កំពង់ចាម៖ កូនតុងទីនចំនួន ២០នាក់ កាលពីរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៣ បាននាំគ្នាមកការិយាល័យ នគរបាលព្រហ្មទណ្ឌ កម្រិតស្រាល នៃស្នងការដ្ឋាន នគរបាល ខេត្តកំពង់ចាម ដើម្បីប្តឹងទាមទារសំណង នូវប្រាក់ ជាង៧០ម៉ឺនដុល្លារ ពីមេតុងទីន ជាអធិការរង នគរបាល ស្រុកបាធាយម្នាក់ និងស្ត្រី ជាប្រពន្ធផងដែរ ។ កូនតុងទីនទាំង ២០នាក់ មានទីលំនៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។
លោក ឯល ម៉ុងតុល ជាតំណាងឲ្យ កូនតុងទីនទាំង២០នាក់ បានប្រាប់អ្នកកាសែតឲ្យដឹងថា កូនតុងទីនចំនួន៤០នាក់ បានកើតទុក មិនសុខចិត្ត សុំប្តឹងឈ្មោះ ហុង ផល្លា ហៅ ខេង លាង ជាអធិការរងនគរបាល ស្រុកបាធាយ និងប្រពន្ធឈ្មោះ ហ៊ីន ដែលបានប្រមូលលុយ ពីកូនតុងទីន យកទៅចំនួន ៧៨៨ ៥៥៩ដុល្លារ រួចគេចវេស មិនព្រមជួប ចរចារកដំណោះស្រាយ ជាមួយកូនតុងទីន ទាំងអស់ទេ ដូច្នេះ ទើបពួកគាត់បានដាក់ពាក្យបណ្តឹង ពីរនាក់ប្តីប្រពន្ធ ជាមេតុងទីន ពីបទ ឆបោក ។
ប្រភពពីកូនតុងទីន បានឲ្យដឹងបន្ថែមទៀតថា ពួកគាត់បានលេង តុងទីន ជាមួយមេ ខាងលើនោះ តាំងពីឆ្នាំ២០១០ មកម្លេះ ហើយការគេចវេស របស់មេតុងទីន នាពេលនេះ បើគ្មានការដោះស្រាយទេ ពួកគាត់និង ខាតបង់ប្រាក់ ជាច្រើន ដែលក្នុងនោះ អ្នកខ្លះ អស់ពី៣ ឬ៤ម៉ឺនដុល្លារ និងអ្នកខ្លះទៀត ខាតបង់រហូតដល់ជិត១០ម៉ឺនដុល្លារ ក៏មានដែរ។ ប្រភពដដែល បានឲ្យដឹងទៀតថា រឿងហេតុដែលនាំឲ្យដឹង ការឆបោកនេះ គឺផ្តើមចេញ កាលពីថ្ងៃទី៦ ខែកក្កដា មេតុងទីន ជាប្រពន្ធ លោកអធិការរងនោះ បានហៅកូនៗ តុងទីនទាំងអស់ ប្រជុំប្រាប់ថា គាត់គ្មានលទ្ធភាព ប្រមូលលុយតុងទីន ឲ្យកូនៗទេ ។
ហើយក្នុងខណៈនោះ ដោយមានការជជែកគ្នា ខ្លះដើម្បីរកដំណោះស្រាយ ទើបមេ តុងទីន បានណាត់គ្នាជួបជុំម្តងទៀត នៅថ្ងៃទី១៣ ខែដដែល ។ លុះដល់ថ្ងៃណាត់ជួប ស្រាប់តែ មេតុងទីន រត់គេចខ្លួនបាត់តែម្តង ទើបធ្វើឲ្យមានការភ្ញាក់ផ្អើល និងរហូតឈានដល់មានការនាំគ្នាមកដាក់ពាក្យប្តឹង សុំអន្តរាគមន៍ពីខាងសមត្ថកិច្ចនគរបាលនេះ។
ជាមួយគ្នានេះដែរ លោក សុក សំបូរ ប្រធានការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានប្រាប់ដើមអម្ពិលឲ្យដឹងថា ជាជំហានដំបូងនេះ សមត្ថកិច្ចលោក បានទទួលព័ត៌មានពីប្រជាពលរដ្ឋហើយ ។ចំណែកចំណាត់បន្ទាប់ សមត្ថកិច្ចលោក និងធ្វើការស៊ើបអង្កេត និងរកដំណោះស្រាយ ប៉ុន្តែ បើរឿងនេះគ្មានការដោះស្រាយទេនោះ លោកនិងកសាងសំណុំរឿងទៅតាមនិតិវិធី បញ្ជូនទៅស្ថាប័នអយ្យការ សាលាដំបូងខេត្តកំពង់ចាម ចាត់ការបន្ត៕
ប្រភព ដើមអម្ពិល


សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រ​តី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
 
Top