ភ្នំពេញៈ ថ្មីៗនេះឆន សុវណ្ណរាជ ទើបទិញរថយន្តថ្មីម៉ាក TOYOTA TUNDRA ពណ៌ស្លាបកំភេម ស៊េរី ឆ្នាំ២០០៨ ថ្មីសន្លាង ធ្វើឱ្យតារារូបនេះ ឡើងកាលីបគួរឲ្យភ្ញាក់ផ្អើលមួយរំពេច។ ប៉ុន្តែការជះលុយទាំងដុំទិញរថយន្តទំនើបនេះត្រូវបានគេអះអាងថា តារារូបនេះទំនងទទួលការឧបត្ថម្ភពីបុរសស្រឡាញ់ភេទដូចគ្នាម្នាក់រស់នៅសហរដ្ឋអាមេរិក។ តែទស្សនិកជនមួយចំនួនបញ្ជាក់ថា តារារូបនេះទំនងជាមាននារីកូនអ្នកមានទ្រព្យណាម្នាក់ជាអ្នកទិញឲ្យ។ តែយ៉ាងណាមិញនៅពេលសួរដល់រឿងនេះ ឆន សុវណ្ណរាជ សើចរលាក់ ហើយនិយាយថា តម្លៃខ្លួនខ្ញុំចន្លោះពី១៥០០-២០០០ដុល្លារ អ៊ីចឹងគឺអត់ចាំបាច់ត្រូវការអ្នកណាចិញ្ចឹមទេ។
ភាពរីកចម្រើនក្រោមដំបូលរបស់ផលិតកម្មរស្មីហង្សមាសបានធ្វើឲ្យជីវភាពរបស់តារាចម្រៀង ឆន សុវណ្ណរាជ កាន់តែហ៊ឺហាហ៊ឹកហ៊ាក់កាន់តែខ្លាំងឡើង រហូតធ្វើឲ្យតារាចម្រៀងវ័យ២៨ឆ្នាំរូបនេះ អាចទិញរថយន្តទំនើបម៉ាក Lexus GX 470 ជិះទាំងវ័យក្មេងហើយថ្មីៗនេះ ឆន សុវណ្ណរាជ បានទិញរថយន្តម៉ាក TOYOTA TUNDRA មួយគ្រឿងបន្ថែមទៀតដើម្បីសម្រួលភាពងាយស្រួលក្នុងការធ្វើដំណើរផ្លូវឆ្ងាយ។ ក្រៅពីនោះ ឆន សុវណ្ណរាជ បានបង្វែរប្រាក់ជាច្រើនទៀតដើម្បីបើកជំនួញដោយសព្វថ្ងៃ ឆន សុវណ្ណរាជ ជាម្ចាស់ហាងកាត់ដេរមួយកន្លែង និងជាម្ចាស់ភោជនីយដ្ឋានឆន សុវណ្ណរាជទៀតផង។
មុននេះតារាចម្រៀងសម្បូររោមទ្រូងសម្បូរមន្តស្នេហ៍ លោក សុវណ្ណរាជនិយាយថា៖«ខ្ញុំស្រឡាញ់ឡានហ្នឹងយូរហើយ ឥឡូវទើបតែមានលទ្ធភាព ទិញបានតែខ្ញុំសូមមិនប្រាប់ថា តម្លៃប៉ុន្មានទេ គឺ TOYOTA TUNDRA ស៊េរីឆ្នាំ២០០៨។ ខ្ញុំសម្រេចចិត្តជ្រើសរើសជិះឡានស៊េរីនេះ ព្រោះងាយស្រួលធ្វើដំណើរទៅតាមខេត្តឆ្ងាយៗដាក់អីវ៉ាន់បានច្រើន ខ្ញុំស្រឡាញ់TUNDRA នេះតែខ្ញុំមិនបានលក់រថយន្តមុនទេ គឺទុកទាំងពីរTUNDRA នេះ ខ្ញុំជិះទៅតាមខេត្ត ចំណែក Lexus GX 470 នោះ ខ្ញុំជិះនៅក្នុងក្រុងជិតៗ»។
ជាមួយនឹងក្តីរីករាយសម្រេចតាមបំណងដូចការប៉ងទុកដែលចង់បានរថយន្តម៉ាក TUNDRA នេះជាច្រើនឆ្នាំមកនោះ ឆន សុវណ្ណរាជ ក៏ត្រូវបានមជ្ឈដ្ឋានមហាជនសង្ស័យថា ទំនងជាលោកអាចនឹងទទួលឥទ្ធិពលស្នេហាភេទដូចគ្នាឬក៏នារីមានទ្រព្យណាម្នាក់ ប៉ុន្តែនៅពេលសួរដល់រឿងនេះ ឆន សុវណ្ណរាជ ហាក់ញញឹមទាំងអស់សំណើច ហើយឲ្យដឹងថា អ្វីដែលលោកទទួលបាននៅពេលនេះ គឺជាសមិទ្ធផលដែលកើតចេញពីកម្លាំងញើសឈាមខំប្រឹងឈ្មុសឈ្មុលក្នុងសិល្បៈ។ តារាចម្រៀងក្នុងស្រទាប់យុវវ័យ ឆន សុវណ្ណរាជ បានបន្តថា រថយន្តនេះមិនមានខាងណាជួយអីទេ គឺវាកើតចេញពីការប្រឹងសន្សំប្រាក់ ដោយសមត្ថភាពផ្ទាល់ខ្លួនតែម្តង។
តារាចម្រៀងស្ថិតនៅក្នុងបេះដូងយុវវ័យរូបនេះនិយាយថា៖«និយាយទៅរឿងនេះ វាមិនពិតទេ ពេលនេះ ខ្ញុំអត់មានទំនាក់ទំនងជាមួយនឹងប្រុសណា ឬក៏ស្រីណាទេ តែធម្មតាយើងជាអ្នកសិល្បៈតែងមានអ្នកស្អប់ និងអ្នកស្រឡាញ់។ អ្វីដែលខ្ញុំមាននៅពេលនេះ គឺជាផលដែលខ្ញុំប្រឹងក្នុងសិល្បៈ។ ខ្ញុំរវល់ខ្លាំងនៅក្នុងសិល្បៈនៅឆ្នាំនេះ ហើយតម្លៃខ្លួនខ្ញុំក៏គួរសម គឺចន្លោះពី១៥០០ ទៅ២០០០ដុល្លារក្នុងមួយកម្មវិធី។ អ៊ីចឹង ខ្ញុំអាចមានលទ្ធភាពទិញរថយន្ត និងបើកហាងរកស៊ីដោយខ្លួនឯង មិនចាំបាច់អ្នកណាជួយ ឬក៏ឧបត្ថម្ភទេ»។
តារាប្រុសរូបនេះបញ្ជាក់ថា៖«នៅអាយុ(២៨ឆ្នាំ)បុណ្ណឹងខ្ញុំគិតថា ខ្ញុំនៅក្មេងនៅឡើយ ដូច្នេះខ្ញុំនៅប្រឹងរកប្រាក់សិន លុះអាយុ៣៥ឆ្នាំទើបដល់ពេលត្រូវគិតគូរពីរឿងគ្រួសារ»។
ឈានចូលដល់រដូវភ្ញៀងនេះ ឆន សុវណ្ណរាជ បានឲ្យដឹងថា ការងារដើរច្រៀងតាមបណ្តាខេត្តហាក់ដូចជារយាលជាងមុន ដូច្នេះហើយទើបលោកសម្រេចចិត្តថា នឹងឡើងយន្តហោះទៅច្រៀងនៅប្រទេសបារាំងរយៈពេលមួយខែ។ តារារូបនេះបាននិយាយថា៖«ខ្ញុំនឹងចេញទៅច្រៀងនៅប្រទេសបារាំងរយៈពេល១ខែក្នុងខែកញ្ញា តាមការធានារបស់សមាគមខ្មែរនៅបារាំង ជាមួយតារាស្រី២នាក់ទៀត ហើយក្នុងនោះក៏មានផនស្រីខួច ដែរ»។ លោកបញ្ជាក់ថា៖«នេះជាលើកទី១ សម្រាប់ខ្ញុំ ក្នុងការចេញទៅប្រទេសបារាំង ព្រោះកន្លងមក ខ្ញុំធ្លាប់ចេញទៅតែប្រទេសអូស្ត្រាលី និងអាមេរិក»។
ការចេញទៅច្រៀងនៅក្រៅប្រទេសនេះ ត្រូវបានតារាចម្រៀងរូបនេះបញ្ជាក់ឲ្យដឹងថា ការទទួលបានចំណូលមកវិញមិនច្រើនជាងការច្រៀងនៅស្រុកខ្មែរនោះទេ ប៉ុន្តែដោយសារតែរដូវនេះ ជារដូវភ្លៀងដូច្នេះចេញទៅរកប្រាក់នៅបារាំងជាជម្រើសមួយល្អ។ ឆន សុវណ្ណរាជ និយាយថា៖«បើនិយាយពីប្រាក់ចំណូលវិញ ការទៅច្រៀងនៅក្រៅប្រទេស វាមិនសូវជារកប្រាក់បានច្រើនដូចនៅស្រុកខ្មែរទេ តែរដូវភ្លៀងអ៊ីចឹង យើងប្រឹងទៅ កុំឲ្យទំនេរ។ ម្យ៉ាងបងប្អូននៅទីនោះស្រឡាញ់រាប់អានខ្ញុំ ចង់ជួបមុខ ដូច្នេះវាក៏ជារឿងមួយល្អដែរ»៕
តារាចម្រៀង ឆន សុវណ្ណរាជ។ រូបថត សេត គឹមសឿន
ប្រភព Postkhmer
សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
