ភ្នំពេញៈតារាចម្រៀងស្រី ដែលចូលប្រឡូក ក្នុងវិស័យសិល្បៈ តាំងពីកុមារភាព កញ្ញា សុភ័ក្ត្រ កុសុម៉ា ដែលធ្លាប់មានឈ្មោះបោះសំឡេង គូជាមួយ អ្នកនាង ងួន ស្រីសរ បានបង្ហើបប្រាប់ឲ្យដឹងថា ស្នេហាមិនសំខាន់ជាង ការរកលុយនោះទេ ដូច្នេះពេលនេះនាងកំពុង តែស្រវាចាប់យក ឱកាសរកលុយ ដើម្បីជួយជ្រោងគ្រួសារ។
តារាចម្រៀងរាងតូចច្រឡឹងសម្បុរខ្មៅស្រអែមកញ្ញា សុភ័ក្ត្រ កុសុម៉ា ហៅក្រៅថា ស្រីម៉ៅ បានបង្ហើបប្រាប់ដោយបើកចំហរ នៅក្នុងកម្មវិធី“តារាក្នុងដួងចិត្តខ្ញុំ” របស់វិទ្យុដើមអម្ពិលនៅថ្ងៃទី១២ ខែ កក្កដា ឆ្នាំ២០១៣នេះថា នៅពេលដែលនាងត្រឡប់មក ចាប់អាជីពច្បាប់ហើយ ឃើញបងប្អូនទស្សនិកជន នៅតែចាំឈ្មោះនាង និងនៅតែគាំទ្រស្រលាញ់។ នាងមានអារម្មណ៍ថា រំភើបក្តុកក្តួលខ្លាំងណាស់ ។
ស្ថិតនៅក្នុងសំលៀកបំពាក់បែប ស្តាយយុវវ័យបូករួមជាមួយស្នាមញញឹម សំឡេងផ្អែមរូបនេះ បានប្រាប់ឲ្យដឹងថា “តាមពិតទៅខ្ញុំមិននឹកស្មានថា នៅពេលខ្ញុំត្រឡប់ មកចាប់អារម្មណ៍ សិល្បៈជាថ្មីនេះ អាចទទួលបានការគាំទ្របែបនេះទេ ហើយជាពិសេសនៅពេល ដែលមានប្រិយមិត្តទូរស័ព្ទជជែកកម្សាន្ត ជាមួយខ្ញុំគឺពិតជារំភើបចិត្ត ខ្លាំងមែនទែន”។
ជាមួយគ្នានោះដែល នៅពេល ដែលមានប្រិយមិត្តសួរនាង ពីគម្រោងរៀបការមានគូស្រករ ដូចដៃគូចាស់នោះត្រូវបាន កញ្ញា កុសុម៉ា ក៏បានបញ្ចេញភាពអៀន រហូតមុខឡើងក្រហមព្រឿងៗថា «ស្រីស (អតីតមិត្តចាស់ ងួន ស្រីស) គេរៀបការមានស្វាមីហើយ ពេលនេះក៏កំពុងតែពពោះកូនតែ សម្រាប់ខ្ញុំមិនទាន់ចង់ គិតពីរឿងស្នេហាទេ ហើយខ្ញុំ ក៏មិនដែលគិតថារឿងស្នេហា សំខាន់ដែរ អ្វីសំខាន់សម្រាប់ខ្ញុំគឺការងាររកប្រាក់ ការឈោងចាប់យកភាពល្បីល្បាញ»។ នាងបន្តថា «ខ្ញុំទើបតែចាប់ផ្តើមចូល ប្រឡូកជាលើកទី២ មិនទាន់បាន ប៉ុន្មានផងខ្ញុំក៏មានឱកាសបានចេញ ទៅសម្តែងនៅអូស្ត្រាលីជាលើកទី១ ជាមួយកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ នៅថ្ងៃទី១៦ ខាងមុខនេះទៀតផង»។
តារាចម្រៀងស្រីទើបតែ រកបានទ្រនំថ្មីនៅផលិតកម្ម Reload music កញ្ញាកុសុម៉ាក៏បានបង្ហើបប្រាប់ឲ្យដឹងបន្ថែមទៀតថា តាមពិតទៅនាងមិនបដិសេធទេ ថាគ្មានអ្នកស្រលាញ់នោះ តាមពិតទៅមានបុរស ច្រើនគួរសមដែលស្រលាញ់ នាងសុំស្នេហ៍ គ្រាន់តែថានាងមិនទាន់ចង់ គិតគូពីរឿងនេះហើយក៏មិនទាន់ ចង់បើកភ្លើងខៀវឲ្យបុរសណាម្នាក់ដែរ «ធម្មតាយើងជាអ្នកសិល្បៈ តែងតែមានគេស្រលាញ់ចូលចិត្តច្រើន គឺជារឿងធម្មតាមិនមាន អ្វីប្លែកទាល់តែសោះ»៕
ប្រភពៈ LookingToday
សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !





