបុរសវ័យចំណាស់ខាងលើភ្លាមៗ។ ក្រោយមកក្រុមគ្រួសារជនរងគ្រោះ បានធ្វើការចរចាគ្នា ជាមួយជនល្មើស ដោយទាមទាសំណងជាប្រាក់ចំនួន ២លានរៀល ដើម្បីជាការបញ្ចប់រឿង។ ប៉ុន្តែជនល្មើស គ្មានលុយបង់ ទើបសមត្ថកិច្ចស្រុកព្រៃកប្បាស់ ចាត់ការបញ្ជូនទៅកាន់នគរបាលខេត្តតាកែវ ដើម្បីដោះស្រាយទៅតាមនីតិវិធីច្បាប់ជាបន្តទៀត៕
ប្រភពពី វត្តភ្នំ
សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
