ល្ខោននិយាយរឿង "សំណល់លោហិត" ដែលជាខ្សែរឿង រៀបរាប់អំពីអនុស្សាវរីយ៍ កាលពីប្រទេសជាតិ ទើបនឹងងើបរំដោះរួចពី របបប្រល័យពូជសាសន៍ បីឆ្នាំប្រាំបីខែ និងម្ភៃថ្ងៃ និងជាពិសេសបានរំលេច ពីថ្ងៃ៧ មករា ១៩៧៩ ដ៏សប្បាយរីករាយ ដែលប្រជាជនកម្ពុជាទាំង មូលមានអំណរសាទរ រកអ្វីមកប្រដូចមិនបាននោះ បានរៀបរៀងថតចប់ជាស្ថាពរហើយ ដោយក្រុមសិល្បៈវិទ្យុ ដើមអម្ពិល ដែលដឹកនាំ និងចូលរួមការសម្តែងដោយអ្នកនិពន្ធ នួន បូរ៉ាវុធ ផ្ទាល់តែម្តង ។ រឿងនេះត្រូវបានអ្នកនិពន្ធនួន បូរ៉ាវុធ បញ្ជាក់ថា ៖ លោកបានសរសេរតាក់តែងវាឡើង ជាប្រលោមលោក តាំងពីឆ្នាំ១៩៨៩ មកម្ល៉េះ ។ ពោលគឺតាំងពីលោក កំពុងតែរៀនថ្នាក់ទី៩ នៅ សាលាសន្ធរម៉ុកមក ហើយពេលនោះ ប្រទេសយើងកំពុងប្រារព្វខួប អនុស្សាវរីយ៍លើកទី ១០ នៃថ្ងៃជ័យជំនះ ៧ មករា នេះឯង លោកក៏មានគំនិត សរសេររឿងនេះឡើង ។ ស្មានមិនដល់សោះ ពេលសរសេររឿងនេះចប់ បែរជាមិនដឹងជាយកវា ទៅផ្សាយដោយរបៀបណា ? ហើយក៏ខកខានរហូតមកដល់សព្វថ្ងៃ ទោះបីជាកំឡុងឆ្នាំ២០០០ ដែលលោកមានឱកាសសម្តែង ល្ខោននិយាយ នៅវិទ្យុអប្សរាក្តី ក៏មិនបានរៀបចំខ្សែរឿងនេះ ជាសេណារីយោល្ខោននិយាយដែរ ។ ឥឡូវនេះ អ្វីៗបានដូចបំណងប្រាថ្នាហើយ ។ លោកបានជំនះវាគ្រប់ការលំបាក ដើម្បីបណ្តុះបណ្តាលយុវជនជំនាន់នេះ ឲ្យចេះសម្តែងល្ខោននិយាយ និងរក្សាកេរ្ត៍ដំណែលសិល្បៈ មួយនេះឲ្យមានជីវិតឡើងវិញ ព្រោះឥឡូវនេះ វិទ្យុកើតឡើងច្រើនណាស់ បែរជាមិនមានវិទ្យុ ណាអាចផលិតល្ខោននិយាយបានទៅវិញ ?អ្នកនិពន្ធនួន បូរ៉ាវុធ បានបញ្ជាក់ថែមទៀតថា ៖ រឿងនេះក្រៅអំពីរៀបរាប់ពីខ្សែ ជីវិតដ៏កំសត់របស់យុវជនកំព្រាម្នាក់ ដែលឳពុកម្តាយស្លាប់ អស់ក្នុងជំនាន់ប៉ុល ពត ក៏មានបញ្ចូលបទចំរៀងពិរោះៗ មួយចំនួនដែលពេញនិយម នៅសម័យនោះផងដែរ មាន ដូចជាបទ បណ្តាំទួលស្លែងរបស់អ្នកចំរៀង អ៊ិន សុផារ៉ា បទ ចរៀងជូនពរពីសមរភូមិ របស់លោក ប៊ុន ចាន់ថន និងជាពិសេសបទ វាសនាបាត់ដំបង របស់លោកគឹម ឈន ដែលបទនេះអ្នកនិពន្ធ លោកនៅរស់នៅឡើយ ប៉ុន្តែមានអ្នកជំនាន់នេះបានយកទៅបក ស្រាយដោយដាក់ថា ជាស្នាដៃនិពន្ធរបស់ខ្លួនទៅវិញ? ( ខ្ញុំមិនយល់ ! ហេតុអីអ្នកនិពន្ធសម័យនេះ ចេះលួចចម្លងរបស់គេហើយ ដាក់ថានិពន្ធដោយខ្លួនឯង មិនខ្មាស់គេសូម្បី តែបន្តិចទៅវិញ?) ។ អ្នកនិពន្ធបូរ៉ាវុធ បានបន្ថែមរបៀបកំប្លែងផងថា ៖ បទចំរៀងកាលសម័យនោះ មានបទពិរោះៗគួរសម ដែលសុទ្ធសឹងជាបទគេ និពន្ធខ្លួនឯងពិតៗ មិនលួចចម្លងពីគេដូចសម័យនេះទេ ពោលគឺអាចថាជាបទធម្មជាតិ សុទ្ធៗពុំមានជាតិគីមីសូម្បីតែបន្តិចបន្តួចឡើយ ។ សូមបញ្ជាក់ផងដែរថា ល្ខោននិយាយរឿង សំណល់លោហិត នេះ វិទ្យុដើមអម្ពិល បានធ្វើការចាក់ផ្សាយជូន មិត្តអ្នកស្តាប់កាលពីថ្ងៃសៅរ៍ និងអាទិត្យទី១៨ និង១៩ ឧសភា ២០១៣ ថ្មីៗនេះ ជាទិវារំលឹក ចំថ្ងៃចងកំហឹងរបស់ប្រជាជនកម្ពុជា ចំពោះរបបប្រល័យពូជសាសន៍ និងបន្តទៅភាគ ទៀតនៅសប្តាហ៍ក្រោយវេលាម៉ោង ១៦រសៀល ។ សូមកុំភ្លេចរង់ចាំស្តាប់កំសាន្តដោយមេត្រី ៕



សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !