តារា​ចម្រៀង ខេមរៈ សេរី​មន្ត។ រូប​ថត សេត គឹមសឿន
ព្រះសីហនុៈ បន្ទាប់ពី​តុលាការ​ខេត្ត​ព្រះសីហនុ​បើក​សវនាការ​ជា​លើក​ដំបូង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​កក្កដា ម្សិលមិញ លើ​បណ្តឹង​របស់​ជនរងគ្រោះ​ដូចជា​តារាចម្រៀង ខេមរៈ សេរីមន្ត តារាកំប្លែង​នាយ​កុយ យាយ​ណាង និង​ជនរងគ្រោះ​មួយ​ចំនួន​ទៀត ពាក់ព័ន្ធ​នឹង​ការ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​យ៉ាង​ធ្ងន់ធ្ងរ និង​បណ្តាល​ឲ្យ​មនុស្ស​ជាច្រើន​នាក់​ស្លាប់​ភ្លាម​ៗ​ដែល​បង្ក​ឡើង​ដោយ​រថយន្ត​កុងតឺន័រ​របស់​ក្រុមហ៊ុន SK(​សុខ កន)​នោះ​នាយ កុយ បាន​បញ្ជាក់​ឲ្យ​ដឹង​ក្រោយ​សវនាការ​ថា សាលក្រម​នឹង​ប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ ខែ​កក្កដា ខាង​មុខ ដោយ​លោក​បញ្ជាក់​ថា លោក​សង្ឃឹម​ឈ្នះ​៩៩​ភាគរយ តែ​រឿង​សំណង​យ៉ាង​ណា​នោះ លោក​មិន​ទាន់​ដឹង​នៅ​ឡើយ។
គួរ​រំឭក​ថា កាល​ពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់​ថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​២០១៣​កន្លង​ទៅ​តារាចម្រៀង ខេមរៈ សេរីមន្ត រួម​ជាមួយ​នឹង​ក្រុម​ការងារ​៨​នាក់(​រួម​មាន​ក្មេង​ម្នាក់​)បាន​ធ្វើ​ដំណើរ​តាម​រថយន្ត​Tundra ពណ៌​ស​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ ដើម្បី​ច្រៀង​នៅ​ក្នុង​ការ​ប្រគំតន្ត្រី​មួយ​ហើយ​ក៏​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​នៅ​លើ​ផ្លូវ​ជាតិ​លេខ​៤ ត្រង់​ចំណុច​គីឡូម៉ែត្រ​២១១-២១២ ស្ថិត​ក្នុង​ភូមិ​ពូធឿង ឃុំ​បិតត្រាំង ព្រៃនប់ ព្រះសីហនុ។
គ្រោះថ្នាក់​ដ៏​រន្ធត់​នេះ​បង្ក​ឡើង​ដោយ​រថយន្ត​កុងតឺន័រ​ក្រុមហ៊ុន SK បុក​ពេញ​ទំហឹង​ទៅ​លើ​រថយន្ត​Tundra របស់​ខេមរៈ សេរីមន្ត បណ្តាល​ឲ្យ​ក្រុម​ការងារ​របស់​ពួកគេ​ស្លាប់​៤​នាក់​ភ្លាម​ៗ ក្នុង​នោះ​មាន​កូនប្រុស​តារាកំប្លែង​ល្បីឈ្មោះ​នាយ កុយ ម្នាក់ និង​កូនប្រុស​តារាចម្រៀង​អាយ៉ៃ​យាយ ណាង ម្នាក់​ផង​ដែរ​។
នៅ​ក្នុង​សន្និសីទ​នៅឯ​សមាគម​សិល្បករ​ខ្មែរ​កាល​ពី​ថ្ងៃ​ទី​៥ មេសា សេរីមន្ត និង​ក្រុម​ជនរងគ្រោះ​បាន​អំពាវនាវ​ដល់​សម្តេចតេជោ​ហ៊ុន សែន ឲ្យ​លោក​ជួយ​ធ្វើ​អន្តរាគមន៍​ចំពោះ​ក្រុម​ហ៊ុន SK ដែល​ជា​អ្នក​បង្កហេតុ​និង​ដែល​គ្មាន​ការ​ទទួល​ខុសត្រូវ​ចំពោះ​ក្រុម​គ្រួសារ​ជនរងគ្រោះ​។ នៅ​ទី​បញ្ចប់​តារាចម្រៀង ខេមរៈ សេរីមន្ត បាន​បញ្ជាក់​ថា អង្គសវនាការ​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា។
ក្រោយ​បើក​សវនាការ​ជា​លើក​ដំបូង​ពេញ​មួយ​ព្រឹក​កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា ម្សិលមិញ​នេះ តារាចម្រៀង ខេមរៈ សេរីមន្ត មិន​អាច​ទាក់ទង​បាន​ទេ​តែ​តារាកំប្លែង​ជើងចាស់​នាយ កុយ បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​សវនាការ​នោះ​មាន​ការ​ចូលរួម​ពី​ជនរងគ្រោះ​ទាំងអស់​លើកលែង​តែ​ខេមរៈ សេរីមន្ត ប៉ុណ្ណោះ ហើយ​ក៏​មាន​ការ​ចូលរួម​ពី​មន្ត្រី​ប៉ូលិស មេធាវី​ក្រុមហ៊ុន SK មេធាវី​កាំមីនកូ និង​ភាគី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ផង​ដែរ។
នាយ កុយ​ថា​៖​«​អស់​រយៈពេល​ជិត​៥​ខែ​ហើយ ទើប​តែ​នៅ​ពេល​នេះ តុលាការ​ព្រះសីហនុ​លើក​យក​មក​ជំនុំជម្រះ ដំបូង​គេ​ទម្លាក់​កំហុស​ថា យើង​មាន​ភ្លើង​ឡាហ្ស៊ែរ តែ​ឥឡូវ​នេះ​អត់​ទេ»។
ក្រោយ​ពេល​ការ​សាកសួរ​របស់​តុលាការ​ជុំវិញ​រឿង​នេះ តារាកំប្លែង​ជើងចាស់​នាយ កុយ​បាន​សម្តែង​នូវ​ក្តី​សង្ឃឹម​ចំពោះ​ការ​ទាមទារ​រក​យុត្តិធម៌​ចំពោះ​កូន​ខ្លួន និង​ជនរងគ្រោះ​ដទៃ​ទៀត​ដោយ​លោក​បាន​បញ្ជាក់​ថា សម្រាប់​រឿង​នេះ លោក​សង្ឃឹម​ឈ្នះ​៩៩​ភាគរយ តែ​រឿង​ការ​សង​សំណង​យ៉ាង​ណា​នោះ​លោក​មិន​ហ៊ាន​អះអាង​នោះ​ទេ​។
នាយ កុយ បាន​និយាយ​ថា​៖​«​នៅ​ក្នុង​សវនាការ​នោះ តុលាការ​បាន​សួរ​នាំ​ពី​គ្រោះថ្នាក់​នេះ ហើយ​បាន​សួរ​អំពី​ការ​បាត់បង់​របស់​យើង​មាន​អ្វី​ខ្លះ​របស់​ទ្រព្យ អារម្មណ៍ ក៏​ដូចជា​ខាង​សតិ​ផ្លូវចិត្ត និង​ពេលវេលា​របស់​យើង។ តែ​ខ្ញុំ​មិន​សង្ឃឹម​ថា អ្វី​ៗ​បាន​តាម​ការ​ទាមទារ និង​បណ្តឹង​របស់​យើង​ទាំង​ស្រុង​១០០​ភាគរយ​ទេ បាន​តែ​៥០​ភាគរយ​ក៏​បាន​ដែរ ហើយ​យើង​ក៏​មិន​មើល​ឃើញ​តែ​លុយ​ដែរ ព្រោះ​កូន​យើង​បាន​ស្លាប់​ហើយ​តែ​អ្វី​ដែល​សំខាន់ គឺ​ការ​ចូល​ខ្លួន​មក​ទទួល​ខុស​ត្រូវ​របស់​ក្រុមហ៊ុន SK (សុខ កន) នោះ»។
ដោយ​ឡែក​ចៅក្រម​ក្នុង​សំណុំ​រឿង​នេះ​មិន​អាច​ទាក់ទង​បំភ្លឺ​បាន​ទេ​ពី​ម្សិលមិញ ដោយសារ​មាន​អ្នក​លើក​ទូរស័ព្ទ​ហើយ​ប្រាប់​ថា ច្រឡំ​លេខ​។
រីឯ​លោក ខេមរៈ ភារុណ អ្នក​នាំ​ពាក្យ​សេរីមន្ត បាន​និយាយ​ថា លោក​មិន​បាន​ដឹង​ពី​ការ​សម្រេច ឬ​ក៏​ដំណើរ​ជម្រះ​របស់​តុលាការ​យ៉ាង​ណា​ទេ ព្រោះ​លោក​និង​ខេមរៈ សេរីមន្ត នៅ​ភ្នំពេញ មិន​បាន​ចូលរួម​សវនាការ​ទេ ហើយ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ពី​មេធាវី​នោះ​ដែរ​។
តែ​យ៉ាង​ណា​ចំពោះ​លទ្ធផល​នៃ​អង្គសវនាការ​កាល​ពី​ម្សិលមិញ​នៅ​ខេត្ត​ព្រះសីហនុ​នាយ កុយ បញ្ជាក់​ថា​៖​«​សំណុំ​រឿង​នេះ នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៨ កក្កដា ខាង​មុខ​នេះ»៕
ប្រភព Postkhmer


សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រ​តី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
 
Top