ខេត្តស្វាយរៀង ៖ ប៉ូលិសប្រុសស្រី ២នាក់ បានរងការចោទប្រកាន់ពីបទជួញដូរមនុស្ស ដោយនាំក្មេងស្រីអាយុ ១៣ឆ្នាំ ម្នាក់មកឡើងផ្ទះសំណាក់យីហោ៩៩៩ ត្រូវឪពុកម្តាយក្មេងស្រីប្តឹងឱ្យចាប់ខ្លួន បានតែ ២ថ្ងៃ សមត្ថកិច្ចដោះលែងទៅវិញ ធ្វើឱ្យក្រុមគ្រួសារក្មេងស្រីរងគ្រោះខកចិត្តយ៉ាងខ្លាំង ។
តាមសមត្ថកិច្ចម្នាក់បានទម្លាយឱ្យដឹងថា កាលពីថ្ងៃទី១៨ កក្កដា ២០១៣ វេលាម៉ោង ៤ និង ៣០នាទី រសៀល ឳពុកកុមារីរងគ្រោះឈ្មោះ ខាន់ សុខន់ អាយុ ៤៩ឆ្នាំ ជាជនពិការភ្នែក រស់នៅភូមិគោកល្វៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត បានបាត់កូនស្រីឈ្មោះ ខាន់ ចរិយា អាយុ ១៣ឆ្នាំ ពីផ្ទះ ក្រោយមកក៏តាមរកឃើញ នៅផ្ទះសំណាក់៩៩៩ បន្ទប់លេខ១០៧ ស្ថិតក្នុងភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ក៏ប្តឹងសមត្ថកិច្ច ហើយរដ្ឋបាលសង្កាត់សង្ឃ័រ និងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង បានព័ទ្ធចាប់បាននៅក្នុងផ្ទះ សំណាក់នៅវេលាម៉ោង ១០យប់ រហូតដល់ម៉ោង ១ រំលងអាធ្រាត្រ ទើបជនសង្ស័យព្រមបើកទ្វារ ឱ្យសមត្ថកិច្ចចូលចាប់ខ្លួន ។
ប៉ុន្តែ ក្រោយចាប់ខ្លួន ២យប់ ២ថ្ងៃ ស្រាប់តែនៅកាលពីវេលាម៉ោង ២រសៀល ថ្ងៃទី២០ កក្កដា ២០១៣ នេះ សមត្ថកិច្ចក៏បានដោះលែងជនសង្ស័យទៅវិញ ធ្វើឱ្យក្រុមគ្រួសារកុមារីរងគ្រោះមានការខកចិត្តយ៉ាងខ្លាំង ក៏បានប្តឹងទៅតុលាការសាលាដំបូងខេត្តស្វាយរៀង និងសុំឱ្យសារព័ត៌មានជួយចុះផ្សាយ ដើម្បីជួយរកយុត្តិធម៌ឱ្យ។
គួរបញ្ជាក់ថា មន្រ្តីនគរបាលដែលរងការចោទប្រកាន់ ១. ឈ្មោះ ជួន សុវណ្ណមុន្នី ភេទស្រី អាយុ ២៣ឆ្នាំ មុខរបរជាមន្រ្តីប៉ូលិសរដ្ឋបាលសង្កាត់ច្រកម្ទេស ក្រុងបាវិត ២. ឈ្មោះ សារុំ វិចិត្រ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរជាមន្រ្តីប៉ូលិសរដ្ឋបាលឃុំព្រៃគគីរ ស្រុកចន្រ្ទា ។
ទាក់ទិននឹងករណីខាងលើនេះ លោកឧត្តមសេនីយ៍ត្រី កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង បានប្រាប់តាមទូរស័ព្ទឱ្យដឹងថា លោកពុំមានសិទ្ធិចាប់ខ្លួនជនសង្ស័យទាំង ២នាក់ នោះទេ លោកបានឱ្យទៅជំនាញចាត់ការហើយ សូមសួរទៅមន្រ្តីជំនាញចុះ ខណៈដែលមន្រ្តីជំនាញមិនអាចទំនាក់ទំនងបានឡើយ ៕
ប្រភពដើម កោះសន្តិភាព
សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !



