ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ដែលហៅកាត់ថា គ.ជ.ប បានអះអាង នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣នេះថា បើទោះបីជាមានការប្រោស ព្រះរាជទានលើកលែងទោស ពីព្រះមហាក្សត្រខ្មែរ សម្ដេចព្រះបរម នាថនរោត្ដមសីហមុនីក៏ដោយ ក៏លោក សម រង្ស៊ី នៅតែមិនអាចឈរឈ្មោះ ជាបេក្ខជនតំណាងរាស្រ្តបានដដែល ព្រោះឈ្មោះរបស់មេដឹកនាំ គណបក្សប្រឆាំងរូបនេះ ត្រូវបានលុបចេញពីបញ្ជី បោះឆ្នោតរួចទៅហើយ។
លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត បានបញ្ជាក់ថា លោក សម រង្ស៊ី មេដឹកនាំគណបក្ស ប្រឆាំងសង្គ្រោះជាតិ គឺមិនអាចឈរឈ្មោះជា បេក្ខជនតំណាងរាស្រ្តបាននោះទេ ពីព្រោះលោក ត្រូវបាន គ.ជ.ប លុបឈ្មោះចេញពីបញ្ជី បោះឆ្នោតរួចរាល់ហើយ ដោយគ.ជ.ប មិនអាចដាក់បញ្ចូលឈ្មោះរបស់លោក សម រង្ស៊ី ចូលក្នុងបញ្ជីបោះឆ្នោតវិញបានឡើយ ហើយការចុះបញ្ជីគណបក្សនយោបាយ ដែលមានបេក្ខជនឈរឈ្មោះនោះ ក៏បានធ្វើរួចរាល់ហើយដែរ។
លោកបន្តថា “គាត់អាចអញ្ជើញមក ហើយគាត់ដូចជាប្រជាពលរដ្ឋទូទៅដែរ ហើយគាត់ជាប្រធានគណបក្ស គាត់អាចធ្វើសកម្មភាព ឃោសនារកសំឡេងឆ្នោត ប៉ុន្តែគាត់គ្រាន់តែគ្មានសិទ្ធិ ចូលរួមបោះឆ្នោត និងឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្ត”។
លោក ទេព នីថា បញ្ជាក់ថា គ.ជ.ប គឺអនុវត្តន៍ទៅតាមច្បាប់កំណត់ តែប៉ុណ្ណោះប៉ុន្តែបើមានការកែប្រែច្បាប់ យ៉ាងណានោះ គ.ជ.ប នឹងធ្វើតាមច្បាប់។
សូមជម្រាបថា លោក សម រង្ស៊ី មេដឹកនាំ គណបក្ស ប្រឆាំងដ៏ធំ នៃប្រទេសកម្ពុជា ដែលកំពុងនិរទេសខ្លួន ពីការតាមចាប់របស់តុលាការកំពូល ទាក់ទិននឹងដកតម្រុយ បង្គោលព្រំដែន និងក្លែងលិខិតសាធារណៈ កាលពីខែតុលាឆ្នាំ២០០៩ ត្រូវបានព្រះមហាក្សត្រខ្មែរ សម្ដេចព្រះបរម នាថនរោត្ដមសីហមុនី ប្រោសព្រះរាជទាន លើកលែងទោស កាលពីថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០១៣ បន្ទាប់ពីមានសំណើ អន្ដរាគមន៍ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា៕
ប្រភពៈ ដើមអម្ពិល



សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រ​តី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
 
Top