ការប្រកួតប្រដាល់ ដែលមានរយៈពេល២ថ្ងៃជាប់គ្នា ក្រោមការរៀបចំឡើង ដោយគណៈកម្មាធិការជាតិអូឡាំពិក និងសហព័ន្ធកីឡាប្រដាល់កម្ពុជា នាថ្ងៃទី ២៣ ឧសភា កន្លងទៅនេះ បានធ្វើឲ្យកក្រើកយ៉ាងខ្លាំង ដល់អ្នកស្រុក ស្ទឹងត្រង់ កំពុងចាម ខណៈដែលអ្នកស្រុកនៅទីនោះ រង់ចាំទស្សនាការប្រកួតនេះយ៉ាងអន្ទះសារ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា ខ្លឹមសារនៃការរៀបចំ ការប្រកួតកីឡាប្រដាល់ ក្បាច់បុរាណខ្មែរ ចំនួនពីរថ្ងៃនេះ មានពីរសំខាន់គឺទី១ ដើម្បីអបអរសាទរពិធីសម្ពោធ វិទ្យាល័យ ហ៊ុន សែន ស្ទឹងត្រង់ ដែលជាសមិទ្ធផលរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។ ទី ២ ជា ទម្លាប់ និងជាប្រពៃណីរបស់ប្រជាពលរដ្ឋយើងក្នុងការសម្ពោធសមិទ្ធផលផ្សេងៗ តែងតែមានល្បែងកម្សាន្ត ដូច ជាល្ខោន តន្ត្រី និងការប្រកួតកីឡាជាដើម។ ប៉ុន្តែដោយសារប្រជាពលរដ្ឋនៅទីនោះ ចង់ឃើញការប្រកួត កីឡាប្រដាល់ ដោយផ្ទាល់នោះ ទើប NOCC បានរៀបចំតាមសំណូមពរ របស់ប្រជាពលរដ្ឋ នៅមូលដ្ឋាននោះតែម្តង។
លោកតែម ម៉ឺន ប្រធានសហព័ន្ធកីឡា ប្រដាល់កម្ពុជា បានឲ្យដឹងថា នៅថ្ងៃដំបូងនៃការប្រកួតនេះមាន កីឡាករ ប្រដាល់ប្រកួតចំនួន ៦ គូ ធ្វើការប្រកួតប្រជែក ដែលក្នុងនោះមាន ៣ គូសន្លប់ និង ៣ គូទៀត ប្រកួតគ្រប់ ៥ ទឹកពេញ យ៉ាងជក់ចិត្ត។
លទ្ធផលគូទី ១ កីឡាករ ម៉ៃ ស៊ីធែរា មកពីក្លឹបប្រដាល់យុវជនកម្ពុជាមានជ័យ ប្រកួតចាញ់កីឡាករ សុខ ជា មកពី ក្លឹបម្គុដរាជសីហ៍ ដោយសន្លប់នៅក្នុងទឹកទី២។ គូទី ២ កីឡាករ ខឹក សុខឿរ មកពីក្លឹបកងពលតូចឆ័ត្រ យោង ៩១១ ប្រកួតឈ្នះ កីឡាករ ឈាន ហំ មកពីក្លឹបមជ្ឈមណ្ឌលកីឡា ខេមរៈភូមិន្ទ ដោយសន្លប់នៅទឹកទី ៣។ គូទី៣ កីឡាករ នឿន សាវឌី មកពីក្លឹបអេភូថងកីឡា ប្រកួតឈ្នះកីឡាករ ផល សុភាព មកពីក្លឹបឃ្លាំងមឿង កីឡាដោយ សន្លប់នៅក្នុងទឹកទី ៣ ។
ចំណែកគូទី ៤ កីឡាករ សេង ហៀង មកពីក្លឹបយុវជនម្ពុជាមានជ័យ ប្រកួតស្មើរជាមួយនឹងកីឡាករសួង បញ្ញា មកពីក្លឹប មជ្ឈមណ្ឌលកីឡាខេមរៈភូមិន្ទ។ គូទី៥កីឡាករ ឃឹម ពេជ្រចិន្តា មកពីក្លឹបបូរីនាគរាជ ប្រកួតឈ្នះ កីឡាករ ភុន សោភ័ណ្ឌ អ្នកប្រដាល់មកពីក្លឹបយុវជនកីឡា ខេត្តកណ្ដាល ដោយពិន្ទុ និងគូទី៦កីឡាករ ឈាន ហុង មកពីក្លឹបអាជ្ញាធរជាតិអាវុធគីមី ប្រកួតឈ្នះ កីឡាករ រឿង សោភ័ណ្ឌមកពីក្លឹបម្គុដរាជសីហ៍ ដោយពិន្ទុ៕



សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
