កំពង់ឆ្នាំង ៖ កុមារី​សិស្សសាលា​ម្នាក់​បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ និង​ម្នាក់ទៀត​​​បាន​រង​របួស​ជា​ទម្ងន់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​ដែល​បាន​កើត​ឡើង កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី ល្ងាច​ថ្ងៃទី ១៨​ខែកក្កដា តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ចំណុច​ចន្លោះ​គីឡូម៉ែត្រ​១០០​និង​១០១ ទុល​មុខ​ផ្សារ​ពង្រ​ស្ថិត​ក្នុងភូមិ​ថ្មី ឃុំ​ពង្រ ស្រុក​បរិបូ​ណ៏ ក្នុង​ដែល​កុមារី​ទាំង​២​នាក់​ជិះ​កង់​ឆ្លង​ផុត​ថ្នល់ជាតិ ទៅ​ហើយ។
នគរបាល​មូលដ្ឋាន​បាន​និយាយ​អោយ​ដឹង​ថា កុមារី​រងគ្រោះ​ឈ្មោះ​ឈឹម ភី​ណា អាយុ ១៤​ឆ្នាំ បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ និង​ម្នាក់ទៀត​ឈ្មោះ រិ​ន ស្រី​ម៉ី អាយុ ១៤​ឆ្នាំ​ដូចគ្នា​រង​របួស​ធ្ងន់ ពួកគេ​ទាំង​២​នាក់​រស់នៅ​ភូមិ​ឧទម្ពរ ឃុំ​ពង្រ ស្រុក​រលាប្អៀរ។
មុន​ពេល​កើតហេតុ កុមារី​ទាំងពីរ​នាក់​បាន​ជិះកង់​ឌុប​គ្នា ចេញពី​សាលារៀន ហើយ​ពេល​មក​ដល់​មុខ​ផ្សារ​ពង្រ បាន​ជិះ​កង់​ឆ្លង​ថ្នល់ជាតិ​ពី​ជើង​ទៅ​ត្បូង ផុត​ទៅ​ហើយ ក៏​ស្រាប់តែ​ពេលនោះ​មាន​រថយន្ត​ម៉ាក​កាមរី​បា​ឡែ​នព​ណ៍​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2S.0950 មួយ​គ្រឿង​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​ដោយ​ជន​ពុំ​ស្គាល់​មុខ​ក្នុង​ដំណើរ​ពី​លិចទៅ​កើត លុះ​មកដល់​ចំណុច​កើតហេតុ​ក៏បាន​ជែង​វ៉ា​រថយន្ត​មួយ​គ្រឿង​ទៀត ទើប​ជ្រុល​ទៅ​បុក​កុមារី​ទាំងពីរ​នាក់​ប៉ើង និង​អូស​ជាង​៥០​ម៉ែត្រ រួច​ជ្រុល​ទៅ​បុក​តូប​លក់​ឥវ៉ាន់​មួយ និង​បាន​ជ្រុល​បុក​ចូល​ផ្ទះ​អ្នក​ប្រកបមុខរបរ​បោះពុម្ព​មួយទៀត។ ទើប​រថយន្ត​ជាន់​ហ្វ្រាំង​ជាប់ ហើយ​បាន​បើក​គេច​ទៅមុខ​ជាង​៧​គីឡូម៉ែត្រ ក៏បាន​បត់​រថយន្ត បើក​ឡើង​ដល់​ចង្កេះភ្នំ ធម្ម​វ័ន ស្ថិត​ក្នុងភូមិ​ត្រពាំង​អញ្ចាញ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ទើប​អ្នកបើកបរ​ឈប់​ទុក​រថយន្ត​ចោល​នៅ​ទីនោះ ហើយ​ចុះ​រត់​គេច​ខ្លួន​បាត់​តែម្តង។
កុមារី​រង​របួស​ធ្ងន់​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​ជាបន្ទាន់ ចំណែក​សព​ជនរងគ្រោះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ជួយ​យក​គ្រប​កន្ទេល​ពីលើ នៅ​កៀន​ចិញ្ចើម​ថ្នល់​រង់ចាំ​ក្រុម​គ្រួសារ​មក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី។ ក្នុងពេលនោះ​ដែរ​ក៏​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង ធ្វើអោយ​អ្នក​ឈរ​មើល​ហេតុ​ការ​ណ៍​នេះ​បាន​រត់​រក​កន្លែង​ជ្រក​គ្រប់គ្នា។ ចំណែក​សព​ជនរងគ្រោះ​បាន​ទុកចោល​នៅ​ហាលភ្លៀង គួរ​អាណិតអាសូរ។ ក្រោយមក​ក្រុម​គ្រួសារ​បាន​មក​ដល់​និង​បាន​ដឹក​សព​កុមារ​រងគ្រោះ​តាម​ម៉ូតូ​ទាំង​ភ្លៀង​ដូច​ចាក់ទឹក យ៉ាង​សង្វេគ​និង​រន្ធត់​ក្រៃលែង។
រថយន្ត​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​នាំមក​រក្សាទុក នៅ​ការិយាល័យ​ចរាចរ​ណ៍ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ទាំង​មេឃ​កំពុង​ធ្លាក់​ភ្លៀង ដើម្បី​ចាត់ការ​ដោះស្រាយ​តាម​នីតិវិធី នៅក្នុង​រថយន្ត​នោះ គេ​ពិនិត្យ​ឃើញ​មាន​ដឹក​ស្រា​ទំពាំងបាយជូរ​មានតម្លៃ​ប្រមាណ​ជាង​១០​កេះ និង​ស្បែកជើង​មានតម្លៃ​ច្រក​កា​រ៉ុង​មួយ​ចំនួន​ទៀត៕
ឈៀង ថា​រិ​ទ្ធ
ប្រភព កម្ពុជាថ្មី


សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រ​តី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
 
Top