ភ្នំពេញៈ ដោយសារ​ការ​ស្រឡាញ់​សិល្បៈ​ចម្រៀង​តាំងពី​តូច​ក្រូចឆ្មារ​បាន​ញ៉ាំង​ឲ្យ​តារាចម្រៀង សុខ ពិសី ដែល​ដើម​ឡើយ​មាន​ទីលំនៅ នៅឯ​ក្រុង​តាខ្មៅ​ជម្នះ​គ្រប់​ឧបសគ្គ​ធ្វើ​ដំណើរ​ចុះ​ឡើង​មក​ភ្នំពេញ​ដើម្បី​ស្វែងរក​ឱកាស​ហក់​ចូល​វិស័យ​សិល្បៈ​ចម្រៀង​។ ក្រោយ​ពេល​បាន​សម្រេច​បំណង និង​ទទួល​បាន​ភាព​ល្បាញល្បី​កាន់​តែ​ខ្លាំង​នោះ ស្រាប់​នៅ​ក្នុង​ឆ្នាំ​២០០៨ តារា​រូប​នេះ​ទទួល​រង​វិប្បដិសារី​ស្ទើរ​ងើប​មុខ​មិន​រួច ដោយសារ​តែ​ម្តាយ​របស់​នាង​រួម​ជាមួយ​នឹង​បងប្អូន​ជាច្រើន​នាក់​បាន​ស្លាប់​ក្នុង​ពេល​តែ​មួយ​នៅ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅ​លើ​ផ្លូវ​ជាតិ​លេខ​៤ ដែល​រូបនាង​ជា​អ្នក​បើកបរ​។ តើ​ការ​ប្រឹងប្រែង​រស់​របស់​តារាចម្រៀង​រូប​នេះ​ទៅ​ជា​យ៉ាង​ណា​?
នាង សុខ ពិសី មាន​កំណើត​កើត​ជា​នៅ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​១៩៩០ នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល។ តារា​ស្រី​សាច់​ស​ខ្ចី​រូប​នេះ​មាន​ឪពុក​ឈ្មោះ សុខ ហេង អាយុ​៤៦​ឆ្នាំ​ជា​មន្ត្រី​ក្នុង​ជួរ​ទាហាន​រីឯ​ម្ដាយ​ឈ្មោះ រស់ សុគន្ធារី (បាន​ទទួល​មរណភាព​ក្នុង​ហេតុការណ៍​ក្រឡាប់​រថយន្ត​កាល​ពី​ខែ​មេសា ឆ្នាំ​២០០៨)។​សុខ ពិសី​មាន​បងប្អូន​បី​នាក់ (ប្រុស​២ ស្រី​១) ហើយ​នាង​ជា​កូន​ទី​ពីរ​។ នាង​មាន​កម្ពស់​១៦៧​សង់ទីម៉ែត្រ និង​មាន​ទម្ងន់​ជា​មធ្យម ៤៧​គីឡូក្រាម។
សុខ ពិសី បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បាក់ឌុប​ក្នុង​ឆ្នាំ​២០០៨ ប៉ុន្មាន​ខែ​ក្រោយ​ពេល​ដែល​នាង​ជួប​គ្រោះថ្នាក់​ក្រឡាប់​រថយន្ត​ហើយ​នាង​ត្រូវ​ចូលរួម​ប្រឡង​ទាំង​ឈឺ​តែ​ម្តង។ គ្រោះ​ល្អ​នាង​បាន​ជាប់​ការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ ហើយ​ក៏​បាន​ឱកាស​ចូល​បន្ត​ការ​សិក្សា​នៅ​វិទ្យាស្ថាន​ភាសាបរទេស​(IFL)។
ដោយសារ​តែ​ចង់​ក្លាយ​ជា​តារាចម្រៀង​នៅ​អាយុ​១៧​ឆ្នាំ យុវតី​នាង សុខ ពិសី ក៏​បាន​ចូល​ខ្លួន​មក​ហាត់​រៀន​ផ្នែក​សិល្បៈ​ចម្រៀង​នៅ​ក្នុង​ក្លិប​មួយ​កន្លែង។ ដោយ​មើល​ឃើញ​ថា នាង​មាន​ទេពកោសល្យ គ្រូបង្ហាត់​ក៏​បាន​ណែនាំ​ឲ្យ​នាង​បាន​សុំ​ធ្វើ​តេស្ត​ច្រៀង​នៅ​ផលិតកម្ម KH ជា​លទ្ធផល​នាង​ក៏​បាន​ជាប់​ការ​ធ្វើ​តេស្ត​សំឡេង​នោះ ហើយ​នាង​ក៏​បាន​ក្លាយ​ជា​តារាចម្រៀង​ពេញសិទ្ធិ​របស់​KH តែ​ម្តង​នៅ​ក្នុង​ឆ្នាំ​២០០៥។
លុះ​នៅ​ឆ្នាំ​២០០៧ តារាចម្រៀង​ដែល​មាន​ឈ្មោះ​ល្បី​រួច​ជាស្រេច​នៅ KH ក៏​បាន​ប្តូរ​ទ្រនំ​ទៅ​កាន់​ផលិតកម្ម​Nice Star ទាំង​មាន​បណ្តឹង​ប្រទាំងប្រទើស​ពី​លោក គឹម ហេង ចាងហ្វាង​ផលិតកម្ម KH។
នៅ​ឆ្នាំ​២០០៨ ជា​ឆ្នាំ​ដ៏​អាក្រក់​បំផុត​នៅ​ក្នុង​ជីវិត​តារាចម្រៀង សុខ ពិសី ដោយសារ​តែ​រថយន្ត Lexus ផ្ទុក​មនុស្ស​ណែន​របស់​នាង ដែល​បើកបរ​ដោយ​នាង​ផ្ទាល់ បាន​ក្រឡាប់​ជាច្រើន​ត្រឡប់​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤ ឆ្ពោះ​ទៅ​ខេត្ត​ព្រះសីហនុ ជា​ទី​ដែល​នាង​ត្រូវ​ឡើង​ច្រៀង។ ក្នុង​នោះ​មនុស្ស​៤​នាក់ បាន​ស្លាប់ ដោយ​រួម​ទាំង​ម្តាយ​របស់​នាង​ផង។ សុខ ពិសី ក៏​បាន​ក្លាយ​ជា​នារី​កំព្រា​ម្តាយ តាំង​ពី​នាង​មាន​អាយុ​២០​ឆ្នាំ​។
ទាំង​មិន​នឹក​ស្មាន​ក្រោយ​រងគ្រោះ​ថ្នាក់​ក្រឡាប់​រថយន្ត​គេ​គ្រប់​គ្នា​បាន​គិត​ថា សុខ ពិសី នឹង​បញ្ចប់​អាជីព​សិល្បៈ​របស់​នាង តែ​អ្វី​ៗ បែរ​ជា​ខុស​ការ​ស្មាន ខណៈ​ដែល​ស្ងាត់​ៗ សុខ ពិសី ក៏​វិល​មក​កាន់​វិថីចម្រៀង​វិញ ក្នុង​ខែ​មេសា ឆ្នាំ​២០០៩ ជា​តារាចម្រៀង​ក្នុង​ផលិតកម្ម​កូរ៉េ​មួយ ប៉ុន្តែ​បាន​តែ​មួយ​ដង្ហើម​ចង្រិត​ផលិតកម្ម​នោះ​ក៏​បិទទ្វារ​។​ដោយសារ​តែ​តារាចម្រៀង​រូប​នេះ​នៅ​តែ​មាន​ទឹកដម​សំនៀង​ល្អ សុខ ពិសី ក៏​បាន​ក្លាយ​ជា​តារាចម្រៀង​របស់​ផលិតកម្ម​សាន់ដេ រហូត​មក​ដល់​សព្វថ្ងៃ​នេះ​ហើយ​កំពុង​ក្រសោប​បាន​ភាព​ល្បីល្បាញ​យ៉ាង​ខ្លាំង​ផង​ដែរ៕
តារា​ចម្រៀង​នាង សុខ ពិសី ដែល​បាន​ស្លាប់​ម្តាយ​កាល​ពី​វ័យ​២០​ឆ្នាំ​​​។ រូប សេត គឹមសឿន
ប្រភពៈ Postkhmer


សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រ​តី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
 
Top