ព្រះសីហនុ៖ កាលពីល្ងាចថ្ងៃ១២ ខែកក្កដា ឆ្នាំ២០១៣ វេលាម៉ោង ១៦ និង៣០នាទី មានគ្រោះថ្នាក់ ក្រឡាប់រថយន្តកូរ៉េ ជជុះប្រភេទ៥តោន មានដងស្ទូច មានដឹករថយន្តកូរ៉េ ចំនួន១គ្រឿងពីលើផង ត្រង់ចំណុច ចំនោទយាយម៉ៅ តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងសង្កាត់លេខ១ ក្រុងខេត្តព្រះសីហនុ ។
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្តាលឱ្យ អ្នកបើកបរ និងអ្នកដំណើរតាមផ្លូវ រងរបួសដល់ អាយុជីវិតឡើយ គ្រាន់តែរបួសស្រាល អ្នកបើកបរតែម្នាក់ប៉ុណ្ណោះ ។
តាមសាក្សីនៅកន្លែងកើតហេតុបាននិយាយប្រាប់ថា នៅអំឡុងពេលម៉ោងដូចខាងលើ គេឃើញរថយន្តជជុះកូរ៉េ ប្រភេទ៥តោន មានដងស្ទូច បានដឹកឡានកូរ៉េ១គ្រឿងពីលើផង បានធ្វើដំណើរចាកចេញ ពីកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ដែលទើបតែទម្លាក់ចុះពីកប៉ាល់ថ្មីៗ បើកសំដៅទៅឃ្លាំងនៅ ភ្នំពេញបាន ប្រហែលជា៥គីឡូ ម៉ែត្រប៉ុណ្ណោះពីកំពង់ផែ ស្រាប់តែមកដល់ចំណុច ខាងលើដែលជាចំណុចឡើងចំនោទក្បែរ មន្ទីសាធារណៈការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ស្រាប់តែរអិលថយក្រោយចុះចំនោទវិញ ប្រមាណជា១០០ម៉ែត្រ លុះដល់ចំណុច ខាងលើ ក៏ក្រឡាប់ ធ្លាក់ទៅខាងឆ្វេងដៃចុះទៅខាងក្រោម គេឃើញអ្នកបើកបរខំប្រឹងទប់ចង្កូតដែរ តែទីបំផុតនៅតែក្រឡាប់ធ្លាក់ជ្រោះ ប្រមាណជាង១០ម៉ែត្រទាល់តែបាន ។
ភ្លាមៗនោះគេឃើញអ្នកបើកបររងរបួសស្រាល ហើយខំស្រវេស្រវា រលូនចេញពីរថយន្ត ឡើងមកលើរួច មានគ្នីគ្នានាំ ទៅព្យាបាលបាត់ទៅ ។ ខណៈពេលដែលអ្នកបើកបរវាឡើងមកលើគេឮគាត់ប្រាប់ថា មកពីហ្រ្វាំង មិនស៊ីទើបបណ្តាលឱ្យ មានគ្រោះថ្នាក់បែបនេះ។ ភ្លាមៗគេឃើញខាងម្ចាស់រថយន្ត រូតរះមកទំនាក់ទំនង ជាមួយសមត្ថកិច្ច ហើយហៅរថយន្តស្ទូចមកស្ទូច រថយន្តចេញដល់ទៅ២គ្រឿង តែមិនអាចស្ទួចចេញ បានឡើយនៅថ្ងៃនេះដោយសារធ្លាក់ជ្រោះជ្រៅពេក ។ គេឮម្ចាស់រថយន្តលួចខ្សឹបប្រាប់សមត្ថកិច្ចថា អ្នកបើករថយន្ត រូបនេះយប់មិញផឹក ដល់ម៉ោង៣ទៀបភ្លឺ ទើបឈប់៕
ប្រភពៈ ដើមអម្ពិល
សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !




