ភ្នំពេញ ៖ បុរសម្នាក់ខណៈចេញពីផឹកស៊ីនៅផ្ទះបងប្អូនបានឈ្លោះប្រកែកជាមួយប្រពន្ធរួចក៏ទាញម៉ូតូមកជិះដោយគ្មានពាក់អាវស្លៀកតែកន្សែងពោះគោបានបើកម៉ូតូយ៉ាងលឿនជ្រុលបុកគូទរថយន្តកាមរីឆ្លាមកំពុងឈប់រង់ចាំភ្លើងស្តុបបណ្ដាលឲ្យដួលប្រកាច់ប្រកិនរបួសធ្ងន់ធ្ងរហើយត្រូវសងខាងរថយន្តថែមទៀត។
ហេតុការណ៍គ្រោះថ្នាក់នោះបានកើតឡើងកាលពីវេលាម៉ោង២១និង៣០នាទីយប់ថ្ងៃទី១១ ខែកក្កដាឆ្នាំ២០១៣ នៅចំណុចភ្លើងស្តុបពេទ្យចិនផ្លូវព្រះមុនីវង្សកែងផ្លូវព្រះសីហនុក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុបុរសរងគ្រោះបានទៅចូលរួមផឹកស៊ីនៅផ្ទះបងប្អូនលុះពេលស្រវឹងធ្លាក់ភ្នែកបានទាស់ទែងជាមួយប្រពន្ធរបស់គាត់តិចតួចក៏ទាញម៉ូតូម៉ាក C110ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1BF. 43 78 ដោយស្លៀកតែកន្សែងពោះគោអត់ពាក់អាវបានបើកម៉ូតូយ៉ាងលឿនព្រោះខឹងប្រពន្ធខ្លាំងណាស់លុះមកដល់ចំណុចកើតហេតុត្រង់ភ្លើងស្តុបពេទ្យចិនក៏បានបុកគូទរថយន្តកាមរីឆ្លាមពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 2M. 57 92 ខណៈកំពុងឈប់រង់ចាំភ្លើងស្តុបបណ្តាលឲ្យដួលប្រកាច់ប្រកិនរបួសធ្ងន់ធ្ងរ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះភ្លាមៗដែរ។
ប្រភពព័ត៌មានបានបន្តទៀតក្នុងគ្រោះថ្នាក់នោះដែរក្រុមគ្រួសារជនរងគ្រោះបានមកសម្របសម្រួលជាមួយភាគីរថយន្តដោយសងទៅឲ្យខាងរថយន្តចំនួន៥០ដុល្លារដើម្បីបញ្ចប់បញ្ហាផងដែរព្រោះកុំឲ្យរវល់ដល់ប៉ូលិសមូលដ្ឋាន៕
រស្មី
ប្រភព៖ កម្ពុជាថ្មី
សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
