ភ្នំពេញ៖ តារាចម្រៀងល្បីជាច្រើន កំពុងតែត្រូវបានមហាជនមួយចំនួន រិះគន់យ៉ាងចាស់ដៃ ដោយសារពួកគេ បានចូលរួមក្នុង យុទ្ធនាការឃោសនាបោះឆ្នោតជាមួយ គណបក្សប្រជាជនកម្ពុជា បើទោះបីនេះជាសិទ្ធិ របស់ប្រជាពលរដ្ឋគ្រប់រូប ក្នុងការជ្រើសរើស គណបក្សនយោបាយ ដែលពួកគេពេញចិត្ត ។
តារាចម្រៀងល្បីៗទាំងនោះ រួមមាន នាង ឱក សុគន្ធ កញ្ញា លោក ព្រាប សុវត្តិ លោក ខេមរៈ សិរីមន្ត កាន់តែក្ដៅគគុកជាងគេ បន្ទាប់ពី លោក ករុណា ពេជ្រ និង លោក អ៊ឹម ជីវ៉ា តារាមិនសូវល្បីរងការរិះគន់នោះ។ តែចំណែក ឯនាង សុន ស្រីពេជ្រ តារាចម្រៀងប្រចាំក្រសួងទេសចរណ៍វិញ នាងបែរជាមិនបានទទួល ពាក្យសម្ដី ជេប្រមាថឬមើលងាយខ្លាំងៗនោះទេ ពោល គឺគេហាក់លើកលែងនាងមួយ ។ តែប្រភពមួយផ្សេងទៀត បាននិយាយថា នាងក៏ត្រូវបានគេប្រមាថ មើលងាយដែរ តែមិនមែនរឿងទាក់ទង នឹងការឃោសនាទេ ព្រោះនាងប្រៀបដូចជាតារាចម្រៀង តំណាងជាតិ ។
ប្រភពបាននិយាយថា កាលពីចូលសិល្បៈថ្មីៗ ពិសេសការចូលច្រៀង ឲ្យក្រសួងទេសចរណ៍ ដំបូងនាងត្រូវបានតារាចម្រៀងមិនសូវល្បីខ្លះបាន និយាយវាយប្រហារថា មិនដឹងជាក្រសួងខ្វះមនុស្សច្រៀងទេអី បានយកមនុស្សដូច សុន ស្រីពេជ្រ មកច្រៀង មិនដឹងជាពីរោះត្រង់ណាទេ ។
ប្រភពមួយទៀត ក៏បាននិយាយថា ពេលនាងទៅច្រៀងក្នុងកម្មវិធីមង្គលការនានា សុន ស្រីពេជ្រ ទទួលកម្រៃខ្ទង់ជិតមួយពាន់ដុល្លារដែរ តែត្រូវបានអ្នកលេងភ្លេងចំអកឡកឡឺយថា “ស្អីគេ…ហ្អែងច្រៀងបានប៉ុណ្ណឹងដែរ..? ” តែនាងមិនមាត់ទេ រួចឆ្លើយយ៉ាងសុភាពថា “ចាស…បានតើ..!” ។
តារាចម្រៀងស្រីរូបស្រស់នេះ ហាក់ទទួលសម្ពោធខ្លាំងពេលចូលសិល្បៈដំបូង ទោះជាឥឡូវក៏មិនទាន់បាត់ចំហាយពាក្យចំអកឡកឡឺយនេះដែរ ។ តែនាងគិតតែប្រឹងប្រែងខ្លាំងក្លាជាងមុនទ្វេដង ដើម្បីគ្រួសារ ។ ជំនួបជាមួយ LookingTODAY ស្រីស្អាតសុន ស្រីពេជ្រ បាននិយាយថា ជាការពិត មានគេប្រាប់នាងអំពីពាក្យ មើលងាយ មើលថោកនេះ តែនាងមិនខ្វល់ទេ ព្រោះខ្លាចជាពាក្យចាក់រុកនាំឲ្យនាងទៅឈ្លោះទាស់ទែង ជាមួយអ្នកដទៃ។ ម្យ៉ាងនាងមិនមែនជាមនុស្ស សន្សំរឿង តែជាមនុស្សសន្សំសុខ ។
យកពេលទៅរកលុយប្រសើរជាង ទាន់ខ្លួននៅក្មេង តែចាស់ទៅ ច្បាស់ជាពិបាករកប្រាក់មិនខាន។ ម្យ៉ាងប្អូន ប្រុសពីរនាក់នៅរៀនមហាវិទ្យាល័យ និងមានបន្ទុកគ្រួសារទៀត មិនអាចលេងសើចបានទេ ។ ចំណែកនាងទៅច្រៀង ពេលខ្លះ ជិះម៉ូតូឌុប ពេលខ្លះរ៉ឺម៉កកង់បី តែមិនដែលតូចចិត្តតូចថ្លើមទេ ចង់អ្នកណាថាអី ថាទៅ… ។
តារាចម្រៀងស្រី សុន ស្រីពេជ្រ ហាក់មមាញឹកទ្វេរដង ក្នុងរដូវកាលនេះ នាងមិនបាននៅភ្នំពេញជាប់ទេ ពោលគឺចុះ ខេត្តរហូត ។ ចំណែកឯកម្មវិធីមង្គលនានា នៅរដូវប្រាំង ក៏ចាប់ផ្ដើមរត់ចូលជាបណ្ដើរៗហើយ ព្រោះបើមិនកក់ទុកមុនទេ ច្បាស់ជាមិនបាននាងទៅច្រៀងឡើយ៕


ប្រភព៖ lookingtoday


សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រ​តី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
 
Top